គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ចោទ​មេ​ប៉ុស្តិ៍​ចំណារក្រោម​ថា​ប្រើ​ហិង្សា​និង​គំរាមកំហែង

0:00 / 0:00

ពលរដ្ឋ​រងគ្រោះ​នៅ​ឃុំ​ចំណារក្រោម ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ត្រៀម​ប្ដឹង​មេ​ប៉ុស្តិ៍​ឃុំ​ចំណារក្រោម ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា និង​គំរាម​កំហែង។ មេ​ប៉ុស្តិ៍​ឃុំ​ចំណារក្រោម កាល​ពី​យប់​ថ្ងៃ​ទី​១៩ មេសា បាន​វាយ​ពលរដ្ឋ​ឲ្យ​រង​របួស​ក្បាល ខណៈ​ពួក​គេ​ត្រឡប់​មក​ពី​មើល​គេ​រាំ​ធុងបាស​ក្នុង​ភូមិ​វិញ។ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ចំណារក្រោម បញ្ជាក់​ថា ខ្លួន​មិន​មាន​ចេតនា​វាយ​ពលរដ្ឋ​រូប​នោះ​ទេ តែ​ជា​ការ​ការពារ​ខ្លួន​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ព្រះនង្គ័ល ឃុំ​ចំណារក្រោម យល់​ថា សកម្មភាព​វាយ​ដំ និង​គំរាម​កំហែង​មក​លើ​ខ្លួន​ពី​សំណាក់​មេ​ប៉ុស្តិ៍​ឃុំ​ចំណារក្រោម ធ្វើ​ឡើង​ដោយ​គ្មាន​ការ​គិត​ពិចារណា ហើយ​ក៏​ជា​ការ​បំពាន​លើ​ច្បាប់​ថែម​ទៀត។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ព្រះនង្គ័ល អ្នកស្រី ឆាន លីម ឲ្យ​ដឹង​ថា កាល​ពី​យប់​កើត​ហេតុ​ថ្ងៃ​ទី​១៩ មេសា ខណៈ​អ្នកស្រី និង​ប្ដី​អ្នកស្រី ព្រម​ទាំង​អ្នក​ភូមិ​ផ្សេង​ទៀត ត្រឡប់​មក​ពី​មើល​គេ​រាំ​ធុងបាស​វិញ ប្ដី​គាត់​ឃើញ​រថយន្ត​មេ​ប៉ុស្តិ៍ ស្មាន​តែ​មិត្តភ័ក្ដិ​ខ្លួន ក៏​ហៅ​ឈ្មោះ​ច្រឡំ ស្រាប់​តែ​មេ​ប៉ុស្តិ៍​ចំណារក្រោម លោក ហ៊ាង ថូន មក​វាយ​ប្ដី​អ្នកស្រី បណ្ដាល​ឲ្យ​រង​របួស​ក្បាល។ អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​កើត​ហេតុ អ្នកស្រី​នាំ​គ្នា​ទៅ​សួរ​នាំ​មេ​ប៉ុស្តិ៍​រូប​នោះ ហើយ​លោក​ក៏​បាញ់​កាំភ្លើង​មួយ​គ្រាប់​ទៀត​ដើម្បី​គំរាម​ពួក​គាត់៖ « តើ​ច្បាប់​នេះ​វា​យ៉ាង​ណា ? នៅ​ពេល​ក្មេង​វាយ​គ្នា​ចេះ​ហ៊ាន​ចាប់ ដល់​ពេល​ប៉ូលិស​វ៉ៃ​ប្ដី​ខ្ញុំ​ទាំង​មូល ហេតុ​អី​បាន​ជា​វា​មិន​បាន​ពោល​ពាក្យ​មួយ​ម៉ាត់​ផង »

ចំណែក​ប្ដី​អ្នកស្រី​ដែល​រង​របួស​ក្បាល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ផ្ទះ លោក ឡាំ ជុន មាន​ប្រសាសន៍​ថា លោក​មិន​ដែល​មាន​ទំនាស់​ជាមួយ​មេ​ប៉ុស្តិ៍​រូប​នោះ​ឡើយ។ ម្យ៉ាង លោក​ក៏​មិន​បាន​បង្ក​បញ្ហា​នៅ​ក្នុង​ពេល​រាំ ឬ​មើល​គេ​រាំ​ធុងបាស​នោះ​ទេ ប៉ុន្តែ​អាច​មេ​ប៉ុស្តិ៍​រូប​នោះ​វាយ​មនុស្ស​ច្រឡំ​ច្រើន​ជាង៖ « លេង​ដាក់​មួយ​ពិល​ម៉ូង លេង​ខ្ញុំ​សន្លប់​ពេញ​តា​វាល​ហ្នឹង​ឯង ហើយ​ខ្ញុំ​គ្មាន​កាំបិត​ពី​ណា​រក​រឿង​គេ​ទេ »

