កម្ពុជា​នឹង​បញ្ជូន​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​១៣នាក់​ទៅ​ប្រទេស​ទី៣​នៅ​សប្ដាហ៍​ក្រោយ

ដោយ ម៉ម មុនីរតន៍
2016-01-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជនជាតិ​ម៉ុងតាញ៉ា ៦២០
ជនជាតិ​ម៉ុងតាញ៉ា ៩​នាក់ ដែល​រត់​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម មក​ដល់​ទីក្រុង​ភ្នំពេញ​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៥។ រូបថត​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥
RFA/Tha Kitya

ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា (Montagnard) ចំនួន១៣នាក់ រដ្ឋាភិបាល​នឹង​បញ្ជូន​ចេញ​ទៅ​ប្រទេស​ទី៣ នៅ​ក្នុង​សប្ដាហ៍​ក្រោយ យ៉ាង​យូរ បន្ទាប់​ពី ឧត្ដមស្នងការ អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជនភៀសខ្លួន ហៅ​កាត់​ថា យូអ៊ិនអេច្ចស៊ីអ (UNHCR) ផ្ដល់​ព័ត៌មាន​ជា​ផ្លូវការ​​រួច។ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​នាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​អគ្គនាយកដ្ឋាន​ក្រសួង​មហាផ្ទៃ អះអាង​ថា ភាព​យឺតយ៉ាវ​នៃ​បញ្ជូន​ចេញ​នេះ ដោយ​សារ​ការិយាល័យ​នៃ​ឧត្ដមស្នងការ អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​ប្រទេស ដែល​ត្រូវ​បញ្ជូន​ទៅ​នោះ បាន​នៅ​ឡើយ។

មន្ត្រី​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​សិទ្ធិ​ជនភៀសខ្លួន បញ្ជាក់​ថា ចាប់​ពី​ផ្ដល់​សិទ្ធិ​ក្នុង​ឋានៈ​ជា​ជនភៀសខ្លួន កាល​ពី​ឆ្នាំ២០១៤ រួច​មក ពេលវេលា​នៃ​ការ​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ចេញ​ពី​កម្ពុជា​នេះ បាន​អូស​បន្លាយ​ជាង ១០ ថ្ងៃ​មក​ហើយ ដែល​ជា​ពេលវេលា​មួយ លើស​ពី​កិច្ចព្រមព្រៀង ដែល​បាន​កំណត់​នឹង​ត្រូវ​បញ្ជូន។

ឧត្ដម​នាយ​ឧត្ដមសេនីយ៍ លោក សុខ ផល ទទួល​បន្ទុក​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ឲ្យដឹង​ថា ការ​បន្ត​អូស​បន្លាយ​ពេលវេលា ដ៏​យូរ​ក្នុង​ការ​បញ្ជូន​ចេញ លើស​ការ​កំណត់​នេះ ដោយ​សារ​ត្រូវ​រង់ចាំ​ការ​ឆ្លើយតប ពី​ការិយាល័យ​ឧត្ដមស្នងការ អង្គការ​សហប្រជាជាតិ។លោក​បន្ត​ថា ប្រទេស​ដែល​នឹង​ត្រូវ​បញ្ជូន​ម៉ុងតាញ៉ា ១៣​នាក់​ទៅ​នោះ អាច​ជា​ប្រទេស នូវែលហ្សេឡង់ (New Zealand) ។យ៉ាង​ណា លោក សុខ ផល អះអាង​ថា យូរ​បំផុត​អាច​ក្នុង​សប្ដាហ៍​ក្រោយ​នេះ ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា ទាំង១៣នាក់ នឹង​ត្រូវ​បញ្ជូន​ចេញ​ហើយ។លោក​បន្ត​ថា «យើង​បាន​ការ​ឯកភាព​គ្នា​រវាង UNHCR និង អាជ្ញាធរ​របស់​កម្ពុជា​ជាពិសេស​ក្រសួង​ការបរទេស និង ក្រសួង​មហាផ្ទៃ​ហើយ​គឺ​ថា​ចំពោះ​១៣នាក់​នេះ UNHCR កំពុង​ខិតខំ​រក​ប្រទេស​បញ្ចេញ​ទៅ។ សន្យា​ក្នុង​ពេល​ឆាប់​ៗ​នេះ ព្រោះ​ឥឡូវ​នេះ​បើ​ឱសានវាទ​វា​លើស ១០ ថ្ងៃ​ហើយ។ ប៉ុន្តែ​គាត់​សន្យា​ហើយ ភាគ​ច្រើន​ប្រហែល​ចេញ​ក្នុង​អាទិត្យ​បន្ទាប់​នេះ »

