សង្គម​ស៊ីវិល​ថ្កោលទោស​រដ្ឋាភិបាល​បដិសេធ​អនុសាសន៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស

ដោយ ទេព សុរ៉ាវី
2014.06.26
កម្មករ​តវ៉ា អង្គស្នួល ៦១០ ក្រុម​សមត្ថកិច្ច​ឈរ​យាម​ការពារ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​កម្មករ​រោងចក្រ​ឃ្យូ.អិម.អាយ (QMI) បិទ​ផ្លូវ​ជាតិ​លេខ​៤ មុខ​រោងចក្រ​នា​ភូមិ​ត្រយឹង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Yeang Socheametta

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និង​សម្ព័ន្ធ​ពិភពលោក ដើម្បី​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ (CIVICUS) បាន​ថ្កោលទោស​រាជ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​បដិសេធ​ទទួល​យក​អនុសាសន៍ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស ដែល​រដ្ឋ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ បាន​ផ្តល់​ទៅ​រដ្ឋាភិបាល​ក្នុង​អំឡុង​ពេល​ត្រួត​ពិនិត្យ​ជា​សកល តាម​ពេល​វេលា​កំណត់ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា យូ.ភី.អ (UPR) លើក​ទី​២​របស់​កម្ពុជា។

លិខិត​ថ្កោលទោស​នេះ ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មិថុនា បញ្ជាក់​ថា យូ.ភី.អ គឺ​ជា​ដំណើរ​ការ​ដែល​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ទាំងអស់ ទទួល​ការ​ពិនិត្យ​លើ​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នីមួយៗ ហើយ​កម្ពុជា បាន​បញ្ចប់​ការ​ត្រួត​ពិនិត្យ​លើក​ទី​២​របស់​ខ្លួន​រួច​រាល់​ហើយ កាល​ពី​ដើម​ឆ្នាំ។ សម្រាប់​ឆ្នាំ​នេះ មាន​អនុសាសន៍​សរុប​២០៦ ត្រូវ​បាន​ផ្តល់​ទៅ​កាន់​គណៈប្រតិភូ​កម្ពុជា។ ប៉ុន្តែ ក្នុង​នោះ​មាន​អនុសាសន៍​១៦៤ ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល។ ដោយ​ឡែក​អនុសាសន៍​៣៨​ទៀត រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច កត់​សម្គាល់ ឬ​មាន​ន័យ​ថា មិន​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​អនុវត្ត​នូវ​អនុសាសន៍​ទាំង​នោះ​ទេ ពិសេស​បាន​បដិសេធ​ទៅ​លើ​អនុសាសន៍​ចំនួន​៤។

អនុសាសន៍​ដែល​រដ្ឋាភិបាល កត់​សម្គាល់ និង​បដិសេធ នោះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ច្បាប់ ស្ដីពី​របប​សារព័ត៌មាន និង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​បទ​បរិហារ​កេរ្តិ៍ ដែល​ធានា​នូវ​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ច្បាប់​ស្ដីពី​អ៊ីនធឺណិត ដែល​អនុលោម​តាម​បទដ្ឋាន​ច្បាប់​អន្តរជាតិ។ អនុសាសន៍​ដែល​ពាក់ព័ន្ធ​នឹង​ការ​គោរព​សេរីភាព​ខាង​ការ​ជួប​ប្រជុំ និង​ការ​ស៊ើប​អង្កេត​លើ​ការ​ប្រើប្រាស់​កម្លាំង​ពុំ​សមាមាត្រ​ទៅ​លើ​ក្រុម​បាតុករ និង​អនុសាសន៍​ធានា​ឲ្យ​មាន​បរិយាកាស​សមស្រប​សម្រាប់​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នក​សារព័ត៌មាន និង​តួអង្គ​សង្គម​ស៊ីវិល​ដទៃ​ទៀត ក៏​រដ្ឋាភិបាល​មិន​ទទួល​យក​ដែរ។

អនុសាសន៍​ផ្សេង​ទៀត​ដែល​រដ្ឋាភិបាល​មិន​ទទួល​យក គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន មុន​ពេល​សវនាការ​បង្កើត​យន្តការ​ថ្នាក់​ជាតិ​ការពារ​ទណ្ឌកម្ម ការ​ផ្តល់​សច្ចាប័ន​ទៅ​លើ​ពិធីសារ​តាម​ជម្រើស​នៃ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ជាដើម។

រីឯ​អនុសាសន៍​ដែល​រាជ​រដ្ឋាភិបាល​ព្រម​ទទួល​យក​នោះ គឺ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ការ​លុប​បំបាត់​ការ​រើសអើង​ដោយ​ផ្នែក​លើ​យេនឌ័រ ជាតិ​សាសន៍ និង​សញ្ជាតិ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ឃុំ​ខ្លួន ការ​លុប​បំបាត់​ពលកម្ម​កុមារ ពង្រឹង​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ថ្នាក់​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។