សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​សច្ចាប័ន​លើ​ពិធីសារ​បន្ថែម​ស្ដីពី​នីតិវិធី​បណ្ដឹង​ទៅ​អ.ស.ប

0:00 / 0:00

ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពន្លឿន​ការ​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​បន្ថែម ស្ដីពី​នីតិវិធី​បណ្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ឲ្យ​បាន​ឆាប់ ដើម្បី​រួម​ចំណែក​ដល់​ការ​គោរព​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ប្រទេស។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា នឹង​បើក​កិច្ច​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​លើ​បញ្ហា​នេះ​ជា​មុន​សិន ដើម្បី​លើក​សំណើ​ទៅ​រដ្ឋាភិបាល។

ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ ថ្លែង​ថា ពិធីសារ​បន្ថែម​ស្ដីពី​នីតិវិធី​បណ្ដឹង​នេះ មាន​សារសំខាន់​ណាស់​ក្នុង​ការ​លើក​ទឹក​ចិត្ត​ពលរដ្ឋ​គ្រប់​រូប ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស ឲ្យ​មាន​លទ្ធភាព​ក្នុង​ការ​បន្ត​រក​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង សម្រាប់​គ្រួសារ និង​សហគមន៍​ទាំង​មូល ដាក់​បណ្ដឹង​ទៅ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។

លោក សួន ប៊ុនស័ក្តិ បញ្ជាក់​ថា ជន​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នោះ អាច​បន្ត​ដាក់​បណ្ដឹង​របស់​ខ្លួន​ទៅ​សហគមន៍​អន្តរជាតិ​បាន លុះត្រា​តែ​តុលាការ​របស់​កម្ពុជា គ្រប់​ជាន់​ថ្នាក់​មិន​អាច​ផ្តល់​យុត្តិធម៌​ជូន​ពួក​គេ​បាន៖ «ប្រសិន​បើ​រដ្ឋាភិបាល​មិន​ផ្តល់​សច្ចាប័ន​ទៅ​លើ​ពិធីសារ​បន្ថែម ស្ដីពី​នីតិវិធី​បណ្ដឹង​នេះ​ទេ​នោះ ផល​លំបាក​របស់​វា គឺ​ថា​យុត្តិធម៌​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ គឺ​ខណ្ឌ​ចប់​ត្រឹម​ប៉ុណ្ណឹង ព្រោះ​ថា សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ជា​សេចក្តី​សម្រេច​បិទ​ផ្លូវ​តវ៉ា។ ដូច្នេះ​ប្រសិន​បើ​កម្ពុជា មិន​មែន​ជា​រដ្ឋ​ភាគី​នៃ​ពិធីសារ​បន្ថែម​នេះ​ទេ នោះ​ប្រជាពលរដ្ឋ​នឹង​មិន​អាច​មាន​សិទ្ធិ​ប្ដឹង​ទៅ​ស្ថាប័ន​សន្ធិសញ្ញា​នេះ ដែល​ទទួល​បន្ទុក​ខាង​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ»

ការ​ជំរុញ​របស់​សង្គម​ស៊ីវិល​ក្នុង​ស្រុក ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ពន្លឿន​ការ​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​បន្ថែម​របស់​អង្គការ​សហប្រជាជាតិ គឺ​បន្ទាប់​ពី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​មីនា ទាមទារ​ឲ្យ​កម្ពុជា ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​បង្កើត​ច្បាប់​ការ​សើរើ​ច្បាប់​ទាំង​បី​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ឡើង​វិញ ហើយ​និង​ការ​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​បន្ថែម ស្ដីពី​បណ្ដឹង​បុគ្គល។

លោក សួន ប៊ុនស័ក្តិ បន្ត​ថា ករណី​ដែល​អាច​ប្ដឹង​ទៅ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ដូចជា ករណី​ប្រធាន​អង្គការ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ដែល​ត្រូវ​តុលាការ​កម្ពុជា ចេញ​ដីកា​តាម​ចាប់​ខ្លួន ដោយសារ​លោក​ហ៊ាន​ចេញ​មុខ​ប្ដឹង​ក្រុមហ៊ុន ស៊ូជីង ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​របស់​សាច់ញាតិ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​បាន​ចោះ​បំផ្លាញ​ថ្ម​ប្រាសាទ​អង្គរវត្ត​ដាក់​ភ្លើង​ហ្វា រួម​នឹង​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត៖ «គាត់​និយាយ​អំពី​ការ​ដាក់​ភ្លើង​ពណ៌​សម្រស់​អី​អ៊ីចឹង​នៅ​ក្នុង​អង្គរវត្ត​ហ្នឹង អាច​មាន​ហានិភ័យ​មួយ អាច​មាន​ទុស្សេ​ខ្សែ​ភ្លើង អាច​ឆេះ​អង្គរវត្ត​បាន ហើយ​អាជ្ញាធរ​កម្ពុជា បាន​រិះគន់​ថា​មិន​ពិត​អី​អ៊ីចឹង​ទៅ ហើយ​ក៏​គេ​ប្ដឹង​គាត់​ពី​បទ​បរិហារ​កេរ្តិ៍​អី​ផ្សេង ហើយ​គាត់​ក៏​រត់​ចោល​ស្រុក​ដល់​ឥឡូវ​នេះ»

