សង្គមស៊ីវិលដែលធ្វើការលើកកម្ពស់ស្ថានភាពស្ត្រី និងសមភាពយេនឌ័រ អ្នកច្បាប់ ពិសេសសមាគមសិល្បៈ បានថ្កោលទោសចំពោះករណីប្រើអំពើហិង្សារបស់ប្អូនថ្លៃឧកញ៉ា ទ្រី ភាព លោក គៀង ហេង បានវាយដំយ៉ាងដំណំលើអតីតសង្សាររបស់ខ្លួន គឺកញ្ញា ពេជ្រ អាវីហ្សា ដែលជាតារាសម្ដែង គឺបានឆ្លុះបញ្ចាំងពីការប្រើអំណាច និងរំលោភបំពានទៅលើស្ត្រីយ៉ាងធ្ងន់ធ្ងរ ដែលទង្វើនេះជាបទព្រហ្មទណ្ឌ ហើយជនប្រព្រឹត្តិត្រូវតែទទួលទោស។
អ្នកច្បាប់ សង្គមស៊ីវិលដែលការពារសិទ្ធិស្ត្រី ពិសេសសមាគមសិល្បៈ បានសម្ដែងការខកចិត្ត និងសោកស្ដាយលើការខកខានក្នុងការចាប់ខ្លួនជនប្រព្រឹត្តិបទឧក្រិដ្ឋនេះ ឲ្យរត់ចេញពីសំណាញ់ច្បាប់ និងមិនទាន់ទទួលបានយុត្តិធម៌ដល់ជនរងគ្រោះនៅឡើយ។
ការលើកឡើងរបស់អ្នកច្បាប់ សង្គមស៊ីវិល សមាគមសិល្បៈនៅពេលនេះ ធ្វើឡើងក្រោយពីអតីតសង្សាររបស់កញ្ញា ពេជ្រ អាវីហ្សា គឺលោក គៀង ហេង ដែលត្រូវបានគេស្គាល់ថាជាប្អូនថ្លៃរបស់លោកឧកញ៉ា ទ្រី ភាព បានសរសេរប្រកាសក្ដែងៗតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ឈ្មោះ Hea Hengថារឿងនេះត្រូវបានភាគីទាំងសងខាងសម្របសម្រួលគ្នារួចរាល់ហើយ ដោយគ្មានការប្ដឹងផ្ដល់គ្នាទេ។
ក្នុងសំណេរដែលបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកដដែល នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ លោក គៀង ហេង បានសរសេរថា គ្រួសារលោក និងក្រុមគ្រួសាររបស់ ពេជ្រ អាវីហ្សា បានយល់ព្រមសម្របសម្រួល និងទទួលខុសត្រូវគ្រប់រឿងដែលកើតឡើង ដោយគ្មានការប្ដឹងប្ដល់។ ជាងនេះ លោកបានហាមសារព័ត៌មាននានាឲ្យឈប់ចែកចាយព័ត៌មាននេះទៀត៖ « នៅថ្ងៃនេះដែលគ្រួសារខ្ញុំ និងក្រុមគ្រួសាររបស់ អូន ម៉ី ( ឈ្មោះហៅក្រៅរបស់ ពេជ្រ អាវីហ្សា ) គឺបានយល់ព្រមសម្របសម្រួល និងទទួលខុសត្រូវគ្រប់ រឿងដែល កើតឡើង ដោយគ្មានការប្ដឹងផ្ដល់គ្នា ចឹងហើយសូម បណ្ដាសារព័ត៌មាន ទាំងអស់សូមជ្រាប និង បងប្អូន សិល្បៈជ្រាបផងដែរ។ ព្រោះរឿងខ្ញុំ និងអូន ម៉ី ត្រូវ បានបញ្ចប់ ហើយ ដូច្នេះហើយសូម បងប្អូន គួរតែឈប់បន្តការ Share ( ចែករំលែកលើបណ្ដាញសង្គម ) ព្រោះរឿងរបស់កញ្ញា ម៉ី និងលោក ហេង ត្រូវបានបញ្ចប់ហើយ សូមអរគុណ !» ។
