អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅកម្ពុជា បារម្ភពីដំណើរសន្សឹមៗរបស់រាជរដ្ឋាភិបាលដែលកំពុងប៉ុនប៉ងរឹតត្បិតសេរីភាពបញ្ចេញមតិនៅតាមប្រព័ន្ធអ៊ីនធឺណិត (Internet)។ ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគច្រើននៃអ្នកប្រើ និយមផ្សារភ្ជាប់ខ្លួនទៅនឹងសង្គមតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក (Facebook) សរសេរក្នុងប្លុក (blog) ឬវិបសាយ (Website) ជាដើម។
រាជរដ្ឋាភិបាលក៏កំពុងប្រឹងប្រែងស្វែងរកលទ្ធភាព និងបច្ចេកទេសថ្មីៗក្នុងការបង្កើតច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត បើទោះបីជាអង្គការសង្គមស៊ីវិលខ្លះមិនចង់ឲ្យមានច្បាប់នោះក៏ដោយ។
ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត នៅកម្ពុជា នៅមានសេរីភាពច្រើននៅឡើយនាពេលបច្ចុប្បន្ន។ ប៉ុន្តែ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រកឃើញតម្រុយរឹតត្បិតខ្លះរបស់រាជរដ្ឋាភិបាល ដែលព្យាយាមប៉ុនប៉ងជាច្រើនលើកក្នុងរយៈពេល ៣ឆ្នាំកន្លងមក ដើម្បីគាបសង្កត់រឹតត្បិតសេរីភាពបញ្ចេញមតិនៅតាមប្រព័ន្ធអ៊ីនធឺណិត។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយកាលពីចុងខែមេសា ឲ្យដឹងថា ចេតនារឹតត្បិតនោះធ្វើឡើងតាមរយៈបង្កើតមជ្ឈមណ្ឌលចែកចាយអ៊ីនធឺណិតកណ្ដាល គ្រប់គ្រងដោយរដ្ឋ កាលពីឆ្នាំ២០០៩ និងក្នុងឆ្នាំ២០១០។ ក្នុងខែឧសភា ឆ្នាំ២០១២ រដ្ឋាភិបាលក៏បានប្រកាសថាកំពុងធ្វើសេចក្តីព្រាងច្បាប់គ្រប់គ្រងអ៊ីនធឺណិត ជាលើកដំបូង ដើម្បីបញ្ញត្តិ និងដាក់កំហិតចំពោះការប្រើប្រាស់លើបណ្ដាញអ៊ីនធឺណិត។ មានហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ចំពោះពង្រាងច្បាប់នោះ គឺដើម្បីរារាំង "ជនទុច្ចរិតមិនឲ្យផ្សព្វផ្សាយព័ត៌មានមិនពិត"។
របាយការណ៍ក៏បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ធ្វើដោយស្ងាត់ៗ ដែលជាការព្រួយបារម្ភថាច្បាប់នោះ អាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពនៃការបញ្ចេញមតិលើបណ្ដាញអ៊ីនធឺណិត។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ឃើញថា រាជរដ្ឋាភិបាលហាក់មានឆន្ទៈបង្កើតច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត៖ «យើងឃើញពីដើមមក ការព្យាយាមឲ្យអ៊ីនធឺណិត ទាំងអស់ឆ្លងចូលកន្លែងតែមួយ ដើម្បីឲ្យរដ្ឋាភិបាលគ្រប់គ្រងនោះ ជារឿងមួយនឹងប្រើប្រាស់គ្រប់គ្រងដូចជាទូរទស្សន៍ និងវិទ្យុ ត្រូវឆ្លងក្រសួងព័ត៌មាន។ ខ្ញុំជឿជាក់ថា ប្រព័ន្ធអ៊ីនធឺណិតឆ្លងកន្លែងតែមួយ គឺគាត់អាចគ្រប់គ្រងបានងាយស្រួលបំផុត ហើយការគ្រប់គ្រងនោះនឹងឈានទៅដល់ការរឹតត្បិតអ្នករិះគន់រដ្ឋាភិបាល ឬលើកឡើងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាដែរ»។
ករណីគាបសង្កត់ខ្លះលើបណ្ដាញអ៊ីនធឺណិត ដែលមានភ្ជាប់ជាឧទាហរណ៍ក្នុងរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រួមមានកាលពីខែមករា ឆ្នាំ២០១១ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត ត្រូវបានបញ្ជាពីក្រសួងមហាផ្ទៃ ឲ្យបិទគេហទំព័រប្លុកស្ពត (Blogspot) ទាំងអស់។ រំលងបានមួយខែក្នុងឆ្នាំដដែលនោះ គេហទំព័រខេអាយមេឌៀ (KI-Media) ខេមរយានកម្ម និងប្លុកសកវាទ៍ ដែលគូររូបកំប្លុកកំប្លែងបែបនយោបាយ និងប្លុកចំនួន ៥ផ្សេងទៀត ដែលល្បីខាងផ្សព្វផ្សាយដំណឹងរិះគន់ដល់រដ្ឋាភិបាល ក៏ត្រូវបានបិទដូចគ្នាដែរ។
