អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សចំនួន ៧៨ ដែលភាគច្រើនមានមូលដ្ឋានតំបន់អាស៊ី នៅថ្ងៃទី៥ មីនា ចេញសេចក្តីថ្លែងការណ៍រួមគ្នា «សម្ដែងការមិនពេញចិត្តជាខ្លាំង» ចំពោះការបន្តឃុំខ្លួនសកម្មជនសិទ្ធិមនុស្សកម្ពុជា ទាំង ៥រូប និងអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការយាយីតាមផ្លូវតុលាការ និងការប្រើអំពើហិង្សាលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមសង្គមស៊ីវិលទាំងនេះបញ្ជាក់ថា ការវាយប្រហារ «ដ៏ឥតអៀនខ្មាស» មកលើសកម្មជនការពារសិទ្ធិមនុស្សកម្ពុជា នៅរយៈពេលចុងក្រោយនេះ ដែលមើលទៅហាក់ដូចជាយុទ្ធសាស្ត្ររៀបចំទុកជាមុន «យ៉ាងច្បាស់លាស់» របស់អាជ្ញាធរកម្ពុជា ក្នុងការដាក់ទណ្ឌកម្ម និងរារាំងការបញ្ចេញមតិប្រឆាំង ខណៈការបោះឆ្នោតឃុំ-សង្កាត់នឹងមកដល់ក្នុងរយៈពេល ៤ខែទៀត ហើយការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍នេះ ក៏បង្ហាញការព្រួយបារម្ភរបស់បណ្ដាញសង្គមស៊ីវិលទាំង ៧៨ ចំពោះការកើនឡើងនៃភាពធ្ងន់ធ្ងរនៃការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជា មកលើសេរីភាពជាមូលដ្ឋានដែលអ្នកការពារសិទ្ធិមនុស្ស ត្រូវបានក្លាយជាគោលដៅនៃការគំរាមកំហែង ការយាយីតាមផ្លូវតុលាការ និងការប្រើអំពើហិង្សា។
ពួកគេសង្កត់ធ្ងន់ថា « អ្នកការពារសិទ្ធិមនុស្សមានតួនាទីយ៉ាងសំខាន់ក្នុងការទាមទារឲ្យអ្នកមានអំណាច មានការទទួលខុសត្រូវ។ ការវាយប្រហារមកលើបុគ្គលដែលធ្វើការលើបញ្ហាសិទ្ធិមនុស្សដោយសន្តិភាព និងត្រឹមត្រូវតាមច្បាប់ គឺជារឿងខុសច្បាប់ ដែលមិនអាចទទួលយកបាន និងត្រូវតែបញ្ឈប់ »។
អ្នកការពារសិទ្ធិមនុស្សរបស់សមាគមអាដហុក (ADHOC) ចំនួន ៤នាក់ រួមមានអ្នកស្រី លឹម មុន្នី លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត រួមនឹងអគ្គលេខាធិការរងរបស់ គ.ជ.ប និងអតីតអ្នកការពារសិទ្ធិមនុស្សនៃសមាគមអាដហុក លោក នី ចរិយា ត្រូវបានតុលាការដាក់ឲ្យជាប់ឃុំចំនួនជាង ៣០០ថ្ងៃហើយ។ ការសម្រេចរបស់តុលាការ ត្រូវបានអ្នកតាមដានរិះគន់ថា ស្ថិតក្រោមឥទ្ធិពលនយោបាយ។
សេចក្តីថ្លែងការណ៍នេះ ក៏ទាញករណីការកាត់ទោសអ្នកស្រី ទេព វន្នី សកម្មជនតវ៉ាដីធ្លីលេចធ្លោ ដែលតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំកន្លះ និងពិន័យប្រាក់ ថាបានចូលរួមរុញដើរថយក្រោយនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកស្រី ទេព វន្នី ដែលតែងចេញតាមដងផ្លូវតវ៉ា និងរិះគន់រដ្ឋាភិបាលពីការខ្វះប្រសិទ្ធភាពដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងកក់ ដែលកំពុងប្រែក្លាយជាទីក្រុងរណបនៅក្បែរអគារវិមានសន្តិភាព និងទីស្ដីការគណៈរដ្ឋមន្ត្រី។
អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរឃាត់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៦ នៅពេលអ្នកស្រី និងសហគមន៍បឹងកក់ រៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលជារដ្ឋាភិបាលហៅថាជាចលនាបដិវត្តន៍ពណ៌ ដើម្បីទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស។ ចាប់ពីពេលនោះមក បណ្ដឹងជាច្រើនប្រឆាំងនឹងអ្នកស្រី ទេព វន្នី ត្រូវបានតុលាការសើរើយកមកជំនុំជម្រះ។
ទោះយ៉ាងណា សហគមន៍បឹងកក់ និងសហគមន៍បុរីកីឡា បញ្ជាក់ថា នឹងបន្តធ្វើយុទ្ធនាការនេះទៀតរហូតដល់អ្នកកំពុងជាប់ឃុំត្រូវបានដោះលែង។
អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិទាំង ៧៨ គូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា « ការវិវឌ្ឍន៍ទាំងអស់នេះ បានកើតឡើងក្នុងបរិយាកាសដ៏អាក្រក់សម្រាប់វិស័យសិទ្ធិមនុស្សនៅកម្ពុជា »។ ពួកគេបន្ថែមថា ការដែលមន្ត្រីរបស់រដ្ឋាភិបាលចាត់ទុកការប្រមូលផ្តុំ និងតវ៉ាដោយអហិង្សា ជាចេតនាធ្វើបដិវត្តន៍ពណ៌ ហាក់ជាការសបញ្ជាក់ថា រដ្ឋាភិបាលព្យាយាមប្ដូរនិយមន័យនៃការធ្វើបាតុកម្មដោយអហិង្សាដែលគាំពារដោយច្បាប់ ទៅជាទង្វើខុសច្បាប់វិញ ដើម្បីការពារខ្លួនមុនពេលចុះបង្ក្រាបដោយមិនសមាមាត្រ និងហិង្សាលើក្បួនតវ៉ា។
