សង្គម​ស៊ីវិល​២២​ស្ថាប័ន​ធ្វើ​យុទ្ធនាការ​បញ្ឈប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ២០​ស្ថាប័ន បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​បញ្ឈប់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា។ ការ​ប្រារព្ធ​ពិធី​នេះ ស្រប​ពេល​ខួប​លើក​ទី​២ នៃ​ទិវា​បញ្ឈប់​និទ្ទណ្ឌភាព​អន្តរជាតិ​ចំពោះ​បទល្មើស​ប្រឆាំង​ទៅ​លើ​អ្នក​សារព័ត៌មាន ដែល​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ យុទ្ធនាការ​ឆ្នាំ​នេះ ក្រោម​ប្រធានបទ មិន​ភ្លេច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សម្ដី​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​លើក​ឡើង​ពី​សំណុំ​រឿង​មួយ​ថា ករណី​នោះ​គួរ​តែ​ត្រូវ​បាន​កប់​ចោល។

អំពើ​ហិង្សា និង​ការ​បាញ់​សម្លាប់​លើ​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​តំណាង​រាស្ត្រ អ្នក​ការពារ​បរិស្ថាន សហជីព ពលរដ្ឋ និង​អ្នក​សារព័ត៌មាន​មក​ទល់​ពេល​នេះ តុលាការ​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ថា យុទ្ធនាការ​នេះ​មាន​គោលដៅ​ទាមទារ​ឲ្យ​មាន​ការ​លុប​បំបាត់​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា ដែល​ជា​កាតព្វកិច្ច​របស់​មន្ត្រី​មាន​សមត្ថកិច្ច ក្នុង​ការ​ធានា​សិទ្ធិ​ដល់​ជន​រងគ្រោះ និង​គ្រួសារ​ជន​រងគ្រោះ ឲ្យ​ទទួល​បាន​យុត្តិធម៌ និង​ទទួល​បាន​សំណង​សមរម្យ៖ «យើង​ចង់​ពញ្ញាក់​អារម្មណ៍​ដល់​សាធារណជន ពិសេស​គឺ​អាជ្ញាធរ​មាន​សមត្ថកិច្ច ស្ថាប័ន​ប្រព័ន្ធ​យុត្តិធម៌ ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ម៉ត់ចត់ និង​ត្រឹមត្រូវ ធានា​ថា​ជន​រងគ្រោះ​ទាំងឡាយ​ដែល​ត្រូវ​បាន​ទទួល​រង​នូវ​វប្បធម៌​និទ្ទណ្ឌភាព​នេះ គួរ​តែ​ត្រូវ​បាន​យុត្តិធម៌»

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​បញ្ឈប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា ក្រោម​ប្រធានបទ “មិន​ភ្លេច” នៅ​អគារ អេហ្វ.ស៊ី.ស៊ី (FCC) ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា។ យុទ្ធនាការ​នេះ មាន​ការ​តាំង​បង្ហាញ​រូបថត​ជន​រងគ្រោះ​នៃ​និទ្ទណ្ឌភាព​នៅ​កម្ពុជា ដែល​សាធារណជន​អាច​ចូល​ទស្សនា​ដឹង​ពី​រឿងរ៉ាវ​របស់​ពួក​គេ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២២ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​និទ្ទណ្ឌភាព​ជា​ដដែលៗ​នៅ​កម្ពុជា និង​ត្រូវ​ធានា​ថា ជន​ប្រព្រឹត្តិ​រំលោភ​សិទ្ធិ​មនុស្ស ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ដន្ទាទោស។ សេចក្ដី​ថ្លែងការណ៍​ដដែល​សរសេរ​ថា អាជ្ញាធរ​មិន​បាន​ចាត់​វិធានការ​រក្សា​សណ្ដាប់ធ្នាប់​ការពារ​ដល់​ជន​រងគ្រោះ​ឡើយ ហើយ​រហូត​មក​ដល់​ពេល​នេះ ជន​ដៃ​ដល់​មិន​ត្រូវ​បាន​អាជ្ញាធរ​កំណត់​អត្តសញ្ញាណ​នៅ​ឡើយ។

