ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​១២​នាក់​មុន​ថ្ងៃ​សិទ្ធិ​នារី

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០​ស្ថាប័ន បាន​ចេញ​សេចក្ដី​ការណ៍​រួម​​គ្នា​មួយ អំពាវ​​ដល់​រដ្ឋាភិបាល ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​ចំនួន​១២​នាក់​ជា​បន្ទាន់ នៅ​មុន​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា​ឆ្នាំ​២០១៥។ តែ​មន្ត្រី​ជាន់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា រដ្ឋាភិបាល​គ្មាន​សិទ្ធិ​បង្គាប់​បញ្ជា​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់​ឃុំ​ណា​ម្នាក់​ឡើយ។

សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចុះ​ថ្ងៃ​ទី៦ មីនា មុន​​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៤ បាន​អំពាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​ទាំង​១២​នាក់ ក្នុង​នោះ​១១​នាក់​ជា​ស្ត្រី​បឹងកក់ មាន​លោកស្រី ទេព វន្នី​ជាដើម។

អ្នក​ជាប់​ឃុំ​១១​នាក់​ក្នុង​ចំណោម​១២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មុន​ក្រោយ​គ្នា​មួយ​ថ្ងៃ កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​ពេល​ដែល​ពួកគេ តវ៉ា​មុខ​សាលា​រាជធានី​ភ្នំពេញ ខណៈ​ដែល​ពួក​គេ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ទឹក​លិច​ផ្ទះ​សម្បែង​របស់​ពួកគាត់។ ប៉ុន្តែ​អ្នក​ទាំង​នោះ​ត្រូវ​បាន​សមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកតុលាការដើម្បីដាក់ទោស ហើយចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញក៏បានប្រកាស​សាលក្រម​ដាក់​ពន្ធនាគារ​​ក្នុង​ម្នាក់ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២លាន​រៀល។

ចំណែក​កញ្ញា លី ស៊ីវមិញ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជាមួយ​ឪពុក គឺ​លោក លី ស្រ៊ាខេង ក្នុង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឃុន សៀ នៅ​ពេល​ពួកគេ​មិន​ព្រម​ចេញ​ពី​ដី​មាន​ជម្លោះ​នៅ​តំបន់​បឹងកក់១ កាល​ពី​ថ្ងៃ​ទី ១៨ វិច្ឆិកា ២០១៤។

ដោយឡែក​ព្រះតេជព្រះគុណ សឺន ហាយ ជា​ព្រះ​សង្ឃ​គង់​នៅ​វត្ត​ស្ទឹង​មានជ័យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ពេល​ដែល​ព្រះ​អង្គ ចូលរួម​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​បឹងកក់​កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៤។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា អ្នក​ជាប់​ឃុំ​ទាំង​១២​នាក់​នោះ ពុំ​ទទួល​បាន​ការ​ការពារ​ដោយ​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ដែល​មាន​ចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញជាតិ និងអន្តរជាតិ​ រួមមាន សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកា​សញ្ញា អនុសញ្ញា​ទាក់ទង​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ ដែល​កម្ពុជាព្រមព្រៀង​អនុលោម​តាមនោះ​ឡើយ។

ទាក់ទងបញ្ហានេះដែរ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព គូស​បញ្ជាក់​ថា កម្ពុជា​នៅ​មាន​បញ្ហា​ច្រើន​ណាស់ ដែល​មិន​ទាន់​បានគោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដូច​ជា​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្ដុំ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ជាដើម។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​បាន​បើក​យុទ្ធនាការ​ធ្វើ​ប័ណ្ណ​សារ (Postcard) នៅ​មុន​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ផង​ដែរ ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​ផ្ញើ​សារ​ទៅ​កាន់​ស្ត្រី​កំពុង​ជាប់​ឃុំ ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​របស់​ពលរដ្ឋ​ផ្សេង​ទៀត ដែល​ចង់​ឲ្យ​តុលាការ​ដោះលែង​ពួក​គាត់​ទាំង​នោះ និង​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ពួកគាត់ កុំ​ឲ្យ​អស់​សង្ឃឹម​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ក្រើន​រំលឹក​ដល់​រាជរដ្ឋាភិបាល​កម្ពុជាថា គួរ​តែ​ដោះលែង​អ្នក​ទាំង​១២​នាក់​នោះ​ជា​បន្ទាន់ នៅ​មុន​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំ​នេះ ដើម្បី​បង្កើន​ភាព​ជឿជាក់​ពី​សំណាក់​សហគមន៍​អន្តរជាតិ ដោយ​ទទួល​ស្គាល់​សារសំខាន់ និង​ភាព​ស្រប​ច្បាប់​នៃ​អ្នក​ការពារ​សិទ្ធិមនុស្ស ជា​ពិសេស​អ្នក​ការពារ​សិទ្ធិមនុស្ស​ជា​ស្ត្រី ក្នុង​ការ​លើក​កម្ពស់ ការ​ការពារ​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ ដូច្នេះ​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​បង្គាប់​បញ្ជា​ឲ្យ​តុលាការ​ដោះលែង​អ្នកណា​ម្នាក់​បាន​ទេ ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​​មិន​ធ្វើការបម្រើ ឬ​ផ្គាប់​ចិត្ត​បរទេស​ណា​មួយដែរ។

ជាងនេះទៅទៀតលោក ផៃ ស៊ីផាន បាន​រិះគន់​ក្រុម​សង្គម​ស៊ីវិលទាំង​នោះ​វិញ​ថា ជា​ក្រុម​ធ្វើ​សកម្មភាព​បំផុស​ឲ្យ​រំលោភ​ច្បាប់​របស់​កម្ពុជា​ទៅ​វិញ​ទេ។ លោក​បន្ត​ថា បើ​សង្គម​ស៊ីវិល​ទាំងនោះ​ខ្មាស ឬ​ខ្លាច​មិន​អាច​បំពេញ​ចិត្ត​សហគមន៍​អន្តរជាតិ​បាន គួរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ស្រុក​វិញ​ល្អ​ជាង។

ទោះយ៉ាងណាក្តីសេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ ស៊ីវិល​នៅ​តែ​បង្ហាញ​ជំហរ​ដ៏​ច្បាស់លាស់​មួយ​ថាបើ​សិន​រដ្ឋាភិបាល ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​ដី​ធ្លី​ទាំង​១២​នាក់​នេះ គឺជា​ឱកាស​ល្អ​មួយសម្រាប់​រដ្ឋាភិបាល ដើម្បី​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​ខ្លាំង​ក្លា​របស់​ខ្លួន ក្នុង​ការ​គោរព​សិទ្ធិមនុស្ស ចំពោះ​មុខ​សហគមន៍​អន្តរជាតិ ស្រប​ពេល​ដែល​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ​២០១៤ នឹង​ត្រួត​ពិនិត្យ​ជា​លើក​ទី២ នៅ​ថ្ងៃ​ទី​១៧ និង​១៨ មីនា​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។