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី ចរិយា បាន​ឲ្យ​ឧទាហរណ៍​មួយ​ចំនួន​ដែល​ជន​រងគ្រោះ គ្រួសារ​ជន​រងគ្រោះ ឬ​សង្គម​ស៊ីវិល អាច​ប្ដឹង​ទៅ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន នៅ​ពេល​កម្ពុជា ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​បន្ថែម​នេះ​រួម​មាន ករណី​ឃាតកម្ម​លើ លោក ជា វិជ្ជា ករណី​គប់​គ្រាប់​បែក​នៅ​មុខ​រដ្ឋសភា​នៅ​ឆ្នាំ​១៩៩៧ ករណី​បាញ់​សម្លាប់​កម្មករ​លើ​ផ្លូវ​វ៉េងស្រេង ករណី​បាញ់​សម្លាប់​ពលរដ្ឋ​ក្បែរ​ស្ពាន​ច្បារ​អំពៅ និង​ករណី​ទាហាន​កងពល​លេខ​៩១១ ចាប់​តំណាង​កម្មករ​ចំនួន​ប្រាំ​នាក់​ធ្វើ​ទារុណកម្ម ទាក់ទង​នឹង​រឿង​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ។ ក្រៅ​ពី​នោះ មាន​ករណី​រំលោភ​សិទ្ធិ​ដីធ្លី​របស់​ពលរដ្ឋ​តំបន់​បឹងកក់ និង​តំបន់​បុរីកីឡា រួម​នឹង​ករណី​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត។ លោក​បន្ត​ថា ច្បាប់​អន្តរជាតិ​ទាំង​នេះ គឺ​ជា​យន្តការ​មួយ​ដែល​ជំរុញ​ឲ្យ​កម្ពុជា លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស៖ «ខ្ញុំ​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចង់​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន ថា​ជា​រដ្ឋាភិបាល​មួយ​មាន​ឆន្ទៈ​នយោបាយ​ច្បាស់លាស់ គួរ​តែ​ហ៊ាន​ផ្តល់​សច្ចាប័ន​ទៅ​លើ​ពិធីសារ​បន្ថែម​នេះ ដើម្បី​បង្ហាញ​ទៅ​អន្តរជាតិ បង្ហាញ​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថា​យើង​ពិត​ជា​រដ្ឋាភិបាល​មួយ​ដែល​មាន​ចិត្ត​មោះមុត​ក្នុង​កិច្ច​ការពារ និង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នេះ»

ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​របស់​សង្គម​ស៊ីវិល ឲ្យ​រដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​បន្ថែម​ស្ដីពី​នីតិវិធី​បណ្ដឹង​នេះ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា លោក ម៉ម សម្បត្តិ ថ្លែង​ថា ក្រុម​របស់​លោក​នឹង​បើក​កិច្ច​ប្រជុំ​អំពី​បញ្ហា​នេះ​នៅ​ខែ​កក្កដា ខាង​មុខ​នេះ៖ «យើង​នឹង​ប្រជុំ​ជាមួយ​អន្តរ​ក្រសួង​ដែល​ពាក់ព័ន្ធ ដើម្បី​ថា​យើង​ពិគ្រោះ​យោបល់​គ្នា​សិន ពីព្រោះ​ថា​អ្វី​ដែល​ជា​ពិធីសារ​បន្ថែម​ហ្នឹង វា​ពាក់ព័ន្ធ​នឹង​ស្ថាប័ន ៥ ទៅ ៦ ឯណោះ។ អ៊ីចឹង​បាន​ជា​ខ្ញុំ​នឹង​រៀបចំ​ប្រជុំ​គ្នា ហើយ​ពិនិត្យ​មើល​ពិធីសារ​បន្ថែម​ហ្នឹង​ថា វា​មាន​អីៗ​ខ្លះ​អ៊ីចឹង។ ហើយ​ក្រោយ​ពី​យើង​ធ្វើ​កិច្ចការ​ហ្នឹង​ហើយ យើង​នឹង​ដាក់​ទៅ​ថ្នាក់​ដឹក​នាំ​យើង​សម្រេច​ជា​ចុង​ក្រោយ»

លោក​បន្ត​ថា ក្រៅ​ពី​ពិធីសារ​បន្ថែម​ស្ដីពី​នីតិវិធី​បណ្ដឹង​បុគ្គល​នេះ ក៏​មាន​ពិធីសារ​បន្ថែម​មួយ​ទៀត គឺ​ការ​លុប​បំបាត់​ទោស​ប្រហារ​ជីវិត​មួយ​ទៀត ដែល​កម្ពុជា ត្រូវ​ផ្តល់​សច្ចាប័ន។

សហគមន៍​អន្តរជាតិ បាន​វាយ​តម្លៃ​ប្រទេស​កម្ពុជា ថា​ជា​ប្រទេស​ដែល​ដឹក​នាំ​ដោយ​អំពើ​ហិង្សា ការ​គំរាម​កំហែង ការ​រឹតត្បិត និង​អំពើ​ពុក​រលួយ ហើយ​ដែល​បញ្ហា​ទាំង​នេះ​បាន​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

របាយការណ៍​កម្រាស់ ៦៧​ទំព័រ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ បាន​លាត​ត្រដាង​ការ​ដឹក​នាំ​រយៈពេល ៣០​ឆ្នាំ​របស់ លោក ហ៊ុន សែន ថា​បាន​បណ្ដាល​ឲ្យ​សមាជិក​ក្រុម​បក្ស​ប្រឆាំង អ្នក​កាសែត មេ​ដឹក​នាំ​សហជីព និង​សកម្មជន​នយោបាយ​ដទៃ​ជាច្រើន​ទៀត​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ការ​វាយ​ប្រហារ​យ៉ាង​ហិង្សា​ក្នុង​ហេតុផល​នយោបាយ។ ហើយ​បើ​ទោះ​បី​ជន​ដៃ​ដល់​ត្រូវ​បាន​គេ​ស្គាល់​មុខ​ក៏ដោយ មិន​ឃើញ​មាន​ការ​ស៊ើប​អង្កេត​ត្រឹមត្រូវ ចាប់​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។