អង្គការសង្គមស៊ីវិល ថ្កោលទោសពលរដ្ឋវៀតណាម ដែលប្រើហិង្សាលើនាយប៉ុស្តិ៍ច្រករបៀង នៅខេត្តស្វាយរៀង ម្នាក់ឲ្យរងរបួសក្បាលជាទម្ងន់ ថាជាការមាក់ងាយច្បាប់ និងសមត្ថកិច្ចកម្ពុជា។ ការថ្កោលទោសនេះ នៅបន្ទាប់ពីឃើញកាសែតក្នុងស្រុកចុះផ្សាយ នៅថ្ងៃទី៣០ វិច្ឆិកា ថា ជនជាតិវៀតណាម ចូលមកវាយមន្ត្រីយោធាខ្មែរម្នាក់ឲ្យរបួសធ្ងន់នៅច្រករបៀងវរៈការពារព្រំដែនលេខ២០១ ស្ថិតក្នុងក្រុងបាវិត។
អង្គការការពារសិទ្ធិមនុស្សចំនួនពីរប្រចាំខេត្តស្វាយរៀង លើកឡើងថា អាជ្ញាធរកម្ពុជា មិនគួរដោះស្រាយសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់នោះទេ ជុំវិញករណីពលរដ្ឋវៀតណាម ម្នាក់ ស្ទុះចូលមកវាយតប់លើនាយប៉ុស្តិ៍ច្រករបៀងវរៈការពារព្រំដែនលេខ២០១ ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តស្វាយរៀង លោក ប្រាក់ សារ៉ាន់ មានប្រសាសន៍ថា ប្រសិនបើករណីនេះធ្វើការដោះស្រាយគ្នាដោយមិនអនុវត្តតាមច្បាប់នោះ គឺនឹងបណ្ដាលឲ្យជាតិសាសន៍ដទៃ មើលងាយស្ថាប័នមានសមត្ថកិច្ច និងច្បាប់របស់កម្ពុជា តទៅទៀត៖ «នេះគឺជារឿងមួយដែលមិនគួរអត់ឲ្យទេ គួរតែអនុវត្តតាមច្បាប់ឲ្យបានម៉ឺងម៉ាត់ ពីព្រោះអីជាតិសាសន៍ដទៃមួយដែលមកវាយសមត្ថកិច្ចនៅក្នុងទឹកដីរបស់ប្រទេសកម្ពុជា។ គេមើលទៅថា ប្រសិនបើយើងមិនបានអនុវត្តច្បាប់ឲ្យបានតឹងតែងទេ ឲ្យអ្នកហ្នឹងរួចខ្លួន គឺវាប៉ះពាល់ដល់កិតិ្តយសជាតិយើងខ្លាំងណាស់»។
កាលពីថ្ងៃទី៣០ វិច្ឆិកា កាសែតក្នុងស្រុកមួយបានចុះផ្សាយថា ជនជាតិវៀតណាម ម្នាក់ដែលស្រវឹងស្រា បានចុះពីលើម៉ូតូទៅវាយលោកអនុសេនីយ៍ឯក ម៉ុំ ដារា នាយប៉ុស្តិ៍ច្រករបៀង២០១ បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ បន្ទាប់ពីលោកឃាត់ដើម្បីសួរនាំ និងពិនិត្យបែបបទរដ្ឋបាលកាលពីថ្ងៃទី២៩ វិច្ឆិកា។
ប្រភពដដែល បានស្រង់សម្ដីមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង ថា ជនដៃដល់ជាជនជាតិវៀតណាម ត្រូវបានចាប់ខ្លួន ប៉ុន្តែភាគីខាងវៀតណាម សុំចរចាដើម្បីសម្រុះសម្រួលបញ្ចប់រឿង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានទេ នៅថ្ងៃទី១ ខែធ្នូ។
ទាក់ទិននឹងករណីនេះដែរ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា ករណីប្រើហិង្សានេះ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមិនអាចសម្របសម្រួលបានឡើយ។ លោកសង្ស័យថា អាជ្ញាធរខ្មែរអាចសម្រុះសម្រួលគ្នាវិញ ដោយសារខ្លាចប៉ះពាល់ដល់មិត្តភាព ឬកិច្ចសហការរវាងប្រទេសទាំងពីរ៖ «កន្លងមកយើងឃើញហើយថា មានការវាយដំជាច្រើនពីប្រជាពលរដ្ឋវៀតណាម មកលើប្រជាជនខ្មែរ តែយើងសួរថា តើមានការអនុវត្តតាមនីតិវិធីតុលាការ ធ្វើបានទេ? គឺយើងមិនដែលឃើញធ្វើបានមួយករណីណាទេ»។
សកម្មជនការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ រូបនេះ សង្កេតឃើញថា ជនជាតិវៀតណាម ហាក់ដូចជាពុំសូវគោរពច្បាប់ និងសមត្ថកិច្ចកម្ពុជា នោះទេ គឺចេញចូលទឹកដីខ្មែរដោយសេរី មានទាំងម៉ូតូស្លាកលេខវៀតណាម និងលក់សន្លឹកឆ្នោតបែបអនាធិបតេយ្យទៀតផង។ ទង្វើជនជាតិវៀតណាម នេះ គឺខុសឆ្ងាយពីប្រជាពលរដ្ឋខ្មែរដែលគោរព និងខ្លាចច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