ភ្លាមៗក្រោយពីបិទគេហទំព័រប្លុកស្ពត មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្ញើសារអេឡិចត្រូនិកសរសើរដល់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតចំនួន១០ ចំពោះកិច្ចសហការបិទមិនឲ្យអ្នកអាន និងប្រើអ៊ីនធឺណិតចូលទៅកាន់គេហទំព័រទាំងនោះ។
ហើយថ្មីៗក្នុងខែមករា ឆ្នាំ២០១៣ នគរបាលនៅខណ្ឌចំការមន បានចេញដីកាកោះហៅគ្រូបង្រៀនម្នាក់ទៅសួរនាំពីបទបរិហារកេរ្តិ៍ បន្ទាប់ពីលោកគ្រូឈ្មោះ ហែល ភិរុណ បានសរសេរលើហ្វេសប៊ុក រៀបរាប់ពីសកម្មភាពនគរបាលចរាចរណ៍ឃាត់ម៉ូតូរបស់គាត់ទុក ដោយសារម៉ូតូគ្មានស្លាកលេខ។
ច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ឃើញមាននៅប្រទេសប្រកាន់របបកុម្មុយនីស្ត ដូចជាប្រទេសចិន និងប្រទេសវៀតណាម។ រីឯប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ដូចជានៅសហរដ្ឋអាមេរិក មិនមានច្បាប់នេះទេ។
លោក អ៊ូ វីរៈ កត់សម្គាល់ថា នៅលើពិភពលោកមានប្រទេសជាច្រើនមិនបានចេញច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត វាលែងតែរដ្ឋាភិបាលនោះចង់ចេញច្បាប់ដែលអាចរឹតត្បិតសេរីភាពលើប្រព័ន្ធអ៊ីនធឺណិត តែម្តង។ លោកពន្យល់ថា ប្រសិនបើមានបទល្មើស ឬបទឧក្រិដ្ឋណាមួយតាមប្រព័ន្ធអ៊ីនធឺណិត ប្រទេសសាមីអាចយកច្បាប់នានាដែលមានស្រាប់មកប្រើ។ ចំពោះកម្ពុជា ក៏អាចយកលំអានដូចគ្នានោះមកប្រើបានដែរ៖ «ឧទាហរណ៍ បើមានការបរិហារកេរ្តិ៍តាមប្រព័ន្ធអ៊ីនធឺណិតដោយចេតនា អាហ្នឹងគេអាចយកបរិហារកេរ្តិ៍ស៊ីវិលមកប្រើ មិនមែនយកច្បាប់បរិហារកេរ្តិ៍ព្រហ្មទណ្ឌមកប្រើទេ បើសិនជាអ៊ីចឹងមែន មិនចាំបាច់ចេញច្បាប់ប្រព័ន្ធអ៊ីនធឺណិត»។
ទោះជាមានការពិបាកក្នុងការគ្រប់គ្រងព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតយ៉ាងណាក្តី ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ ធ្លាប់បង្ហាញចេតនាមិនចង់ឲ្យរដ្ឋាភិបាលបង្កើតច្បាប់នេះទេ។ លោកបញ្ជាក់ថា រដ្ឋាភិបាលគួរឲ្យពលរដ្ឋខ្មែរមានសេរីភាពអាចផ្សព្វផ្សាយព័ត៌មានតាមបច្ចេកវិទ្យាទំនើបឲ្យបានពេញលេញ។
នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន បញ្ជាក់ថា ច្បាប់គឺជាអាវុធមុខពីរ។ លោកពន្យល់ថា ប្រសិនបើការបង្កើតច្បាប់ដោយមិនគិតពីសេរីភាពប្រជាពលរដ្ឋទេនោះ វាក្លាយជាច្បាប់ដែលមិនបានការពារសិទ្ធិអ្នកដែលត្រូវគេរំលោភ តែប្រែក្លាយទៅជាច្បាប់រំលោភសិទ្ធិមនុស្សទៅវិញ៖ «ប្រសិនបើអត់មានច្បាប់ការពារទេ វាមានការរំលោភសិទ្ធិដោយអត់មានការពារ។ ក៏ប៉ុន្តែ ជួនកាលពេលខ្លះច្បាប់ បើសិនមិនបានគិតសេរីភាពប្រជាពលរដ្ឋទេ ជួនកាលវាទៅជាមិនមែនជាការពារសិទ្ធិអ្នកដែលត្រូវគេរំលោភសិទ្ធិ វាទៅជាបំពានសិទ្ធិ វាអាចអ៊ីចឹង មិនដឹងថាវាល្អ ឬអាក្រក់ទេ ស៊ីសងទៅលើខ្លឹមសារនៃច្បាប់»។
ដើម្បីចៀសវាងបញ្ហាទាំងនោះ តាមទស្សនៈលោក សុក សំអឿន លុះត្រាតែសេចក្តីព្រាងច្បាប់នោះ រាជរដ្ឋាភិបាលត្រូវបើកចំហ និងឲ្យមានការចូលរួមមតិជាសាធារណៈ ទើបអាចកំណត់ខ្លឹមសារនៃច្បាប់ ដើម្បីធានាថាច្បាប់នោះធ្វើឡើងដើម្បីការពារសិទ្ធិរបស់ពលរដ្ឋពិតមែន។
