CCHR៖ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ប្រឈម​នឹង​ការ​រើសអើង​និង​រំលោភ​បំពាន

0:00 / 0:00

ក្រុម​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា ឬ​ក្រុម​ប្រភេទ​ទី​៣​អះអាង​ថា ជា​រឿយៗ​បាន​ទទួល​រង​ភាព​រើសអើង​នៅ​ក្នុង​សង្គម​កម្ពុជា។ ភាព​ប្រឈម​នឹង​ការ​រើសអើង​នេះ ត្រូវ​បាន​កត់ត្រា​បង្ហាញ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដី​កត់ត្រា​សង្ខេប​មួយ​នៅ​ថ្ងៃ​ទី​២១ សីហា ដោយ​បង្ហាញ​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជាច្រើន​ប្រឈម​ការ​រើសអើង និង​ការ​រំលោភ​បំពាន​នៅ​ក្នុង​សង្គម​ទូទៅ។

កំណត់​ត្រា​សង្ខេប​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ជា​ឯកសារ​មួយ​ដែល​សរសេរ​ឆ្លុះ​បញ្ចាំង​ថា ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មួយ​ផ្នែក​ធំ ទាក់ទង​នឹង​ក្របខ័ណ្ឌ​ច្បាប់ ដែល​មិន​បាន​ការពារ​ជាក់​លាក់ ព្រោះ​មិន​បាន​បញ្ចូល​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ ទៅ​ក្នុង​ច្បាប់​មូលដ្ឋាន ដែល​ត្រូវ​ហាម​ឃាត់​ការ​រើសអើង។ ផល​ប៉ះពាល់​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា គឺ​ស្ដែង​ចេញ​តាម​រយៈ​សង្គម និង​បង្ក​ឱ្យ​មាន​ការ​រើសអើង និង​ការ​ផាត់​ពួក​គេ​ចេញ។

មន្ត្រី​សម្រប​សម្រួល​គម្រោង​ស្ដីពី​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក នួន ស៊ីដារ៉ា មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​លើ​កំណត់​ត្រា​ថា និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ ពលរដ្ឋ​កម្ពុជា នៅ​មិន​ទាន់​យល់​ដឹង​នៅ​ឡើយ​ទេ។ ម្យ៉ាង​ទៀត នៅ​ក្នុង​ច្បាប់​កម្ពុជា មិន​បាន​ចែង​ការពារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ឱ្យ​បាន​ច្បាស់​លាស់​ទេ៖ «នៅ​ក្នុង​ក្រម​រដ្ឋប្បវេណី មិន​បាន​ចែង​លម្អិត​ទាក់ទង​ទៅ​នឹង​បញ្ហា​រៀប​អាពាហ៍ពិពាហ៍​ទាល់​តែ​ភេទ​ដូច​គ្នា ឬ​ក៏​ផ្សេង​គ្នា​នោះ​ទេ។ អ៊ីចឹង​យើង​ឃើញ​ថា ចំណុច​នេះ​ជា​ចំណុច​ខ្វះ​ចន្លោះ ដែល​យើង​ទាមទារ យើង​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា ជាពិសេស ក្រសួង​យុត្តិធម៌ និង​រដ្ឋសភា ដើម្បី​ធ្វើ​ម៉េច​ឱ្យ​គាត់​ផ្លាស់​ប្ដូរ ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​យើង​សុំ​ឱ្យ​ប្រើ​ពាក្យ​ថា អព្យាក្រឹត្យ​ភេទ ឬ​ក៏​ភេទ​កណ្ដាល​ជា​បុគ្គល យើង​ចង់​ប្រើ​ពាក្យ​ថា អាពាហ៍ពិពាហ៍ គឺ​ធ្វើ​ឡើង​រវាង​បុគ្គល​ពីរ​នាក់ ដោយ​យើង​មិន​ផ្ដោត​ថា​រវាង​បុរស និង​ស្ត្រី។ អ្វី​ដែល​យើង​ចង់​បាន គឺ​ទាក់ទង​ចំណុច​ហ្នឹង»

កំណត់​ត្រា​សង្ខេប​លើក​យក​ទិដ្ឋភាព​មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា មិន​បាន​បញ្ចូល​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ ទៅ​ក្នុង​ចំណោម​បញ្ហា​មូលដ្ឋាន​ផ្សេងៗ​ទៀត ដែល​ត្រូវ​ហាមប្រាម​ការ​រើសអើង​ទេ។

