អង្គការ​៣២​ស្ថាប័ន​ចាត់​ទុក​ការ​រុះរើ​បដា​សុំ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​ថា​ខុស​រដ្ឋធម្មនុញ្ញ

អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​សរុប ៣២​ស្ថាប័ន នៅ​ថ្ងៃ​ទី​៩ ឧសភា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ដោយ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​រុះរើ​បដា​ស្នើសុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​នាក់ និង​អ្នកស្រី ទេព វន្នី។

សេចក្តី​ថ្លែងការណ៍​រួម​នេះ​ហៅ​ការ​ដាក់​បង្ហាញ​បដា​របស់​ពលរដ្ឋ និង​អង្គការ​ពាក់ព័ន្ធ គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ខាង​បញ្ចេញ​មតិ​ត្រឹមត្រូវ​តាម​ច្បាប់។ សង្គម​ស៊ីវិល​ថា ការ​រុះរើ​បដា​ដោយ​បង្ខំ​របស់​អាជ្ញាធរ​នៅ​ខេត្ត​កោះកុង គឺ​ជា​ការ​រឹតត្បិត ដែល​គ្មាន​ការ​សំអាង​ហេតុ​ត្រឹមត្រូវ ហើយ​ជា​ការ​ត្បិត​សិទ្ធិ​មនុស្ស ដែល​ពុំ​ត្រូវ​តាម​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

សង្គម​ស៊ីវិល​ទាំង ៣២​ស្ថាប័ន ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ជា​បន្ទាន់​រាល់​សកម្មភាព​បំភិត​បំភ័យ ការ​គំរាម​កំហែង និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ព្រហ្មទណ្ឌ​លើ​អ្នក​ដែល​អនុវត្ត​ដោយ​សន្តិវិធី​នូវ​សិទ្ធិ​សេរីភាព​ខាង​បញ្ចេញ​មតិ ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី និង​សហគមន៍។ អ្វី​ដែល​បន្ទាន់​បំផុត គឺ​សង្គម​ស៊ីវិល​ទាំងនោះ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​នាក់ គឺ​លោក យី សុខសាន្ដ អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា លោក នី សុខា លោក នី ចរិយា និង​តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។