ពលរដ្ឋ​រស់នៅ​ភូមិ​បឹងទ្រាល ឃុំ​អង្គតាសូ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង លោក ខឹម សឿន ជា​ឪពុក​របស់​យុវជន ខឹម សុផាត ដែល​បាត់​ខ្លួន​ក្នុង​ពេល​ប៉ះ​ទង្គិច​លើ​ផ្លូវ​វ៉េងស្រេង ឆ្នាំ​២០១៤ ថ្លែង​ថា គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​តាម​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ជួយ​អន្តរាគមន៍​ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ចំពោះ​ករណី​បាត់​ខ្លួន​កូន​ប្រុស​របស់​លោក។ ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក​ពុំ​មាន​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​នោះ​ទេ៖ «ពីរ​ឆ្នាំ​ទៅ​នេះ​ដូច​បាក់​ដៃ​ម្ខាង​នៅ​សល់​ដៃ​ម្ខាង ម៉ែ​វា​រីងរៃៗ គ្មាន​សង្ឃឹម​រស់​ទេ។ ធ្វើ​បុណ្យ​តែ​ស្មាន​រហូត»

ជន​រងគ្រោះ​ដោយ​អំពើ​និទ្ទណ្ឌភាព​មាន​ដូចជា មេ​ដឹក​នាំ​សហជីព លោក ជា វិជ្ជា ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០០៤ យុវជន ម៉ៅ សុខចាន់ ត្រូវ​បាន​កង​កម្លាំង​បាញ់​សម្លាប់​ក្នុង​ពេល​កង​កម្លាំង​ទប់ស្កាត់​បាតុកម្ម មិន​ឲ្យ​ចូល​ក្រុង​ភ្នំពេញ​ក្រោយ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ឆ្នាំ​២០១២ សាស្ត្រាចារ្យ​សាលា​វិចិត្រ​សិល្បៈ និង​ជា​តារា​សម្ដែង ពិសិដ្ឋ ពិលីកា ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​ឆ្នាំ​១៩៩៩។ តារា​ចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ឲ្យ​ពិការ​នៅ​ឆ្នាំ​២០០៧ សាស្ត្រាចារ្យ​សាលា​វិចិត្រ​សិល្បៈ និង​ជា​តារា​សម្ដែង កញ្ញា ទូច ស៊ុននិច ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ឲ្យ​ពិការ​នៅ​ឆ្នាំ​២០០៣ អតីត​ចៅ​អធិការ​វត្ត​នន្ទមុនី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​ឆ្នាំ​២០០៣។

ក្រៅ​ពី​នោះ មាន​ករណី​ហិង្សា និង​បាញ់​សម្លាប់​ជាច្រើន​ទៀត​លើ​សកម្មជន​គណបក្ស​ប្រឆាំង ដូចជា​ករណី​បាញ់​ប្រហារ​មក​លើ​ហ្វូង​បាតុករ ជាដើម។ ចំណែក​អ្នក​សារព័ត៌មាន តែង​ប្រឈម​នឹង​ការ​គំរាម ការ​ប្រើ​អំពើ​ហិង្សា​ដោយសារ​វិជ្ជាជីវៈ​របស់​ពួក​គេ។ អ្នក​សារព័ត៌មាន​ចំនួន ១៣​នាក់ ត្រូវ​ឃាតក​បាន​បាញ់​សម្លាប់​តាំង​ពី​ឆ្នាំ​១៩៩៤ មក។ ទោះ​ជា​ក្នុង​ករណី​ខ្លះ ឃាតក​ត្រូវ​គេ​ស្គាល់ តែ​ពុំ​មាន​ការ​ស៊ើប​អង្កេត ចោទ​ប្រកាន់ ឬ​ដាក់​ទោស​ឡើយ។ ជុំវិញ​ករណី​សម្លាប់​អ្នក​កាសែត​នេះ មាន​តែ ២​ករណី​ប៉ុណ្ណោះ ដែល​តុលាការ​លើក​មក​កាត់​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។