មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ព្រួយបារម្ភ​ពី​ស្ថានភាព​កុមារ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​កម្ពុជា

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ចេញ​ផ្សាយ​កំណត់ត្រា​សង្ខេប ស្ដីពី​កុមារ នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​កម្ពុជា។ កំណត់ត្រា​សង្ខេប​នេះ សន្និដ្ឋាន​ជា​រួម​ថា បើ​ទោះ​ជា​កម្ពុជា​មាន​ក្របខ័ណ្ឌ​ច្បាប់ ចែង​ពី​អនីតិជន​ក្នុង​ប្រព័ន្ធ យុត្តិធម៌​ព្រហ្មទណ្ឌ​ក្ដី ប៉ុន្តែ​នីតិវិធី​សម្រាប់​អនុវត្ត​ទៅលើ​អនីតិជន នៅ​តែ​មាន​ការ​ព្រួយបារម្ភ​នៅឡើយ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ផ្ដល់​ការ​យក​ចិត្តជា ពិសេស​ចំពោះ ជនសង្ស័យ​ជា អនីតិជន​និង​កុមារ បើ​ទោះ​បី​ជា ច្បាប់​និង​ក្រមព្រហ្មទណ្ឌ បាន​ចែង​អំពី មាត្រា​មួយ​ចំនួន ពិសេស អំពី​កុមារ​ហើយ​ក៏ដោយ។

នៅ​ក្នុង​កំណត់ត្រា​សង្ខេប កម្រាស់​១៤​ទំព័រ​របស់​ខ្លួន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ធ្វើការ​វាយតម្លៃ​ទៅលើ​ស្ថានភាព​បច្ចុប្បន្ន នៃ​ប្រព័ន្ធ​យុត្តិធម៌​អនីតិជន​នៅ​កម្ពុជា ដែល​ស្ថាប័ន​មួយ​នេះ អះអាង​ថា មាន​លក្ខណៈ​ផ្ទុយ​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ។ លើស​ពី​នេះ ក៏​វាយ​តម្លៃ​ទៅលើ​ការប្រតិបត្តិ​នូវ​សិទ្ធិ​អនីតិជន​នៅ​ក្នុង​ប្រព័ន្ធ​ព្រហ្មទណ្ឌ តាមរយៈ​ទិន្នន័យ​ប្រមូល​បាន​ក្នុងអំឡុងពេល​នៃ​ការសង្កេត​ការណ៍​សវនាការ​រយៈពេល​៦​ឆ្នាំ គឺ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ ២០១៤។

កំណត់ត្រា​សង្ខេប បញ្ជាក់​ថា​បទដ្ឋាន​អន្តរជាតិ​នានា​ទទួល​ស្គាល់​ថា កុមារ​ជាប់ចោទ​ពី​ការ រំលោភច្បាប់​ព្រហ្មទណ្ឌ តម្រូវ​ឲ្យ​មានការ​ថែទាំ និង​ផ្ដល់​កិច្ចការពារ​ពិសេស។ លើស​ពី​នេះ ពួកគេ​មាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​ដូច​មនុស្ស​ពេញវ័យ ព្រមទាំង​ទទួល បាន​កិច្ចការពារ​បន្ថែម ដើម្បី​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា កុមារ​ខុស​ពី​មនុស្ស​ពេញវ័យ​ក្នុង​ការវិវឌ្ឍន៍​ផ្នែក​រាងកាយ និង​សតិ​ស្មារតី។ កំណត់ត្រា​សង្ខេប បញ្ជាក់​បន្ត​ថា នៅ​ពេល​រៀបចំ​ឲ្យ មាន​យុត្តិធម៌​ដល់​អតិថិជន រដ្ឋ​ត្រូវ​តែ​មាន​នីតិវិធី​នានា ដើម្បី​ធានា​ថា សិទ្ធិ​និង​កិច្ច​ការពារ ទាំងនេះ​ត្រូវ​បាន​គេ​គោរព​តាម និង​ធានា​ថា​ផលប្រយោជន៍​របស់​កុមារ ត្រូវ​បាន​គេ​គិតគូរ នៅ​គ្រប់​ដំណាក់កាល​ទាំងអស់។

