ក្លិបអ្នកកាសែតកម្ពុជា ស្នើឲ្យអ្នកនយោបាយ និងអាជ្ញាធរមានសមត្ថកិច្ច គោរពសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានក្នុងពេលបំពេញវិជ្ជាជីវៈរបស់ខ្លួន។
សេចក្តីអំពាវនាវរបស់ក្លិបអ្នកកាសែតកម្ពុជា ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា លើកឡើងថា មួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកសារព័ត៌មាននៅកម្ពុជា បានប្រឈមបញ្ហាជាបន្តបន្ទាប់ ដូចជាការរារាំងមិនឲ្យយកព័ត៌មាន ការប្រើពាក្យសម្ដីមាក់ងាយ និងការឃាត់ខ្លួនខុសនីតិវិធីជាដើម នៅពេលដែលអ្នកសារព័ត៌មានទាំងនោះ បំពេញការងារក្នុងនាមជាអ្នកផ្តល់ព័ត៌មានដល់ពលរដ្ឋស្របតាមវិជ្ជាជីវៈរបស់ខ្លួន។
ក្លិបអ្នកកាសែតកម្ពុជា ចាត់ទុកសកម្មភាពទាំងអស់នេះ ថាកំពុងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈដែលការតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានកំពុងតែដំណើរការ។
ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវដល់អ្នកនយោបាយ អាជ្ញាធរ កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបង្កលក្ខណៈងាយស្រួលដល់ការបំពេញភារកិច្ចរបស់អ្នកសារព័ត៌មាន ដើម្បីអាចឲ្យពួកគេបម្រើផលប្រយោជន៍សង្គមបានពេញលេញ។
អង្គការមិនមែនរដ្ឋាភិបាលដែលមានបេសកកម្មការពារអ្នកកាសែតមួយនេះ ប្ដេជ្ញាថានឹងបន្តឃ្លាំមើលរាល់សកម្មភាពទាក់ទងនឹងការផ្តល់ព័ត៌មាន ការយកព័ត៌មាន និងការពារអ្នកសារព័ត៌មាន ដែលបំពេញបេសកកម្មតាមវិជ្ជាជីវៈ។ ជាមួយគ្នានេះ ក្លិបអ្នកកាសែតកម្ពុជា ក៏អំពាវនាវដល់អ្នកសារព័ត៌មាន ឲ្យប្រកាន់ខ្ជាប់តួនាទីភារកិច្ច និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ដោយចៀសវាងឲ្យបាននូវសកម្មភាពទាំងឡាយណា ដែលនាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។
ក្រោយការបោះឆ្នោតឆ្នាំ២០១៣ អ្នកយកព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) មួយរូប ត្រូវបានសន្តិសុខរាជធានីភ្នំពេញវាយដំឲ្យរងរបួសធ្ងន់ ខណៈលោកបានយកព័ត៌មានពីការបង្ក្រាបបាតុករនៅក្បែរទីលានប្រជាធិបតេយ្យ។ តែមកទល់ពេលនេះ តុលាការមិនទាន់រកយុត្តិធម៌ជូននៅឡើយ។
ចាប់តាំងពីឆ្នាំ១៩៩៣ មក អ្នកសារព័ត៌មានកម្ពុជា ចំនួន ១៣នាក់ហើយត្រូវបានគេសម្លាប់ ប៉ុន្តែរហូតទល់ពេលនេះ មានអ្នកប្រព្រឹត្តមួយចំនួនតូចប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
