CHRAC ព្រួយ​បារម្ភ​ខ្លាំង​អំពី​ការ​ទទួល​ជន​ភៀស​ខ្លួន​អូស្ត្រាលី​មក​កម្ពុជា

0:00 / 0:00

ការ​ចរចា​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​អូស្ត្រាលី មក​នៅ​កម្ពុជា នោះ ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស និង​អ្នក​ច្បាប់​លើក​ឡើង​ថា កម្ពុជា កំពុង​មាន​វិបត្តិ​សិទ្ធិ​មនុស្ស​ដោយ​ខ្លួន ដូច​នេះ​រដ្ឋាភិបាល​កម្ពុជា មិន​អាច​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ​ឲ្យ​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ឡើយ ពីព្រោះ​ថា កម្ពុជា មិន​មែន​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ជន​ភៀស​ខ្លួន​ទេ។

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) ជា​សម្ព័ន្ធភាព​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ២១​អង្គការ ក្នុង​វិស័យ​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៤ មិថុនា ដោយ​សម្ដែង​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ទទួល​ជន​ភៀស​ខ្លួន​អូស្ត្រាលី មក​នៅ​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​នោះ អំពាវនាវ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី ពិចារណា​ឡើង​វិញ​លើ​កិច្ច​ព្រមព្រៀង​ជន​ភៀស​ខ្លួន ដែល​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ កិច្ច​ព្រមព្រៀង​នេះ​បំពារបំពាន​លើ​អនុសញ្ញា​ជន​ភៀស​ខ្លួន ដោយសារ​តែ​វា​មិន​មាន​មធ្យោបាយ​ណា​មួយ ដែល​រដ្ឋាភិបាល​អូស្ត្រាលី អាច​ធានា​ថា ខណៈ​ដែល​ជន​ភៀស​ខ្លួន​ទាំង​នេះ​មក​ដល់​កម្ពុជា ពួក​គេ​នឹង​ទទួល​បាន​ការ​ការពារ​សិទ្ធិ​មនុស្ស​មូលដ្ឋាន ដូច​ដែល​មាន​នៅ​ប្រទេស​អូស្ត្រាលី។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្ដិ មាន​ប្រសាសន៍​ថា បើ​សិន​ជា​អូស្ត្រាលី បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា មែន​នោះ សិទ្ធិ​ជន​ភៀស​ខ្លួន​ទាំង​នោះ​នឹង​មិន​ត្រូវ​បាន​ការពារ​ទេ នៅ​គ្រា​ដែល​កម្ពុជា កំពុង​តែ​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​មិន​បាន​ផង​នោះ។

«សំឡេង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ដើម្បី​សុំ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៤ មិថុនា។

ប៉ុន្តែ លោក កុយ គួង បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ថា កម្ពុជា មិន​ទាន់​សម្រេច​លើ​សំណើ​ទទួល​យក​ជន​ភៀស​ខ្លួន ដែល​កំពុង​ជាប់​ឃុំ​នៅ​ប្រទេស​អូស្ត្រាលី មក​រស់នៅ​កម្ពុជា នៅ​ឡើយ​ទេ ប៉ុន្តែ​ជា​គោលការណ៍ កម្ពុជា ព្រម​ទទួល​យក​ជន​ភៀស​ទាំង​ឡាយ​ណា​ដែល​ស្ម័គ្រ​ចិត្ត​មក​រស់នៅ​កម្ពុជា តែ​ប៉ុណ្ណោះ។

«សំឡេង»

ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​បណ្ឌិត ហៀង រិទ្ធី មាន​ប្រសាសន៍​ថា នៅ​ក្នុង​បរិបទ​នេះ រដ្ឋាភិបាល​មិន​ត្រូវ​ទទួល​យក​ជន​ភៀស​ខ្លួន​មក​នៅ​កម្ពុជា ទេ ទោះ​បី​ជា​ការ​មក​ដោយ​ស្ម័គ្រ​ចិត្ត ឬ​មិន​ស្ម័គ្រ​ចិត្ត​នោះ​ក្ដី ពីព្រោះ​ថា កម្ពុជា កំពុង​ជួប​បញ្ហា​លំបាក​ទាំង​សេដ្ឋកិច្ច ទាំង​សិទ្ធិ​មនុស្ស។

