ការគំរាមកំហែងអ្នកសារព័ត៌មាននៅតែជាទម្លាប់មួយចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា ដែលធ្វើអោយអ្នកសារព័ត៌មាននៅតែពុំទាន់មានសេរីភាពសារព័ត៌មានពេញលេញនៅឡើយ។
ក្រៅពីនេះទៀត ប្រជានាំសារ ឬពលរដ្ឋអ្នកសារព័ត៌មានដែលមិនមែនជាអ្នកសារព័ត៌មានអាជីពនោះ កាន់តែទទួលរងនូវការគំរាមកំហែងខ្លាំងថែមទៀត នៅពេលពួកគាត់ចុះយកព័ត៌មាននៅតាមសហគមន៍របស់ខ្លួននោះ។ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) ចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ នៅថ្ងៃទី២១ សីហា ថា ពលរដ្ឋអ្នកសារព័ត៌មានកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរពីអាជ្ញាធរមូលដ្ឋាន។
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានបញ្ឈប់ការគំរាមកំហែងពលរដ្ឋអ្នកសារព័ត៌មានជាបន្ទាន់ ព្រោះជាការរំលោភសិទ្ធិជាមូលដ្ឋានរបស់មនុស្ស និងរំលោភសិទ្ធិសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញរួមគ្នារវាងមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ នៅថ្ងៃទី២១ សីហា ស្នើឲ្យមន្ត្រីរដ្ឋាភិបាលទទួលស្គាល់សិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាននៅកម្ពុជា។
ការបំភ័យ ឬការប្រើប្រាស់ហិង្សាប្រឆាំងពលរដ្ឋអ្នកសារព័ត៌មាន គឺជាការរំលោភបំពានលើសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពលរដ្ឋ និងត្រូវបញ្ឈប់ជាបន្ទាន់។ ពលរដ្ឋអ្នកសារព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ រួមចំណែកក្នុងការអភិវឌ្ឍ និងធ្វើឲ្យមានតម្លាភាពនៅកម្ពុជា ហើយពួកគេគួរត្រូវបានសាទរចំពោះការងារដែលពួកគេធ្វើ។
ការចេញសេចក្ដីថ្លែងការណ៍នេះ នៅបន្ទាប់ពីអង្គការទាំងពីរ បានធ្វើសិក្ខាសាលារួមគ្នាកាលពីថ្ងៃទី២០ សីហា ដែលមានវាគ្មិនជាអ្នកសារព័ត៌មានអាជីព អ្នកវិភាគសង្គមចូលរួម។ ពលរដ្ឋសារព័ត៌មានចូលរួមជាង ៨០នាក់ មកពីគ្រប់ខេត្តក្រុង ក្នុងនោះមានកម្មកររោងចក្រ ព្រះសង្ឃ ជនជាតិដើមភាគតិច និងសកម្មជនការពារសិទ្ធិមនុស្ស។ ពួកគាត់ធ្វើការស្ម័គ្រចិត្ត និងទទួលបានទូរស័ព្ទស្មាតហ្វូន (Smart Phone) ម្នាក់១គ្រឿង ដើម្បីថតរូប និងសរសេរព័ត៌មានបញ្ជូនមកកាន់ស្ថាប័នទាំងពីរនេះជារៀងរាល់ថ្ងៃ។
ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ មានប្រសាសន៍ថា ពលរដ្ឋអ្នកសារព័ត៌មានកន្លងមក មានការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋាន។ ពួកគាត់គ្មានសិទ្ធិសេរីភាពពេញលេញក្នុងការបំពេញការងាររបស់ខ្លួនទេ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់រួមមានទាំងមន្ត្រីរាជការផង មានសិទ្ធិស្មើគ្នាក្នុងការផ្ដល់ព័ត៌មាន និងទទួលបានព័ត៌មាន៖ «ជារួម ព័ត៌មានសាធារណៈគួរទទួលបាន អ៊ីចឹងមិនគប្បីអីការងារយកព័ត៌មានរបស់ពួកគាត់គួរប្រឈមទេ អកុសលអី យើងឮថា ពួកគាត់ចុះទៅយកព័ត៌មាន មានការរាំងនៅកន្លែងខ្លះ»។
នៅក្នុងកម្មវិធីចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២១ សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ឲ្យតម្លៃទៅលើអ្នកសារព័ត៌មាន ដោយលោកថ្កោលទោសចំពោះក្រុមអាយស៊ីស (ISIS) ដែលសម្លាប់អ្នកសារព័ត៌មានអាមេរិកម្នាក់ ដោយកាត់ក្បាល។ សម្រាប់លោក ការសម្លាប់នេះ គឺជាទង្វើព្រៃផ្សៃបំផុត។ លោក ហ៊ុន សែន អំពាវឲ្យអ្នកសារព័ត៌មាន កុំតក់ស្លុតចំពោះហេតុការណ៍បែបនេះ៖ «ចូលរួមសោកស្ដាយមរណភាពរបស់ លោក ជេម ហ្វូលី (James Foley) ដែលជាអ្នកកាសែត ហើយសូមអំពាវនាវកុំតក់ស្លុតចំពោះបញ្ហានេះ ហើយសូម្បីតែរដ្ឋនេះទទួលបានជោគជ័យ ត្រូវបានបង្កើតក៏គ្មានអ្នកណាទាក់ទងជាមួយដែរ»។
នៅក្នុងសិក្ខាសាលានោះ អ្នកជំនាញខាងសារព័ត៌មាន និងមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ប្រសិនបើប្រជាពលរដ្ឋគ្រប់រូបមានលទ្ធភាព និងមានសេចក្ដីក្លាហានរាយការណ៍អំពីបញ្ហានានាកើតឡើងនៅក្នុងសហគមន៍របស់ពួកគាត់ ដូចជា ភាពអសកម្មភាពរបស់មន្ត្រីមូលដ្ឋាន ការប្រព្រឹត្តទង្វើខុសច្បាប់ ការកាប់ឈើ និងការប្រព្រឹត្តអំពើពុករលួយ ជាដើមនោះ ត្រូវបានលាតត្រដាងជាសាធារណៈនោះ នឹងអាចឲ្យអំពើទាំងនេះកាត់បន្ថយ និងជំរុញការអភិវឌ្ឍសង្គមកាន់តែរីកចម្រើន។
ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង មានប្រសាសន៍ថា ការធ្វើសិក្ខាសាលារយៈពេលមួយថ្ងៃនេះ ក្នុងគោលបំណងសំខាន់បង្ហាញពីសមិទ្ធផល ដែលពួកគាត់បានបំពេញការងារកន្លងមក និងចងបណ្ដាញរវាងពលរដ្ឋជាអ្នកសារព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មានសហគមន៍របស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ឲ្យស្គាល់គ្នា និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ពិសេសទៅទៀតនោះ គឺជាការបង្កើតបណ្ដាញរវាងពលរដ្ឋអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព៖ «នៅក្នុងសហគមន៍គាត់ត្រូវបានគេយកដីធ្លី នៅក្នុងសហគមន៍គាត់ត្រូវបានគេកាប់ព្រៃឈើ ហើយក្រុមប្រជាពលរដ្ឋជាអ្នកសារព័ត៌មាន ខាងខ្ញុំនៅរតនគិរី និងមណ្ឌលគិរី ពួកគាត់ភាគច្រើនជាជនជាតិដើមភាគតិច ហើយពួកគាត់បញ្ជូនមកព័ត៌មានមកច្រើនណាស់ ពាក់ព័ន្ធទៅនឹងការរំលោភវប្បធម៌របស់ពួកគាត់ ការរំលោភដីធ្លីរបស់ពួកគាត់។ល។»។
នៅក្នុងសិក្ខាសាលានេះមានរៀបចំឲ្យមានជាសំណួរចម្លើយ ដែលបើកឲ្យសួរទៅវាគ្មិនក្រោយពេលវាគ្មិនបានធ្វើបទបង្ហាញអំពីវិធីសាស្ត្រក្នុងការសរសេរព័ត៌មានឯករាជ្យ វិធីសាស្ត្រថតរូប និងផ្សេងៗទៀត។
អ្នកយកព័ត៌មានជាន់ខ្ពស់នៃកាសែតភ្នំពេញប៉ុស្តិ៍ លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថា ពលរដ្ឋអ្នកសារព័ត៌មានអាចប្រឈមខ្លាំងនឹងសមត្ថកិច្ច ដោយសារពួកគាត់មិនមែនជាអ្នកសារព័ត៌មានអាជីព ហើយគាត់រាយការណ៍អំពីសាច់រឿងរសើបនៅក្នុងសហគមន៍របស់ពួកគាត់នោះ៖ «អ៊ីចឹងបើសិនជាពួកគាត់ព្យាយាមទៅកន្លែងតំបន់ណាដែលមានព្រៃឈើ គាត់អត់មានកាត គាត់នឹងអាចមានបញ្ហាធំហើយ ហើយខ្ញុំជឿជាក់ថា ពួកគាត់អាចដោះស្រាយបញ្ហាហ្នឹងបាន ហើយយើងព្យាយាមប្រាប់អាជ្ញាធរទៅថា យើងជាអ្នកសារព័ត៌មានពលរដ្ឋមិនមែនជាអ្នកសារព័ត៌មានអាជីពទេ»។
វិស័យព័ត៌មានជាវិស័យដ៏សំខាន់មួយសម្រាប់ឲ្យសង្គមមានការផ្លាស់ប្ដូរ និងសម្រាប់បកអាក្រាតបុគ្គលប្រព្រឹត្តិខុសច្បាប់នៅក្នុងសង្គម។ ម្យ៉ាងទៀត កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍវិស័យព័ត៌មានក៏ត្រូវរីកដុះដាលដែរ។ ប៉ុន្តែ បញ្ហាជាក់ស្ដែង ការទទួលបានព័ត៌មានពិតរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ។ នៅតំបន់ខ្លះ មិនទទួលបានព័ត៌មានពីប្រភពខាងក្រៅ ហើយបញ្ហាកើតឡើងនៅតំបន់របស់ពួកគាត់ ក៏មិនត្រូវបានរាយការណ៍ឲ្យរដ្ឋាភិបាលដឹងវិញ។ ប្រការនេះ ជាឧបសគ្គមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
អនុប្រធានវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ ដែលគេភ្ជាប់តាមប្រព័ន្ធស្កែប (Video Skype) នៅក្នុងសិក្ខាសាលានេះដែរ លោកពន្យល់ថា ពលរដ្ឋអ្នកសារព័ត៌មានមានសារសំខាន់ណាស់ក្នុងការរាយការណ៍ព័ត៌មាននៅតាមសហគមន៍របស់ពួកគាត់ ដែលអ្នកព័ត៌មានអាជីពមិនអាចទៅដល់។ លោក ជុន ច័ន្ទបុត្រ សង្កត់ធ្ងន់ថា ពលរដ្ឋអ្នកសារព័ត៌មានត្រូវប្រកាន់ភ្ជាប់នូវការរាយការណ៍ពីការពិតពីមូលដ្ឋានរបស់ខ្លួន និងមានក្រមសីលធម៌៖ «អ្នកសារព័ត៌មានពលរដ្ឋហ្នឹងមិនត្រឹមតែជួយអ្នកក្រៅឲ្យតាមដានសាច់រឿងដែលកំពុងតែកើតឡើងប៉ុណ្ណឹងទេ នៅក្នុងស្ថានភាពខ្លះ ជាពិសេសនៅក្នុងប្រទេសដែលមានការគាបសង្កត់ជាដើមហ្នឹង អ្នកកាសែតពលរដ្ឋអាចជំនួសអ្នកកាសែតអាជីពទៀតផង ក៏ប៉ុន្តែនៅមានភាពអវិជ្ជមានដែលយើងគួរតែយល់ អាចធ្វើឲ្យប៉ះពាល់មានផលអាក្រក់ដល់សង្គមទៀតផងហ្នឹង អ្នកកាសែតពលរដ្ឋហ្នឹង អាចមិនសូវយល់ពីក្រមសីលធម៌ដែលអ្នកកាសែតអាជីពហ្នឹងប្រកាន់យក»។
កញ្ញា ហ៊ុន ស៊ីនួន ដែលជាពលរដ្ឋជាអ្នកសារព័ត៌មាន លើកឡើងថា កញ្ញាពេញចិត្តធ្វើជាអ្នករាយការណ៍ព័ត៌មាននេះ ទោះបីជាកញ្ញាមិនមែនជាអ្នកព័ត៌មានអាជីពក្ដី ពីព្រោះថា ការរាយការណ៍ព័ត៌មានពីសហគមន៍នេះមានសារសំខាន់ក្នុងការជំរុញឲ្យសង្គមមានការផ្លាស់ប្ដូរពីអាក្រក់ទៅល្អ៖ «ចឹងបើសិនជាប្រជាពលរដ្ឋខ្មែរគ្រប់រូប គាត់ចាប់ផ្ដើមយល់ដឹងរឿងហ្នឹង យល់ពីអត្ថប្រយោជន៍វាហ្នឹង ចាប់ផ្ដើមរាយការណ៍ នឹងអាចមានការផ្លាស់ប្ដូរ ព្រោះព័ត៌មានគេហៅថាអំណាច អ៊ីចឹង អំណាចសារព័ត៌មានវាមានសារសំខាន់»។
លក្ខខណ្ឌជ្រើសរើសពលរដ្ឋអ្នកសារព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នេះដូចជា ពលរដ្ឋចេះអាន និងសរសេរអក្សរខ្មែរ ជាសមាជិក ឬជាថ្នាក់ដឹកនាំសហគមន៍ និងអាចចេះប្រើបណ្ដាញសង្គមហ្វេសប៊ុក (facebook) មានឆន្ទៈក្នុងការចូលរួមធ្វើការជាពលរដ្ឋអ្នកសារព័ត៌មាន និងករណីផ្សេងៗមួយចំនួនទៀត។
របាយការណ៍បូកសរុបសន្និបាតរបស់ក្រសួងព័ត៌មាន ឆ្នាំ២០១២ និងទិសដៅឆ្នាំ២០១៣ បានសរសេរថា នៅក្នុងឆ្នាំ២០១២ មានកាសែត ទស្សនាវដ្ដី ព្រឹត្តិបត្របោះពុម្ពជាភាសាខ្មែរចំនួនជាង ៦០០អង្គភាព មានវិទ្យុអែហ្វ.អិម (FM) ជាង ១០០អង្គភាព និងទូរទស្សន៍ជាតិ និងឯកជនជិត ២០ទៀត។
ទោះបីជាសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវបានធានានៅក្នុងច្បាប់សារព័ត៌មាន និងសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិក្ដី ប៉ុន្តែពលរដ្ឋអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព នៅតែទទួលរងនូវការគំរាមកំហែង និងការប្ដឹងផ្ដល់នៅតុលាការ ជាដើម។
ចាប់ពីឆ្នាំ១៩៩៣ មក មានអ្នកសារព័ត៌មានជាង ១០នាក់ត្រូវបានឃាតកសម្លាប់ ដោយសារវិជ្ជាជីវៈដ៏ប្រថុយប្រថានក្នុងប្រទេសដែលពោរពេញទៅដោយភាពរសើបនៃនយោបាយ និងសេរីភាពសារព័ត៌មាននៅមានកម្រិតនៅឡើយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
