ជនសង្ស័យ ៣នាក់ ក្នុងនោះមានជនជាតិជប៉ុនម្នាក់ និងខ្មែរពីរនាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីនាំនារីខ្មែរចំនួន ១០នាក់ ទៅប្រទេសជប៉ុន បិទសិទ្ធិសេរីភាព និងបង្ខំឲ្យបម្រើផ្លូវភេទ។
ជនសង្ស័យទាំង ៣នាក់នេះមានឈ្មោះ ហ៊្វូគុយ ស៊ូស៊ូមុ (Fukui Susumu) ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិជប៉ុន មានមុខរបរជាប្រធានភោជនីយដ្ឋានជប៉ុន ឈ្មោះ ហ្គីណេស និងបម្រើការងារនៅក្រុមហ៊ុនដឹកជញ្ជូនថ្ងៃរះ ប្រពន្ធឈ្មោះ លឹម លក្ខិណា ហៅ អាណែត ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ សេង ចាន់ឌី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ធ្វើការនៅភោជនីយដ្ឋានហ្គីណេស។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅក្នុងអំឡុងខែសីហា ឆ្នាំ២០១៦ មេខ្យល់ឈ្មោះ ហ៊្វូគុយ ស៊ូស៊ូមុ និងប្រពន្ធឈ្មោះ លឹម លក្ខិណា បានឃោសនានៅភ្នំពេញ បោកបញ្ឆោតនារីខ្មែរចំនួន ១០នាក់ ឲ្យទៅធ្វើការនៅភោជនីយដ្ឋាននៅប្រទេសជប៉ុន ដោយបានសន្យាផ្តល់ប្រាក់ខែពី ៣ពាន់ដុល្លារ ទៅ ៥ពាន់ដុល្លារ និងចេញថ្លៃសោហ៊ុយធ្វើឯកសារ និងការធ្វើដំណើរ។ ពេលទៅដល់ប្រទេសជប៉ុន នារីខ្មែរទាំងនេះត្រូវបានគេដកហូតលិខិតឆ្លងដែន រួចនាំឲ្យទៅបម្រើនៅក្នុងភោជនីយដ្ឋានឈ្មោះ អ៊ីកាហុ នៅខេត្ត ហ្គុនម៉ា (GUNMA) និងបង្ខំឲ្យរួមភេទជាមួយភ្ញៀវជប៉ុន។
ក្រោយពីបានទទួលដំណឹងពីនារីរងគ្រោះទាំងនេះ ស្ថានទូតខ្មែរប្រចាំប្រទេសជប៉ុន បានជួយអន្តរាគមន៍ប្ដឹងទៅសមត្ថកិច្ចប្រទេសជប៉ុន សង្គ្រោះនារីខ្មែររងគ្រោះទាំងនេះ និងបញ្ជូនមកកម្ពុជា វិញកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ និងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
