អ្នក​វិភាគ​រិះគន់​រដ្ឋាភិបាល​ដែល​ហាម​មិន​ឲ្យ​អ.ស.ប​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា

ដោយ ម៉ម មុនីរតន៍
2017.02.15
ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស ២០១៦ ៨៥៥ សហគមន៍​ជម្លោះ​ដីធ្លី តវ៉ា​នៅ​មុខ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Phan Yasy
RFA/Phan Yasy

ក្រសួង​ការ​បរទេស​កម្ពុជា បាន​ស្នើ​ជា​ថ្មី​ទៀត សូម​ឲ្យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា កុំ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា។ ទាក់ទិន​រឿង​នេះ អ្នក​វិភាគ​យល់​ឃើញ​ថា មាន​តែ​ប្រទេស​ដែល​កាន់​របប​ផ្ដាច់ការ​ប៉ុណ្ណោះ ដែល​បារម្ភ​ពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នេះ​ឲ្យ​បាន​ពេញលេញ។

ការ​រិះគន់​របស់​អ្នក​វិភាគ​នៅ​ពេល​នេះ ស្រប​ពេល​ដែល​ជំហរ​របស់​រដ្ឋាភិបាល​នៅ​តែ​ចាត់​ទុក​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ដែល​ប្រចាំ​នៅ​កម្ពុជា ថា​មាន​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ក្រោយ​មួយ​ថ្ងៃ​នៃ​ជំនួប​ទ្វេ​ភាគី​រវាង​ក្រសួង​ការ​បរទេស និង​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស បាន​សរសេរ​យ៉ាង​ពិស្ដារ​ពី​ជំនួប​នេះ។ ក៏ប៉ុន្តែ​នៅ​ឃ្លា​ចុង​ក្រោយ​នៃ​សេចក្ដី​ប្រកាស ស្ថាប័ន​រដ្ឋ​មួយ​នេះ​បាន​រំឭក​ពី​ការ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់​គ្នា​កាល​ពី​ចុង​ឆ្នាំ​២០១៦។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា ដើម្បី​កសាង​ទំនុក​ចិត្ត​គ្នា​នេះ ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ចាំបាច់​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​វិនិច្ឆ័យ និង​គោរព​អធិបតេយ្យភាព ជាពិសេស​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

ជុំវិញ​រឿង​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ យល់​ឃើញ​ថា វា​ជា​ការ​គួរ​ឲ្យ​អាម៉ាស់​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ​ហាមឃាត់​មិន​ឲ្យ​អង្គការ​សហប្រជាជាតិ បន្ត​ពិនិត្យ​លើ​ខ្លឹមសារ​ដែល​កម្ពុជា ក៏​ជា​រដ្ឋ​ភាគី​មួយ​ដែរ ដែល​ឯកភាព​លើ​ការ​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ លោក​បន្ត​ថា មាន​តែ​ប្រទេស​ដែល​អនុវត្ត​ផ្ទុយ​ពី​សង្គម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ដែល​រារាំង​មិន​ចង់​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ដ៏​ពេញលេញ។ លោក​បន្ត​ថា «របប​ផ្ដាច់ការ​តែងតែ​យក​អធិបតេយ្យភាព​គោលការណ៍​គោរព​អធិបតេយ្យភាព​តាម​បែប​ប្រជាធិបតេយ្យ លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ហ្នឹង ដទៃ​ហ្នឹង។ នេះ​គឺ​យក​ធ្វើ​ជា​របង​រារាំង និង​ការពារ​ខ្លួន»

កាល​ពី​ចុង​ឆ្នាំ​២០១៦ ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ធ្លាប់​ព្រមាន​បិទ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នេះ​ម្ដង​រួច​ហើយ ដោយ​ចាត់​ទុក​ថា អង្គភាព​អន្តរជាតិ​មួយ​នេះ​រំលោភ​លើ​កិច្ចព្រមព្រៀង​របស់​ខ្លួន។

បើ​ទោះ​ជា​យ៉ាង​ណា ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ប្រាក់ សុខុន និង​អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ នៅ​ទីស្ដីការ​ក្រសួង លោក ប្រាក់ សុខុន សន្យា​ថា​ជួប​គ្នា ៣​ខែ​ម្ដង​ទៅ​តាម​ភាព​ចាំបាច់​នៃ​ការងារ។ ការ​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ នៅ​ក្រោយ​ពេល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦ លើ​អនុស្សរណៈ​សម្រាប់​ការ​អនុវត្ត​កម្មវិធី​សហប្រតិបត្តិការ​បច្ចេកទេស​ស្ដីពី​សិទ្ធិ​មនុស្ស។

អ្នក​វិភាគ​យល់​ឃើញ​ថា ថ្វី​បើ​ពេល​នេះ​ភាគី​ទាំង​ពីរ​បាន​ស្រុះស្រួល​គ្នា និង​ខំ​កសាង​ជំនឿ​ចិត្ត​ដែល​ជា​ការ​ជួសជុល​ភាព​ប្រេះឆា និង​ភាព​រង្គោះរង្គើ​ក្នុង​ពេល​កន្លង​ទៅ​ក៏ដោយ​ចុះ ជំហរ​របស់​រដ្ឋាភិបាល​នេះ​នៅ​តែ​ជា​គំរាម​កំហែង​ដល់​ដំណើរ​ប្រតិបត្តិការ​របស់​ឧត្ដម​ស្នងការ​នេះ​ដដែល។

ទាក់ទិន​បញ្ហា​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា ចេតនា​របស់​រដ្ឋាភិបាល​ពិត​ជា​មិន​ចង់​ឲ្យ​មាន​តំណាង​អង្គការ​សហប្រជាជាតិ ឬ​លក្ខខណ្ឌ​ដែល​ប្រសើរ​សម្រាប់​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ សេរី ពហុ​បក្ស​ប៉ុន្មាន​នោះ​ទេ។ លោក​បន្ត​ថា «រដ្ឋាភិបាល​តែង​ព្យាយាម​ទប់ស្កាត់ និង​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា យើង​នេះ»

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ជំហរ​របស់​រដ្ឋាភិបាល​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម។ ប៉ុន្តែ​អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ធ្លាប់​អះអាង​នៅ​ចំពោះ​មុខ​លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន ថា​អ្នកស្រី​បំពេញ​កិច្ចការ​ត្រឹម​ក្នុង​ក្របខ័ណ្ឌ​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស បាន​បញ្ជាក់​ថា មន្ត្រី​រដ្ឋការ​អន្តរជាតិ (Civil Service) មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​នយោបាយ ឬ​កិច្ចការ​របស់​រដ្ឋាភិបាល​ឡើយ។ ការ​ទិតៀន ឬ​ការ​ប៉ុនប៉ង​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​រដ្ឋាភិបាល​ពី​សំណាក់​មន្ត្រី​រដ្ឋការ​អន្តរជាតិ ទោះ​បី​មាន​លក្ខណៈ​បុគ្គល ឬ​ជា​ក្រុម​ក៏ដោយ វា​ជា​ប្រការ​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។

អ្នក​វិភាគ​យល់​ឃើញ​ថា ប្រសិន​បើ​រដ្ឋាភិបាល​មួយ​ព្យាយាម​ប្រើ​អំណាច​គ្រប​លើ​ច្បាប់ និង​បទដ្ឋាន​នានា មាន​ន័យ​ថា នោះ​គឺ​ជា​ទម្រង់​នៃ​ការ​គ្រប់គ្រង​តាម​បែប​អំណាច​ផ្ដាច់ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។