បើ​ទោះ​ជា​បែប​ណា សេចក្ដី​រាយការណ៍​មុន​ៗ របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ​និយាយ​ថា ម៉ុងតាញ៉ា​ទាំង១៣នាក់​នោះ អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ប្រទេស​ហ្វីលីពីន​វិញ។

សព្វថ្ងៃ​មាន​ម៉ុងតាញ៉ា​ជិត២រយនាក់​ផ្សេងទៀត កំពុង​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពួក​គេ​គេច​ចេញ​ពី​ប្រទេស​ដើម​កំណើត ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ប្រទេស​ទី៣។ លោក សុខ ផល ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជនជាតិ​ម៉ុងតាញ៉ា​ទាំង​នោះ នឹង​ត្រូវ​វាយតម្លៃ និង ធ្វើ​អត្តសញ្ញាណ ក្នុង​ឋានៈ​ជា​ជនភៀសខ្លួន គឺ​មន្ត្រី​ជំនាញ​ក្រសួង​មហាផ្ទៃ កំពុង​ដំណើរការ​បន្ត​ទៀត។ អ្នក​ដែល​នៅ​សេសសល់ បើ​រក​ឃើញ​ថា ពុំ​មាន​លក្ខណ​គ្រប់គ្រាន់ ដែល​ចាត់​ទុក​ជា​ជនភៀសខ្លួន​ទេ អ្នក​ទាំង​នោះ នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា មាន​ជនជាតិ​ម៉ុងតាញ៉ា ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់​ជាង​២រយនាក់ ( ២៥៩) ក្នុង​នោះ​ជិត ៧០នាក់ (៦៩) សម្រេច​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ បច្ចុប្បន្ន​ម៉ុងតាញ៉ា ដែល​នៅ​សល់​ជិត ២រយនាក់ (១៩០) ក្នុង​នោះ​ស្ត្រី​៥៧នាក់។

យ៉ាង​នេះ​ក្ដី របាយការណ៍​របស់ យូ.អិន.អេច្ឆ.ស៊ី.(UNHCR) ឲ្យ​ដឹង​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ ពុំ​បាន​ផ្ដល់​សិទ្ធិ ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន ឲ្យ​ក្រុម​ម៉ុងតាញ៉ា ប្រមាណ ២០០​នាក់ ដើម្បី​ទទួល​បាន​សិទ្ធិ​ជ្រកកោន បន្ទាប់​ពី​ពួក​គេ​រត់​គេច​ពី​ប្រទេស​វៀតណាម។

វិទ្យុ​អាស៊ី​សេរី ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ ជុំវិញ​រឿង​នេះ ពី​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជនភៀសខ្លួន​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី ២៣ ខែ មករា ។

កាល​ពី​ចុង​ឆ្នាំ២០១៤ មាន​ក្រុម​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា ជា​ច្រើន​ក្រុម​បាន​រត់​ភៀស​ខ្លួន សម្រុក​ចូល​មក​កម្ពុជា ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន ក្នុង​ឋានៈ​ជា​ជនភៀសខ្លួន។ការ​ភៀស​ខ្លួន​របស់​ក្រុម​ម៉ុងតាញ៉ា​ទាំង​នោះ ក្រោម​ហេតុផល គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ដោយ​អាជ្ញាធរ​វៀតណាម។

បើ​ទោះ​ជា​បែប​ណា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​រដ្ឋាភិបាល​សម្រេច​ផ្ដល់​សិទ្ធិ​ឲ្យ​ជន​ភៀស​ខ្លួន​ចំនួន​១៣នាក់ បាន​ជ្រកកោន​ទៅ​ប្រទេស​ទី៣។

