សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន ចោទប្រកាន់អធិការរងនគរបាលស្រុកសាលាក្រៅ ថាគំរាមកំហែងពលរដ្ឋឲ្យភ័យខ្លាច ដើម្បីប្ដឹងសកម្មជនគណបក្សប្រឆាំងឲ្យបញ្ឈប់សកម្មភាពផ្ដិតស្នាមមេដៃពីអ្នកស្រុក។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចកោះហៅជំទប់ទី២ ឃុំសាលាក្រៅ មកពីគណបក្ស សម រង្ស៊ី និងប្រជាពលរដ្ឋជាង ៣០នាក់ សាកសួររឿងផ្ដិតស្នាមមេដៃនៅសាលាឃុំជាង ៣ម៉ោង។ ប៉ុន្តែអធិការរងស្រុកសាលាក្រៅ អះអាងថា ការសាកសួរនេះធ្វើឡើងទៅតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ។
សកម្មជនគណបក្សប្រឆាំងខេត្តប៉ៃលិន បានប្រតិកម្មនឹងការសាកសួរពីសំណាក់អធិការរងនគរបាលសាលាក្រៅ ថាជាការបំភ័យប្រជាពលរដ្ឋមិនឲ្យចូលរួមផ្ដិតស្នាមមេដៃជូនគណបក្សសង្គ្រោះជាតិ។
ជំទប់ទី២ ឃុំសាលាក្រៅ មកពីគណបក្ស សម រង្ស៊ី លោក សុខ លី មានប្រសាសន៍ថា អធិការរងនគរបាលស្រុកសាលាក្រៅ កាលពីព្រឹកថ្ងៃទី១៨ មិថុនា បានកោះហៅរូបលោក និងប្រជាពលរដ្ឋចំនួន ២៧នាក់ សាកសួរនៅសាលាឃុំជាង ៣ម៉ោង ក្នុងចំណោមពលរដ្ឋ ៣៣នាក់ដែលបានផ្ដិតស្នាមមេដៃ ដើម្បីធ្វើញត្តិសុំព្រះរាជអន្តរាគមន៍ទៅព្រះមហាក្សត្រ ដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងអ្នកនយោបាយជាប់ពន្ធនាគារ។ លោកអះអាងថា សមត្ថកិច្ចបានគំរាមកំហែងរូបលោក និងសកម្មជនផ្សេងទៀត ថាប្រសិនបើបន្តផ្ដិតស្នាមមេដៃពីប្រជាពលរដ្ឋទៀត នឹងបញ្ជូនទៅតុលាការ៖ « បាទ ! ប្រជាពលរដ្ឋផ្ដិតមេដៃដោយស្ម័គ្រចិត្តខ្លួនឯង។ មន្ត្រីនគរបាលបានដកយកស្នាមមេដៃពីខ្ញុំអស់ហើយ និងបានគំរាមឲ្យខ្ញុំបញ្ឈប់ប្រមូលស្នាមមេដៃបន្តទៀត »។
ឆ្លើយតបនឹងការចោទនេះ អធិការរងនគរបាលស្រុកសាលាក្រៅ លោក រី ដារា មានប្រសាសន៍ថា ការសាកសួរនេះ ធ្វើឡើងទៅតាមពាក្យបណ្ដឹងរបស់ពលរដ្ឋម្នាក់ឈ្មោះ សុគន់ ហឿង ដែលបានប្ដឹងឲ្យជួយអន្តរាគមន៍អំពីការផ្ដិតស្នាមមេដៃ។ លោកអះអាងថា ជំទប់ទី២ រូបនោះ បានបញ្ចុះបញ្ចូលបោកប្រាស់ប្រជាពលរដ្ឋឲ្យផ្ដិតស្នាមមេដៃ ដើម្បីស្នើសុំសាងសង់ផ្លូវថ្នល់ក្នុងមូលដ្ឋាន ធ្វើឲ្យពលរដ្ឋមួយចំនួនមិនយល់ ហើយធ្វើតាម ប៉ុន្តែលោកថា ការពិតយកទៅប្រើប្រាស់ក្នុងករណីផ្សេងខុសពីការអះអាងនោះ៖ « អត់មានទេ ! យើងហៅមកធ្វើការបំភ្លឺតាមសាច់រឿងរបស់គាត់តើ ! យើងមានដកអត់មានដេញអីទេ នៅក្នុងនោះមានតំណាងគណបក្សប្រឆាំងថ្នាក់ខេត្តមកដែរ។ យើងទៅធ្វើគំរាមកំហែងគាត់ចាប់យើងដាក់គុកអស់បាត់ហើយ »។