យ៉ាងណាក៏ដោយ ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង នីតិវិធី​សម្រាប់​អនុវត្ត​ទៅលើ​អនីតិជន នៅតែ​ជា​ការ​បារម្ភ​នៅឡើយ ដោយហេតុថា ច្បាប់​ដែល​មាន​ស្រាប់​ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់ ដែល​ធ្វើ​ឲ្យ​ការអនុវត្ត​មិន​មាន​ប្រសិទ្ធភាព។ មួយវិញទៀត កិច្ចការពារ​តាម​ផ្លូវ​ច្បាប់ ក៏​មិន​ត្រូវ​បាន ប្រកាន់​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ក្នុង​ពេល​អនុវត្ត​ជាក់ស្ដែង។

អ្នក​សម្របសម្រួល​គម្រោង​អង្កេត​ការ​សវនាការ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក សួន ប៊ុនធឿន មានប្រសាសន៍ថា ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង ការ​ឃុំ​ខ្លួន​ទៅលើ​អនីតិជន​នៅ តែ​បន្ត​កើតមាន​ច្រើន​គួរ​ឲ្យ​បារម្ភ បើ​ទោះ​ជា​តាម​នីតិវិធី អនីតិជន ត្រូវ​ទទួល​បាន​កិច្ចការពារ ពិសេស​ខុស​ពី​មនុស្ស​ពេញវ័យ​ក៏ដោយ រួមមាន​ការ​ថែរក្សា​សុខ​ភាព និង​ការ​យក​ចិត្ត​ទុក ដាក់​លើ​ការវិវឌ្ឍន៍​ផ្នែក​បញ្ហា ស្មារតី​ជាដើម៖ «ទាក់ទង​ទៅ​នឹង​ការ​ឃុំ​ខ្លួន​ហើយ​ហ្នឹង ក៏​ឃើញ​មាន​បញ្ហា​ដែរ គឺ​ក្នុង​ពេល​ទៅ​ដល់ កន្លែង​ឃុំខ្លួន​ហ្នឹង​គឺថា អត់​មាន​បែងចែក​ច្បាស់លាស់​រវាង​កុមារ​និង​មនុស្ស​ពេញវ័យ អាហ្នឹង​ហើយ​ដែល​យើង​សង្កេត​ឃើញ​ថា នៅ​តែ​មាន​កម្រិត​មួយ មិនបាន​ធានា​អំពី​សិទ្ធិ​របស់​ជន ជាប់ចោទ ដែល​ជា​អនីតិជន​ហ្នឹង​តែម្ដង ហើយ​ទាក់ទង​ទៅ​នឹង​ការ​កាត់ទោស​ក៏​យើង​ពិនិត្យ ឃើញ​ថា នៅ​តែ​មាន​កម្រិត​ខ្ពស់​ដែរ ដែល​គិត​ថា ត្រូវតែ​ជៀសវាង​ឲ្យ​បាន ចំពោះ​អនីតិជន ដែល​គាត់​ស្ថិត​ក្រោម​អាយុ​១៨​ឆ្នាំ»។

កំណត់ត្រា​សង្ខេប​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញ​ថា ៨៧% នៃ​អនីតិជន​ត្រូវ​បាន​គេ ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។ កំណត់ត្រា​អះអាង​ថា ការ​ដាក់​ពន្ធនាគារ​ទៅ លើ​អនីតិជន ជាពិសេស​អនីតិជន​ដែល​មិន​ទាន់​បាន​កាត់ទោស ត្រូវ​ធ្វើ​ឡើង​តែ​ក្នុង​វិធានការ ចុងក្រោយ​បង្អស់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។