សេចក្តីថ្លែងការណ៍នេះបង្ហាញការព្រួយបារម្ភថា សកម្មភាពទាំងអស់នេះធ្វើឲ្យអ្នកការពារសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ ប្រឈមនឹងគ្រោះថ្នាក់ នៅពេលពួកគេសម្ដែងមតិ ប្រមូលផ្តុំ ជួបជុំនៅក្នុងអំឡុងរយៈពេលបោះឆ្នោតដែលខិតចូលមកដល់។
ក៏ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ផ្ទុយពីនេះ។ លោកថា ការជាប់ឃុំរបស់អ្នកការពារសិទ្ធិមនុស្សទាំងអស់ មិនជាប់ទាក់ទងនឹងការដាក់សម្ពាធផ្នែកនយោបាយនោះទេ តែជាការអនុវត្តទៅតាមច្បាប់ បើជនណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែទទួលការផ្ដន្ទាទោស ដែលលោកថា អ្នកជាប់ឃុំទាំងនោះបានព្យាយាមបំបាត់ភស្តុតាង៖ « ខ្លួនឯងប្រព្រឹត្តល្មើសច្បាប់ មិនទទួលស្គាល់ការពិត មិនហ៊ានប្រឈមមុខច្បាប់ ទៅជាដាក់កំហុសលើអ្នកដទៃ។ វាមានភ្លើង បានមានផ្សែង វាមិនដែលផ្សែងណាមករកភ្លើងទេ »។
លោកបន្ថែមថា រដ្ឋាភិបាលមិនបានគាបសង្កត់សិទ្ធិសេរីភាពបញ្ចេញមតិនោះទេ តែលោកថា អ្នកសម្ដែងមតិហួសពីព្រំដែនកំណត់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្ដីពីអ្នកការពារសិទ្ធិមនុស្សឆ្នាំ១៩៩៩ បានចែងថា សិទ្ធិរបស់បុគ្គលគ្រប់រូបក្នុងការចូលរួមសកម្មភាពទាំងឡាយដោយសន្តិវិធី ដើម្បីប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ត្រូវបានធានាជាលក្ខណៈអន្តរជាតិ។
ក្រុមការងារអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាការឃុំតាមអំពើចិត្ត កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ សម្រេចថា អ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ ត្រូវបានគេរើសអើង ដោយសារតែពួកគេមានឋានៈជាអ្នកការពារសិទ្ធិមនុស្ស និងពួកគេរងការរំលោភបំពានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ហើយក្រុមការងារនេះក៏បានអំពាវនាវឲ្យដោះលែងអ្នកកំពុងជាប់ឃុំ។
បីខែក្រោយមកទៀត (នៅខែមករា ឆ្នាំ២០១៧) អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សស្ដីពីកម្ពុជា របស់អង្គការសហប្រជាជាតិ លើកឡើងថា ខណៈធនធាន និងកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធតុលាការនៅកម្ពុជា បានផ្ដើមប្រសើរឡើងផ្នែកខ្លះ ក៏ប៉ុន្តែប្រសិទ្ធភាពនៃការងារតុលាការ ត្រូវបានបាត់បង់ទាំងស្រុងក្នុងករណីជំនុំជម្រះអ្នកការពារសិទ្ធិមនុស្ស។
របាយការណ៍អង្កេតដែលទើបចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ រកឃើញថា ប្រជាពលរដ្ឋកម្ពុជា ចាត់ទុកស្ថាប័នតុលាការជាស្ថាប័នសាធារណៈដែលពុករលួយជាងគេបំផុតនៅប្រទេសកម្ពុជា។
អ្នកការពារសិទ្ធិមនុស្ស ត្រូវបានតុលាការច្រានចោលសំណើសុំឲ្យនៅក្រៅឃុំចំនួន ៦លើករួចមកហើយ។
លោក កឹម សុខា ក្រោយពេលទទួលការព្រះរាជទានទោសតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី បង្ហាញសញ្ញាវិជ្ជមាននៃការដោះលែងអ្នកការពារសិទ្ធិមនុស្ស តាមរយៈគម្រោងជួបចរចារវាងមេដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយមានសំឡេងក្នុងរដ្ឋសភា។ ក៏ប៉ុន្តែការជួបចរចាត្រូវបានលើកពេល និងផ្អាករហូតមកដល់ពេលបច្ចុប្បន្ន បន្ទាប់ពីភាពតានតឹងនយោបាយកើតឡើងរហូតដល់មានការរំលាយតួនាទីប្រធានក្រុមភាគតិចនៅសភាសម្រាប់ចរចានយោបាយ និងការអនុម័តសេចក្ដីស្នើស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ពីសំណាក់សមាជិកសភាគណបក្សកាន់អំណាច ដែលអ្នកវិភាគពន្យល់ថា ជាការព្យាយាមប៉ុនប៉ងរំលាយគណបក្សប្រឆាំងមុនការបោះឆ្នោតមកដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