ជុំវិញបញ្ហានេះ អ្នកសិក្សាផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានយោបល់ថា ការមានច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត មិនត្រូវធ្វើឡើងដើម្បីរឹតត្បិតសេរីភាពបញ្ចេញមតិទេ តែត្រូវធ្វើឡើងដើម្បីជាការលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរ ជាពិសេសក្រុមយុវជនចេះប្រើប្រព័ន្ធអ៊ីនធឺណិតឲ្យបានច្រើន និងហ៊ានបញ្ចេញមតិជាសាធារណៈ៖ «ប្រជាជនអាចរៀនពីប្រព័ន្ធសង្គមហ្នឹង បើអាចទទួលបានព័ត៌មានពិតច្រើនទៅ វាចំណេញ ប្រសិនបើទទួលបានព័ត៌មានមិនពិត ហើយប្រកបដោយអសីលធម៌ វាដិតដាមទៅក្នុងការឈ្លាសវៃរបស់យុវជន ខ្ញុំគិតថាវាអាចខាតទៅវិញ»។
កាលពី ៣ឆ្នាំមុន អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ពិសេសបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក មិនហ៊ានរិះគន់សង្គមខ្លាំងដូចសព្វថ្ងៃទេ។ ការកើនឡើងនៃចំនួនអ្នករិះគន់ បណ្ដាលមកពីពលរដ្ឋចាប់ផ្ដើមយល់ពីតួនាទីរបស់ខ្លួនជាបណ្ដើរៗ និងមើលឃើញបញ្ហាអសកម្មផ្សេងៗ ហើយការប្រើហ្វេសប៊ុក នេះ នឹងមានឥទ្ធិពលទៅលើស្ថានភាពនយោបាយកម្ពុជា ថែមទៀត។
ការព្រួយបារម្ភពីការធ្វើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ត្រូវបានអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់ទុកថាជាទង្វើឆ្កូតលីលាមិនសមទំនង នៅគ្រាដែលរដ្ឋាភិបាលមិនធ្លាប់គិតបង្កើតច្បាប់នេះ។ លោកបញ្ជាក់ថា រដ្ឋាភិបាលពិតជាកំពុងពិភាក្សាច្បាប់មួយពាក់ព័ន្ធនឹងប្រព័ន្ធអ៊ីនធឺណិតមែន គឺសេចក្តីព្រាងបទឧក្រិដ្ឋកម្មលើអ៊ីនធឺណិត មិនមែនជាច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតដូចយល់នោះទេ៖ «អាច្បាប់ដែលគេកំពុងព្រាងហ្នឹង មិនមែនប៉ះពាល់ដល់រឿងសិទ្ធិបញ្ចេញយោបល់នោះទេ គ្រាន់តែគេនិយាយអំពីអ្វីទៅឧក្រិដ្ឋកម្មទៅលើប្រព័ន្ធអ៊ីនធឺណិត។ យើងចង់សរសេរអ៊ីនធឺណិតជេរនរណាជេរទៅ រដ្ឋាភិបាលមានឈឺក្បាលអី»។
ទោះយ៉ាងណា ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា យល់ថា ការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតក្តី ឬតាមទីសាធារណៈក្តី សុទ្ធសឹងតែជាគំនិតផ្តល់ឲ្យរដ្ឋាភិបាលអាចចងក្រងជាគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបនូវតម្រូវការរបស់ពលរដ្ឋ៖ «ជាពិសេស ក្រុមដែលសំខាន់នោះ គឺក្រុមយុវវ័យ ព្រោះក្រុមយុវជននេះគឺក្រុមមនុស្សដែលមានសក្ដានុពលទាំងកម្លាំងបញ្ញា ទាំងកម្លាំងកាយ ហើយវាមានឥទ្ធិពលដោយផ្ទាល់ និងប្រយោលទៅលើគោលនយោបាយ និងដំណើរការអភិវឌ្ឍប្រទេសជាតិ»។
ចំនួនអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត មានការកើនឡើងប៉ុន្មានឆ្នាំកន្លងមក។ រដ្ឋាភិបាលធ្វើការវាយតម្លៃបង្ហាញពីតួលេខអ្នកប្រើប្រាស់អ៊ីនធឺណិតមានចំនួន ២,៧លាននាក់ ឬប្រហែល ១៨% នៃចំនួនប្រជាជន។ ស្ថិតិរបស់ធនាគារពិភពលោកវិញ បង្ហាញថា ចំនួនអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតមានត្រឹម ១,៣% កាលពីឆ្នាំ២០១០ និង ០,៥% ក្នុងឆ្នាំ២០០៩។ ទោះជាយ៉ាងណា ចំនួនច្រើនលើសលប់នៃពលរដ្ឋខ្មែរនៅតាមជនបទ នៅតែពុំមានលទ្ធភាពប្រើប្រាស់បណ្ដាញអ៊ីនធឺណិតនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