បន្ថែម​ពី​នេះ​ទៀត លោក និង​ក្រុម​គ្រួសារ នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដោយ​ប្ដឹង លោក ហ៊ាង ថូន ដើម្បី​ស្វែងរក​យុត្តិធម៌។

ទាក់ទង​បញ្ហា​នេះ មេ​ប៉ុស្តិ៍​ឃុំ​ចំណារក្រោម លោក ហ៊ាង ថូន បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំងឡាយ។ លោក​បញ្ជាក់​ថា នៅ​យប់​កើត​ហេតុ​មាន​សេចក្តី​រាយការណ៍​ថា មាន​ក្រុម​ក្មេង​បង្ក​បញ្ហា​ក្នុង​វង់​រាំ ប៉ុន្តែ​ខណៈ​លោក​ទៅ បែរ​ជា លោក ឡាំ ជុន មក​រារាំង​លោក​មិន​ឲ្យ​ចូល​ទៅ​ជិត និង​មាន​បំណង​បង្ក​រឿង​ជាមួយ​លោក​ថែម​ទៀត​ផង ហើយ​លោក​ក៏​គ្រវាស​ដៃ​ទៅ​ត្រូវ​មួយ​ពិល។ ក្រោយ​មក​មាន​មនុស្ស​ច្រើន​បម្រុង​មក​បង្ក​បញ្ហា​ជាមួយ​លោក លោក​ក៏​បាញ់​មួយ​គ្រាប់​ទៅ៖ « ដាក់​ពាក្យ​បណ្ដឹង​មក​លើ​ខ្ញុំ ប្រើ​អំពើ​ហិង្សា គឺ​មិន​យុត្តិធម៌​ទេ។ ខ្ញុំ​គ្មាន​ចេតនា​នឹង​ប្រើ​អំពើ​ហិង្សា​លើ​គាត់​ទេ »

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្ទោង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ឆាយ ចែង ស្នើ​ឲ្យ​មន្ត្រី​ថ្នាក់​លើ ត្រូវ​ស៊ើប​អង្កេត​ករណី​នេះ ដ្បិត​សកម្មភាព​មន្ត្រី​ប៉ូលិស​រូប​នោះ គឺ​បណ្ដាល​ឲ្យ​មាន​ភាព​អសន្តិសុខ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ក្តី​បារម្ភ​ទៀត​ផង។ លោក​បញ្ជាក់​ថា នឹង​រៀបចំ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​យុត្តិធម៌ ជុំវិញ​ករណី​ហិង្សា​លើ​ក្រុម​គ្រួសារ​សកម្មជន​របស់​ខ្លួន៖ « ខ្ញុំ​គិត​ថា​សកម្មភាព​របស់​គាត់​ហ្នឹង មិន​បាន​ពិនិត្យ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​ទេ​ក្នុង​គាត់​ជា​អ្នក​កាន់​ច្បាប់​ហ្នឹង »

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញូង សាមឿន មាន​ប្រសាសន៍​ថា ការ​បង្ក​អំពើ​ហិង្សា​លើ​បុគ្គល​ណា​ម្នាក់ គឺ​ជា​រឿង​ខុស​ច្បាប់។ លោក​បន្ត​ថា ទោះ​បី​ជា​ករណី​នេះ​សមត្ថកិច្ច​បញ្ជាក់​ថា គេ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ក៏ដោយ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​សម​ហេតុ​សម​ផល​នោះ​ដែរ ពីព្រោះ​ភាគី​ប្រជាពលរដ្ឋ​មិន​មាន​អាវុធ​ដើម្បី​តបត​ឡើយ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​រងគ្រោះ គឺ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ប្ដឹង​ជន​ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​ខ្លួន​ដើម្បី​ទាមទារ​រក​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។