ករណីនេះ នាយិកាប្រតិបត្តិអង្គការសីលការ អ្នកស្រី ធីតា ឃឹះ យល់ថា ករណីអ្នកមានអំណាចប្រើអំពើហិង្សា ខណៈជនរងគ្រោះនៅមានភាពភ័យខ្លាច ហើយព្យាយាមបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ គឺកំពុងបង្ហាញថា ជនរងគ្រោះគ្មានទំនុកចិត្តលើប្រព័ន្ធតុលាការ។ អ្នកស្រីបន្តថា ករណីហិង្សាវាយដំធ្ងន់ធ្ងរលើតារាសម្ដែងកញ្ញា ពេជ្រ អាវីហ្សា ពីបុគ្គលមានអំណាច គឺជាបទព្រហ្មទណ្ឌ។ ហេតុនេះ អ្នកស្រីជំរុញឲ្យអាជ្ញាធរ ពិសេសស្ថាប័នតុលាការ ត្រូវចាត់វិធានការលើរឿងនេះ ដើម្បីផ្តល់យុត្តិធម៌ស្មើគ្នា៖ « តុលាការ ឬក៏ក្រសួងកិច្ចការនារី គួរតែចេញមុខអន្តរាគមន៍រឿងនេះ ព្រោះអ្វីដែលយើងចង់បាន គឺសង្គមដែលសុខសន្តិភាព និងមានយុត្តិធម៌រវាងអ្នកមាន និងអ្នកក្រ » ។
ប្រធានសមាគមសិល្បៈ លោក សុះ ម៉ាច បានប្រាប់អាស៊ីសេរីដែរថា លោកសោកស្ដាយ និងអាណិតនៅពេលបានឮដំណឹងជុំវិញករណីប្រើអំពើហិង្សាវាយដំលើកញ្ញា ពេជ្រ អាវីហ្សា ដែលជាតារាសម្ដែងស្ត្រីម្នាក់។ លោកបន្តថា ពេលនេះលោកមិនទាន់ទទួលដំណឹងថានាងនឹងដាក់ពាក្យបណ្ដឹង ឬយ៉ាងណានៅឡើយទេ។
យ៉ាងណា លោកអះអាងថា សមាគមសិល្បៈនឹងចាំជួយនាងគ្រប់ពេល ព្រមទាំងផ្តល់មេធាវី បើនាងត្រូវការ ព្រោះក្នុងនាមជាអ្នកសិល្បៈដូចគ្នា។ ប្រធានសមាគមសិល្បៈរូបនេះ បានជំរុញឲ្យអាជ្ញាធរ បើកការស៊ើបអង្កេត និងវែកមុខជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់៖ « ខ្ញុំជឿថាច្បាប់នឹងយកយុត្តិធម៌ឲ្យនាង ប្រសិនបើនាងដាក់ពាក្យបណ្ដឹងនេះ ដោយសារតែនាងខ្លាចនូវអំណាចរបស់គេ ប៉ុន្តែសម្រាប់ខ្ញុំយល់ថា អត់មានរឿងអីត្រូវខ្លាចទេ ព្រោះប្រទេសយើងមានច្បាប់។ ហេតុនេះ ជនដែលបង្កជម្លោះ ត្រូវតែវែកមុខមកផ្ដន្ទាទោសតាមច្បាប់ » ។
តារាសម្ដែង ពេជ្រ អាវីហ្សា ត្រូវបានបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុក បានចុះផ្សាយ ថែមទាំងបញ្ចេញរូបថតរបស់នាងព្រោងព្រាតថា កញ្ញា ពេជ្រ អាវីហ្សា បានទទួលរងអំពើហិង្សាកាលពីរាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ពីអតីតគូស្នេហ៍មានឈ្មោះថា គៀន ហេង ដែលគេស្គាល់ថាជាប្អូនថ្លៃឧកញ៉ាឈ្មួញឈើ គឺឧកញ៉ា ទ្រី ភាព។ កញ្ញា អាវីហ្សា ដែលអះអាងថាស៊ូទ្រាំទៀតលែងបាន ដោយសារតែអំពើហិង្សានេះកើតឡើងច្រើនដងលើនាងហើយនោះ បានទម្លាយសារថា ករណីហិង្សាលើនាងចុងក្រោយនេះ គឺកើតឡើងនៅគ្រាដែលនាងនាំក្រុមគ្រួសារទៅកម្សាន្តនៅខេត្តព្រះសីហនុ។
មេធាវីនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក ហុង គឹមសួន លើកឡើងថា បើពិនិត្យលើករណីវាយដំនេះឃើញថា ជាបទល្មើសព្រហ្មទណ្ឌ ទោះជាជនរងគ្រោះមិនហ៊ានប្ដឹងដោយសារភ័យខ្លាច ឬព្រមទទួលយកការសម្របសម្រួលក្រៅប្រព័ន្ធតុលាការក៏ដោយ គឺព្រះរាជអាជ្ញា និងប៉ូលិសព្រហ្មទណ្ឌ មានសិទ្ធិប្ដឹង និងចាត់ការតាមវិធានការច្បាប់បាន ដើម្បីបញ្ចប់អំពើនិទ្ទណ្ឌភាព៖ « ករណីវាយដំចឹង វាចូលក្នុងបទល្មើសព្រហ្មទណ្ឌហើយ ទោះបីជនរងគ្រោះមិនដាក់ពាក្យប្ដឹងក៏ដោយ ក៏ព្រះរាជអាជ្ញា និងប៉ូលិសព្រហ្មទណ្ឌ គឺត្រូវតែប្ដឹងចាត់វិធានការតាមផ្លូវច្បាប់ ប្ដឹងចូលទៅព្រះរាជអាជ្ញា។ ចំណែកឯរឿងការសម្របសម្រួល ការទទួលលុយកាក់ ឬក៏ផលប្រយោជន៍ហ្នឹង អាហ្នឹងជាសំណងរដ្ឋប្បវេណីទេ តែដោយឡែករឿងវាយគេ ហិង្សាដាក់គេហ្នឹង ត្រូវតែផ្ដន្ទាទោស បើពិនិត្យលើផ្លូវច្បាប់ » ។
ទាក់ទងនឹងបញ្ហានេះ អាស៊ីសេរី មិនអាចទាក់ទងស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ដើម្បីសួរអំពីបញ្ហានេះបានទេនៅថ្ងៃទី១៥ វិច្ឆិកា។
ករណីព័ត៌មានភាគីទាំងសងខាងយល់ព្រមសម្របសម្រួលគ្នាដោយគ្មានការប្ដឹងផ្ដល់គ្នា ជុំវិញករណីប្រើអំពើហិង្សាវាយដំនេះ អាស៊ីសេរី មិនអាចទាក់ទងកញ្ញា ពេជ្រ អាវីហ្សា និងអតីតសង្សាររបស់នាង លោក គៀង ហេង ជាប្អូនថ្លៃរបស់លោកឧកញ៉ា ទ្រី ភាព បាននៅឡើយនៅថ្ងៃទី១៥ ខែវិច្ឆិកា។
ប៉ុន្តែកញ្ញា ពេជ្រ អាវីហ្សា ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា កញ្ញាមិនហ៊ានប្ដឹងប្អូនថ្លៃឧកញ៉ា ទ្រី ភាព ក្រោយរងហិង្សាធ្ងន់ធ្ងរ ព្រោះកញ្ញាអត់រំពឹងថាបានទទួលយុត្តិធម៌ បើដាក់ពាក្យបណ្ដឹងនោះទេ ដោយផ្អែកលើករណី សាសា ដែលផ្ទុះជម្លោះជាមួយឧកញ៉ា សុខ ប៊ុន គឺនាងមានឪពុកជាឧកញ៉ាជួយចេញមុខប្ដឹង។ ចំណែកឯកញ្ញាវិញ គ្រួសារខ្លួនក្រ ហើយបើនិយាយពីខ្នងបង្អែកក្នុងការជួយជ្រោមជ្រែងស្វែងរកយុត្តិធម៌ ក៏កញ្ញាមិនមានដែរ។
ទោះបីជាយ៉ាងណា អ្នកច្បាប់ សង្គមស៊ីវិលដែលធ្វើការងារសិទ្ធិស្ត្រី ពិសេសសមាគមសិល្បៈ នៅតែស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខអន្តរាគមន៍ និងស្វែងរកយុត្តិធម៌ជូនតារាសម្ដែងរូបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
