លោក ជា មុន្នី បន្ត​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​បង​ប្រុស​លោក

ដោយ ប្រាជ្ញ ចេវ
2016-01-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជា មុន្នី ២០១៦ ៨៥៥
លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
RFA/Brach Chev

ប្អូនប្រុស​លោក ជា វិជ្ជា គឺ​លោក ជា មុន្នី នៅតែ​បន្ត​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់ បងប្រុស​របស់​លោក។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ការចោទប្រកាន់​នេះ ចំណែក​មន្ត្រី​បក្ស​ប្រឆាំង​ថា បើ​រដ្ឋាភិបាល មិន​ចង់​ឲ្យ​គេ​ចោទប្រកាន់​ទេ ត្រូវ​ប្រញាប់​រក​ឃាតក​ពិត​មក​ផ្ដន្ទាទោស ដើម្បី​លុបលាង​ការ​ចោទ​ប្រកាន់។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុន្នី ព្រមាន​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ ប្រសិន​បើ​សមត្ថកិច្ច នៅ​រក​មិន​ឃើញ​ឃាតក​បាញ់​សម្លាប់ លោក ជា វិជ្ជា។ លោក ជា មុន្នី អះអាង​ថា សព្វ​ថ្ងៃ​នេះ មាន​កម្មករ​ជាង​៦០​ម៉ឺន​នាក់​គាំទ្រ​សហជីព។ ការ​លើក​ឡើង​របស់ ជា មុន្នី បែប​នេះ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ខួប​ទី​១២ ថ្ងៃ​ទី ២២ ខែ​មករា។

តំណាង​សហជីព តំណាង​កម្មករ កម្មការិនី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រះសង្ឃ ប្រមាណ​១០០​នាក់ និង​អង្គ ទៅ​ជួបជុំគ្នា​នៅ​ទីតាំង​រូបសំណាក​លោក ជា វិជ្ជា នៅ​ឈៀង​ខាងលិច វិមាន​ឯករាជ្យ រួចហើយ​ទៅ​អុជ​ធូប នៅមុខ​តូប​លក់​កាសែត​មុខ​វត្ត​លង្កា ទើប​ពួកគេ​នាំគ្នា មក​ថ្លែង​នៅមុខ​រូបសំណាក​វិញ។

លោក ជា មុន្នី និយាយ​ថា លោក​នៅតែ​ទិតៀន​រដ្ឋាភិបាល​រហូត ប្រសិន​រដ្ឋាភិបាល​ចាប់​ឃាតក​មិនបាន។ លោក​ថា ប្រសិន​សមត្ថកិច្ច​សារភាព​អស់​លទ្ធភាព​រក​ឃាតក និង​លោក​ជួយ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​ជន​ប្រព្រឹត្ត៖ «សំខាន់​រឿង​ឆន្ទៈ​របស់​រដ្ឋាភិបាល បើ​គាត់​គិត​ថា ដើម្បី​ស្តា​មុខមាត់​ត្រឹម​ផ្កាយ​ពី​ផ្កាយ​បី​ចាប់​ទៅ ប៉ុន្តែ​បើ​គិត​ហ្អែង​ជួយ​អញ អញ​ជួយ​ហ្អែង​ធ្វើ​អ៊ីចឹង​ទៀត​ទៅ»

លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុងភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ សមត្ថកិច្ច មិន​ទាន់​មាន​ពន្លឺ នៃ​ការស៊ើបអង្កេត​ស្វែងរក​ឃាតក​ពិត​សម្លាប់​លោក​ជា វិជ្ជា នៅឡើយ។ លោក អំពាវនាវ​ឲ្យ​សាធារណជន​ទាំងអស់ ជួយ​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ស្វែងរក​ឃាតក​នេះ៖ «កន្លង​មក​អ្វី​ដែល​យើង​ធ្វើ​អាស្រ័យ​សាក្សី និង​ភស្តុតាង ប៉ុន្តែ​សាក្សី​ភាគ​ច្រើន​គាត់​អត់​នៅ​ក្នុង​ប្រទេស»

កន្លងមក ករណី​ឃាតកម្ម ការ​ប្រើ​អំពើ​ហិង្សា និង​ការ​គំរាម​សម្លាប់ ព្រះសង្ឃ អ្នកការពារ​បរិស្ថាន មន្ត្រី​បក្ស​ប្រឆាំង គេ​កម្រ​ឃើញ​សមត្ថកិច្ច​ចាប់​ឃាតក​បាន​ណាស់។ ប៉ុន្តែ បើ​ករណី គំរាម​សម្លាប់ សម្លាប់​មន្ត្រី​រដ្ឋាភិបាល ឃើញ​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​បាន​លឿន។

អេង ឆៃអ៊ាង ២០១៦ ៨៥៥
មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev

តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១ ទទួល​បន្ទុក​អង្កេត និង​សិទ្ធិមនុស្ស​នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង និយាយ​ថា ប្រសិនបើ​រដ្ឋាភិបាល មិន​ចង់​អោយ​សាធារណៈ​មតិ​ចោទ​ប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នេះ ត្រូវ​ប្រញាប់​រក​ឃើញ​ឲ្យ​បាន​ឆាប់។ លោក បន្ត​ថា លោក​នឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សាកសួរ​នៅ​សភា ដើម្បី​ឆ្លើយ​បំភ្លឺ​នៃ​ការអនុវត្ត​ការងារ​របស់​ខ្លួន៖ «ខ្ញុំ​គ្រាន់​តែ​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​បើ​មិន​ចង់​ឲ្យ​គេ​រិះគន់​ទេ រក​ឲ្យ​ឃើញ​ទៅ​ចប់​ហើយ»

កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស លើ​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា និង មេ​សហជីព​ពីរ​រូប​ផ្សេងទៀត ប៉ុន្តែ​មក​ទល់​ពេលនេះ​សមត្ថកិច្ច​មិន​ទាន់​បាន បង្ហាញ​តម្រុយ​ណាមួយ​ពី​ការស៊ើបអង្កេត​នេះ​នៅឡើយ។ លោក ជា មុនី អះអាង​ថា លោក​ទទួល​បាន​ឯកសារ​ខ្លះ ហើយ មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​មួយ​ចំនួន លួច​ខ្សឹប​ប្រាប់​លោក ពី​អ្នក​នៅ​ក្រោយ​ដែល​បញ្ជា​ឲ្យ​បាញ់សម្លាប់ លោក ជា វិជ្ជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

រឿងនេះវាពីតជាពីបាកឆ្លើយណាស់ មិនដឹងថាអ្នកណាឆ្លាត់ អ្នកណា​ល្ងង់ទេបាទ តែអញ្ចេះជាធម្មតាព្រានអ្នកប្រកបរបរប្រម៉ាញ់ គេមិន​ដែល​ទៅសម្លាប់ឆ្កែជាគេទេ ម្យាងទៀតជញ្ជីងវាទោទៅរកខាង​ណា​ដែលមានទម្ងន់ធ្ងន់ជាង ម្យាងទៀតបើបិតករណីទៅមាន​ការងារឯ​ណា​ឲ្យវាធ្វើយកលុយចាយទៅ អញ្ចឹងពិបាកនិយាយយ៉ាងណា​ឲ្យវាចំ​​ណាស់រឿងនៅស្រុកខ្មែរសម័យនេះ។

Jan 25, 2016 03:01 AM

គេហទំព័រ​ទាំងមូល