«សំឡេង»

រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​ថា ឋានៈ​ជា​ជន​ភៀស​ខ្លួន​មិន​មែន​ជា​សំបុត្រ​សម្រាប់​តែ​ផ្ញើ​ទៅ​កាន់​ប្រទេស​មាន​សេដ្ឋកិច្ច​លេខ​១​នោះ​ទេ រឿង​សំខាន់​ថា តើ​ពួក​គេ​អាច​មាន​សុវត្ថិភាព​ដែរ​ទេ?

របាយការណ៍​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ (UNOHCHR) ឲ្យ​ដឹង​ថា អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ជិត ១​លាន​នាក់​នៅ​ឆ្នាំ​២០១២ ក្នុង​នោះ​ប្រទេស​អូស្ត្រាលី ទទួល​យក​ជាង ២% បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ទៀត។

កិច្ច​ព្រៀមព្រៀង​ស្នើសុំ​របស់​រដ្ឋាភិបាល​អូស្ត្រាលី មក​រដ្ឋាភិបាល​កម្ពុជា នោះ ត្រូវ​បាន​បិទ​បាំង​ក្នុង​ភាព​សម្ងាត់ ដែល​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​អូស្ត្រាលី និង​សាធារណជន មិន​បាន​ទទួល​ព័ត៌មាន​អ្វី​សោះ​ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​នេះ។ សារព័ត៌មាន​រាយការណ៍​ថា រដ្ឋាភិបាល​អូស្ត្រាលី សន្យា​ផ្ដល់​ទឹក​ប្រាក់​ពី ៤០​លាន​ទៅ ៨០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ជំនួយ​អភិវឌ្ឍន៍ ជា​ថ្នូរ​ដល់​ការ​ផ្ដល់​ជម្រក​ដល់​ជន​ភៀស​ខ្លួន​ទាំង​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា បញ្ជាក់​ថា អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន និង​ជន​ភៀស​ខ្លួន​ចំនួន ៦៨​នាក់ បច្ចុប្បន្ន​កំពុង​រស់នៅ​កម្ពុជា ជីវិត​ប្រចាំ​ថ្ងៃ​ពួក​គេ គឺ​ជា​ការ​តស៊ូ។ ពួក​គេ​ភាគ​ច្រើន​គ្មាន​ការងារ​ធ្វើ ពីព្រោះ​មិន​មាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការងារ មិន​អាច​បើក​គណនេយ្យ​ធនាគារ ឬ​ទិញ​ផ្ទះ និង​ផ្ញើ​លុយ​ទៅ​ក្រៅ​ប្រទេស មិន​ទទួល​បាន​ការ​អប់រំ និង​សេវា​សុខភាព​សមរម្យ​ថែម​ទៀត។

ម្យ៉ាង​ទៀត ដោយ​កម្ពុជា នៅ​ក្រោម​សម្ពាធ​ពី​ប្រទេស​ចិន កម្ពុជា បាន​និរទេស​ដោយ​បង្ខំ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ភាគ​តិច​អ៊ុយហ្គរ៍ ចំនួន ២០​នាក់ ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន វិញ​កាល​ពី​ឆ្នាំ​២០០៩ ដែល​ជា​កន្លែង​ពួក​គេ​ប្រឈម​នឹង​ការ​ប្រហារ​ជីវិត និង​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​យូរ។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​កម្ពុជា ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ដែរ​ចំពោះ​ការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដោយ​បង្ខំ ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម។ បន្ទាប់​មក អាជ្ញាធរ​កម្ពុជា បាន​ប្រើ​ការ​និរទេស​នេះ​ជា​ការ​គំរាម​កំហែង​ចំពោះ​ខ្មែរ​ក្រោម ដើម្បី​រារាំង​ពួក​គេ​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។