មេធាវី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក គង់ ពិសី ថ្លែង​ថា ថ្វី​បើ​មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ការពារ​ដល់​ក្រុម​មនុស្ស​ប្រភេទ​ទី​៣​ក្ដី ក៏ប៉ុន្តែ​នៅ​មិន​ទាន់​ចែង​គ្រប់គ្រាន់ ឬ​ជាក់​លាក់​នៅ​ឡើយ​ទេ៖ «ប្រយោគ​គ្រាន់​តែ​ថា ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ហ្នឹង បាន​ការពារ​ខ្លះ ប៉ុន្តែ​វា​នៅ​ឆ្ងាយ ដូច​ថា​ការពារ​ហ្នឹង អ្នក​ហ្នឹង​ធ្វើ​អី​ច្បាប់​ការពារៗ ដូច​ជា​បាត់​សិទ្ធិ​មួយ។ ប្រសិន​ថា ឥឡូវ​និយាយ​ពី​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​គូ​ស្រករ បោះ​ទៅ​ដល់​ហ្នឹង​វា​ជាក់លាក់។ ចង់​និយាយ​ថា មនុស្ស​ដល់​ពេល​ពេញ​វ័យ គាត់​ជ្រើស​រើស​គូ​ស្រករ​គាត់​បាន​ហើយ នៅ​ក្នុង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ហ្នឹង។ មិន​ខុស​ទេ គឺ​ការពារ​ខ្លះ ប៉ុន្តែ​ទូទៅ ឬ​ឆ្ងាយ​ពេក។ បើ​សិន​ជា​និយាយ​ជាក់​លាក់ គឺ​សិទ្ធិ​ជ្រើស​រើស​គូ​ស្រករ​តែ​ម្ដង»

មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព និង​ករណី​កិច្ច​ដូច​គ្នា​ទាំងអស់​ដោយ​ឥត​ប្រកាន់​ពូជ​សាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ ដើម​កំណើត​ជាតិ ឋានៈ​សង្គម ធនធាន ឬ​ស្ថានភាព​ឯ​ទៀត​ឡើយ។

ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ស្គាល់ និង​គោរព​សិទ្ធិ​មនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំង​ឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។

កំណត់​ត្រា​សង្ខេប​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​ជា​ឯកសារ​មួយ​ពិនិត្យ​ទៅ​លើ​កម្រិត​នៃ​ការ​រើសអើង និង​ការ​រំលោភ​បំពាន​នានា ដែល​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ធ្លាប់​ជួប​ប្រទះ។

មនុស្ស​ប្រភេទ​ទី​៣​មួយ​រូប​ដែល​ផ្ដល់​ឈ្មោះ​ថា ស្រី​ម៉ៅ ថ្លែង​ថា នាង និង​ក្រុម​របស់​នាង ជា​រឿយៗ​ទទួល​រង​ការ​រើសអើង​ទាំង​នៅ​ក្នុង​សង្គម​គ្រួសារ និង​សង្គម​សាធារណៈ៖ «នៅ​ខាង​ក្រៅ គេ​សម្លឹង​មក​ពួក​ខ្ញុំ​ដូច​ជា​មនុស្ស​ម្នាក់​មិន​មែន​រស់​នៅ​ក្នុង​សង្គម​នឹង​គេ។ គេ​មើល​មក​ដោយ​ក្រសែ​ភ្នែក​មួយ​មិន​ពេញ​ចិត្ត មិន​ចង់​រាប់​អាន ហើយ​ការ​ប្រើ​ពាក្យ​សម្ដី គឺ​មិន​ដែល​ឱ្យ​មាន​តម្លៃ​សម្រាប់​ពួក​ខ្ញុំ។ គឺ​គេ​តែង​តែ​ប្រើ​ពាក្យ​មួយ​មិន​ល្អ ដែល​ស្ដាប់​ហើយ​ធ្វើ​ឱ្យ​បាក់​ទឹក​ចិត្ត​តែ​ម្ដង។ ខាង​ខ្ញុំ​ដែល​ទទួល​ហ្នឹង ដូច​ថា ស្ដាប់​ហើយ​មាន​អារម្មណ៍​ដូច​ថា ខ្លួន​ឯង​មិន​មែន​ជា​មនុស្ស ដែល​មិន​រស់​នៅ​ជាមួយ​សង្គម​របស់​គេ»

កញ្ញា ស្រី​ម៉ៅ ចង់​ឱ្យ​មាន​ច្បាប់​ការពារ​សិទ្ធិ​របស់​នាង​ដូច​ពលរដ្ឋ​ដទៃ​ដែរ។

កំណត់​ត្រា​សង្ខេប​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​មាន​កម្រាស់ ១៩​ទំព័រ ជា​ឯកសារ​ចំហ​មួយ​ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សរសេរ​ឆ្លុះ​បញ្ចាំង​ថា ការ​រើសអើង​ផង និង​ផ្ដល់​អនុសាសន៍​សំខាន់ៗ​មួយ​ចំនួន​ផង​ដល់​រាជ​រដ្ឋាភិបាល រដ្ឋសភា និង​ក្រសួង​ពាក់ព័ន្ធ​នានា ឱ្យ​បន្ត​និន្នាការ​សកល និង​ផ្ញើ​សារ​ឱ្យ​បាន​ច្បាស់​លាស់​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា គឺ​ជា​សមាជិក​ពេញ​លេញ​របស់​សង្គម ដែល​សិទ្ធិ​របស់​ពួក​គាត់​ត្រូវ​បាន​ការពារ​ស្មើ​គ្នា​ក្រោម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។