ទាក់ទងនឹងបញ្ហានេះ លោក សុគន់ ហឿង អះអាងថា រូបលោកផ្ទាល់ជាអ្នកដើរឲ្យពលរដ្ឋផ្ដិតស្នាមនៅតាមភូមិ ទៅតាមបញ្ជារបស់ជំទប់ទី២ ឃុំសាលាក្រៅ។ លោកបញ្ជាក់ថា ញត្តិដែលលោកយកទៅឲ្យពលរដ្ឋផ្ដិតមេដៃនោះ មានសរសេរបញ្ជាក់ច្បាស់លាស់ ដើម្បីសុំព្រះរាជអន្តរាគមន៍ទៅព្រះមហាក្សត្រ ដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងអ្នកនយោបាយជាប់ពន្ធនាគារ គឺពុំមែនយកទៅប្រើខុសគោលដៅដូចអធិការរងនគរបាលស្រុកសាលាក្រៅ លើកឡើងឡើយ៖ « ប៉ូលិសមកដល់សួររកខ្ញុំ ហើយបានយកឯកសារផ្ដិតមេដៃពីខ្ញុំ រួចសាកសួរធ្វើកំណត់ពីសកម្មភាព និងចោទប្រកាន់ខ្ញុំថា បានធ្វើខុសច្បាប់ »។
អនុប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន លោក ឃឹម ប៉ុន មានប្រសាសន៍ថា មូលហេតុដែលប្រជាពលរដ្ឋប្ដឹងជំទប់ទី២ គណបក្ស សម រង្ស៊ី ដោយសារលោកអធិការរងនគរបាលស្រុកសាលាក្រៅ បំភ័យអ្នកស្រុកថា ការផ្ដិតស្នាមមេដៃជារឿងខុសច្បាប់៖ « គាត់របៀបធ្វើបែបគំរាមកំហែងសកម្មជន ថាផ្ដិតយកទៅណា ? និងប្រាប់ប្រជាពលរដ្ឋណាចង់ដកស្នាមមេដៃ ឲ្យដកវិញទៅជាដើម។ ចំណែកស្នាមមេដៃ សមត្ថកិច្ចដកយក យើងសុំមកវិញគាត់មិនឲ្យទេ »។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ប្រជាពលរដ្ឋផ្ដិតស្នាមមេដៃសុំព្រះរាជអន្តរាគមន៍ព្រះមហាក្សត្រនេះ ពុំមានទោសកំហុសឡើយ។ លោកហៅការរារាំងពីសំណាក់អធិការរងនគរបាលស្រុកសាលាក្រៅ គឺជាការគំរាមកំហែង បិទសិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងន័យនយោបាយ៖ « តួនាទីរបស់សមត្ថកិច្ច គឺស្វែងរកបទល្មើស មិនមែនទៅញុះញង់បង្ខំអ្នកណាមួយឲ្យប្ដឹង ឬបង្កើតបទល្មើសឡើយ។ អ៊ីចឹងកាលណាឲ្យមនុស្សម្នាក់ទៅរយៈ ៣ម៉ោង ៤ម៉ោង មិនឲ្យគេត្រឡប់មកផ្ទះវិញ គឺជាការឃាត់ខ្លួន ពីព្រោះអំឡុងនោះពួកគេបានបាត់បង់សិទ្ធិសេរីភាព »។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយណារបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
សកម្មជនគណបក្សប្រឆាំងខេត្តប៉ៃលិន ផ្ដើមយុទ្ធនាការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ជាបន្តបន្ទាប់។ មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន ឲ្យដឹងថា រយៈពេលមួយសប្ដាហ៍ បញ្ជូនស្នាមមេដៃទៅទីស្នាក់ការកណ្ដាលគណបក្សនៅរាជធានីភ្នំពេញម្ដង។ យុទ្ធនាការនេះ ធ្វើរហូតទាល់តែមានការដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងអ្នកនយោបាយជាប់គុកព្រៃស។ ខេត្តជាប់ព្រំដែនប្រទេសថៃ មួយនេះ ប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋបានជាង ២ពាន់នាក់ ក្នុងចំណោមពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតចាប់ពី ១៨ឆ្នាំឡើងមានចំនួន ៣៩.៥៤៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
