គណៈកម្មការសិទ្ធិមនុស្សថៃ អះអាងថា ខ្លួននឹងរៀបចំផ្ដល់ជំនួយនានាដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងទឹកដីថៃ។
លិខិតរបស់គណៈកម្មការសិទ្ធិមនុស្សថៃ ឆ្លើយមកគណៈកម្មការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១៣ កញ្ញា ចំពោះកង្វល់របស់កម្ពុជាដែលថា មានការបង្ខិតបង្ខំពលករនេសាទខ្មែរឲ្យប្រើប្រាស់គ្រឿងញៀន បង្ខំឲ្យបន្តធ្វើការដោយគ្មានពេលពេលសម្រាក។
អាស៊ីសេរីមិនអាចសុំការពន្យល់បន្ថែមពីប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានទេ នៅថ្ងៃទី១៩ កញ្ញា។
លិខិតរបស់គណៈកម្មការសិទ្ធិមនុស្សថៃបញ្ជាក់ថា គណៈកម្មការសិទ្ធិមនុស្សថៃ ធ្លាប់បានផ្ដល់អនុសាសន៍ទៅរដ្ឋាភិបាលថៃតាំងពីឆ្នាំ២០១៥មក ពីបណ្ដឹងមួយចំនួនទាក់ទងនឹងសិទ្ធិពលករទេសន្តរប្រវេសក៍ក្នុងអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។ អនុសាសន៍ទាំងនោះ គឺជំរុញការអនុវត្តច្បាប់ការងារឲ្យមានប្រសិទ្ធភាព និងប្រឆាំងការជួញដូរមនុស្ស។ ចំពោះម្ចាស់ទូកនេសាទដែលប្រើកម្លាំងពលករដែលគ្មានឯកសារអត្តសញ្ញាណត្រឹមត្រូវ នឹងត្រូវទទួលរងទណ្ឌកម្មធ្ងន់ធ្ងរ។
លិខិតដដែលបន្តថា ចំពោះការបង្ការវិញ គឺគណៈកម្មការនេះ ស្នើទៅបណ្ដាខេត្តនានាក្នុងប្រទេសថៃ ឲ្យលើកកម្ពស់ចំណេះដឹងដល់ពលករដែលធ្វើការនៅទីនោះ ឲ្យយល់ដឹងពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងយល់ដឹងពីគ្រោះថ្នាក់ នៃការជួញដូរកេងប្រវ័ញ្ចការងារជាដើម។
បន្ថែមពីនេះ គណៈកម្មការសិទ្ធិមនុស្សថៃថា នឹងតាមដានការអនុវត្តអនុសាសន៍របស់ខ្លួន ដែលបានដាក់ទៅរដ្ឋាភិបាលថៃនាពេលកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