ជុំវិញ​រឿង​នេះ លោក អំ សំអាត មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ( LICADHO) យល់​ឃើញ​ថា មិន​មាន​អ្វី​ដែល​ចម្លែក​ឡើយ ចំពោះ​ការ​សម្រេច​ផ្ដល់​សិទ្ធិ​ក្នុង​ឋានៈ ជា​ជន​ភៀស​ខ្លួន​នៅ​ពេល​នេះ របស់​រដ្ឋាភិបាល។ លើស​ពី​នេះ​ទៀត កម្ពុជា​គឺ​រដ្ឋ​ភាគី នៃ​អនុសញ្ញា​គោរព និង​អនុវត្ត​សិទ្ធិ​ជនភៀសខ្លួន ហេតុនេះ​ផ្អែក​លើ​កាតព្វកិច្ច រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​នេះ។ លោក​បន្ត​ថា «ធម្មតា​យើង​ជា​សមាជិក​យើង​មាន​កាតព្វកិច្ច ក្នុង​ការ​គោរព​ទៅ​តាម​អនុសញ្ញា​ទាំងអស់​ហ្នឹង ជាពិសេស​ជនភៀសខ្លួន​ដែល​គាត់​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី៣។ កម្ពុជា​ត្រូវ​តែ​សម្ភាសន៍​រក​ឋានៈ​នៃ​ជន​ភៀស​ខ្លួន ទៅ​តាម​កាតព្វកិច្ច និង ទៅ​តាម​គោលការណ៍​នៃ​អនុសញ្ញា​ជនភៀសខ្លួន»

ប្រទេស​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង អនុសញ្ញា​ការពារ​សិទ្ធិ​ជន​ភៀស​ខ្លួន និង ជា​រដ្ឋ​ជា​ភាគី​នៃ​អនុសញ្ញា​នេះ​ដែរ របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន។ យ៉ាង​នេះ​ក្ដី ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រិះគន់ ថា រដ្ឋាភិបាល​ពិត​ជា​ការ​ខកខាន ក្នុង​ការ​អនុវត្ត​លើ​អនុសញ្ញា​នេះ ផ្ទុយ​ពី​ពិធីសារ ដែល​ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​រួច ក្នុង​ក្របខ័ណ្ឌ​សមាជិក​អង្គការ​សហប្រជាជាតិ។

មាត្រា ៣​នៃ​អនុសញ្ញា សិទ្ធិ​ជន​ភៀសខ្លួន ចែង​ថា រដ្ឋ​ភាគី​នៃ​អនុសញ្ញា ត្រូវ​អនុវត្ត​បទបញ្ញត្តិ​នៃ​អនុសញ្ញា​នេះ ចំពោះ​ជន​ភៀសខ្លួន​ទាំងអស់ ដោយ​មិន​រើសអើង ពូជសាសន៍ និង​សាសនា ឬ ប្រទេស​កំណើត​ឡើយ។

យ៉ាង​នេះ​ក្ដី លោក សុខ ផល អះអាងថា លក្ខណៈ​ដែល​កំណត់​ថា​ជា​ជន​ភៀសខ្លួន​ទៅ​បាន មិន​គ្រប​ដណ្ដប់​ទៅ​លើ ការ​រត់​គេចខ្លួន ព្រោះ​សេដ្ឋកិច្ច​ឡើយ។ ផ្ទុយ​ទៅ​វិញ បញ្ហា​ដែល​ចាត់​ទុក​ថា ជា​ជនភៀសខ្លួន​ទៅ​បាន លុះ​ត្រា​រក​ឃើញ​ថា ត្រូវ​បាន​គេ​​គាប់​សង្កត់​ផ្នែក​នយោបាយ ឬ​ការ​រំលោភ​សិទ្ធិមនុស្ស​​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

បើវៀតណាមមិនបានអនុញ្ញត ហ៊ុន សែនគ្មានពេលហ៊ានបញ្ជូន ពួកម៉ុងតាញ៉ាអស់នោះទៅទេ នេះគ្រាន់តែជានយោបាយរបស់វៀតណាមនិងហ៊ុន សែនប៉ុណ្ណោះមុនពេលបោះឆ្នោត ដើម្បីចង់បង្ហាញអន្តរជាតិនិងសង្គមខ្មែរ ថាខ្លួនមិនរំលោភសិទ្ធមនុស្ស ក្រោយពីបានជំនួយពីគេ និងក្រោយបោះឆ្នោតច្បាស់លើសដើមមិនខាន ចាំតែមើលទៅ

Jan 23, 2016 09:27 AM

គេហទំព័រ​ទាំងមូល