តើរដ្ឋាភិបាលប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបបាតុករ ធ្វើឲ្យប៉ះពាល់អ្វីខ្លះ?
សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ក្រោយពេលជាប់គាំងនយោបាយនេះ បានធ្វើឲ្យអន្តរជាតិស្គាល់កាន់តែច្បាស់អំពីការដោះស្រាយវិបត្តិរបស់រដ្ឋាភិបាល ដោយប្រើប្រាស់សកម្មភាពបង្ក្រាបនានាទៅលើជនស៊ីវិលដែលជាក្រុមបាតុករ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺសកម្មភាពចុងក្រោយរបស់អាជ្ញាធររដ្ឋាភិបាលបានប្រើវិធានការក្ដៅបង្ក្រាបទៅលើកម្មកររោងចក្រ និងបាតុកររបស់គណបក្សសង្គ្រោះជាតិ បានបាញ់ស្លាប់កម្មករ និងរបួសជាច្រើននាក់ក្នុងការប៉ះទង្គិចគ្នាពេលធ្វើយុទ្ធនាការបង្ក្រាបនោះ។
អង្គការសហប្រជាជាតិ ប្រទេសមហាអំណាច រួមទាំងក្រុមអ្នកបញ្ជាទិញ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះសកម្មភាពរបស់រដ្ឋាភិបាល ដែលបានបង្ក្រាបទៅលើកម្មករកាលពីថ្ងៃទី២ និងថ្ងៃទី៣ មករា យ៉ាងចាស់ដៃនោះ។
ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នកច្បាប់ និងអ្នកវិភាគនយោបាយ បានលើកឡើងថា សកម្មភាពរបស់រដ្ឋាភិបាលនៅពេលនេះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ កត់ទុកក្នុងប្រវត្តិសាស្ត្រនៃសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងសតវត្សទី២១ នេះ ក្រោយពីប្រវត្តិសាស្ត្រអាក្រក់នៃរបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់រង្គាល ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនចង់ឲ្យមានរបបនេះវិលមកវិញនោះ។
ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ហួន ជុនឌី មានប្រសាសន៍ថា នៅក្នុងស្ថានភាពកម្ពុជា បច្ចុប្បន្ននេះ សហគមន៍អន្តរជាតិកំពុងពិចារណាថា តើគេគួរដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយលើរដ្ឋាភិបាល ចំពោះទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលើប្រជាពលរដ្ឋរបស់ខ្លួន ដែលជាជនស្លូតត្រង់នេះឬយ៉ាងណា?៖ «វាមាននីតិវិធីច្រើន ហើយអង្គការសហប្រជាជាតិ ក្ដី ប្រទេសមហាអំណាចក្ដី កំពុងសំឡឹងមើលស្ថានការណ៍ស្រុកខ្មែរ ថាតើត្រូវដាក់វិធានការដាក់សម្ពាធមកស្រុកខ្មែរថ្ងៃមុខ»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Sorya P. Subedi) គ្រោងនឹងមកកម្ពុជា ជាបន្ទាន់នៅថ្ងៃទី១២ មករា ខាងមុខ ដើម្បីពិនិត្យមើលស្ថានភាព និងវាយតម្លៃអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រតិបត្តិការបង្ក្រាបបាតុកររបស់កម្លាំងរដ្ឋាភិបាល។
នៅក្នុងបេសកកម្ម៥ថ្ងៃរបស់ លោក សុរិយា ស៊ូប៊ែឌី នៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ មករា នោះ លោកគ្រោងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជួបក្រុមអ្នកការពារសិទ្ធិមនុស្ស តំណាងអង្គការសង្គមស៊ីវិល មេដឹកនាំសហគមន៍ និងមន្ត្រីម្ចាស់ជំនួយ។ នៅក្នុងរបាយការណ៍ចុងក្រោយរបស់លោក គឺលោក សុរិយា ស៊ូប៊ែឌី បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនដំណើរការសន្យារបស់ខ្លួនទៅលើការទទួលខុសត្រូវលើកំណែទម្រង់ស្ថាប័នរដ្ឋ និងការពារលើកស្ទួយសិទ្ធិមនុស្ស អនុវត្តនូវដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលជាអត្ថប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយតម្លាភាពនៃប្រទេសកម្ពុជា ទាំងមូល។
ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក រ៉ូប៉ើត ខូវីល (Rupert Colville) មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៧ មករា ដោយសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងរដ្ឋាភិបាលមិនសមរម្យ ក្នុងការបង្ក្រាបបាតុករ។ លោកជំរុញឲ្យអាជ្ញាធរ និងកម្លាំងសន្តិសុខ ប្រើការអត់ធ្មត់។ លោក រ៉ូប៉ើត ខូវីល មានប្រសាសន៍ថា អង្គការសហប្រជាជាតិ ស្នើឲ្យអាជ្ញាធរកម្ពុជា បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅលើករណីបង្ក្រាបបាតុករបាញ់ស្លាប់នេះ ដើម្បីធានាការទទួលខុសត្រូវយ៉ាងពេញលេញនៃសមាជិកកងកម្លាំងសន្តិសុខ ដែលត្រូវបានរកឃើញថា ប្រើប្រាស់កម្លាំងមិនសមរម្យ និងលើសលប់។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកដឹកនាំខាងគណបក្សប្រជាជនកម្ពុជា ក្នុងការជួបចរចាជាមួយគណបក្សសង្គ្រោះជាតិ កន្លងមកនោះ លោក ព្រំ សុខា មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការពីរ គឺទី១ គណៈកម្មការស៊ើបអង្កេតលើការប៉ះទង្គិចគ្នារវាងអាជ្ញាធររដ្ឋាភិបាល និងកម្មករ និងទី២ គណៈកម្មការស៊ើបអង្កេតលើការវាយតម្លៃការខូចខាតរោងចក្រ និងទីតាំងប៉ះទង្គិចគ្នានៅផ្លូវវ៉េងស្រេង នៅថ្ងៃទី២ និងថ្ងៃទី៣ មករា។ ទោះបីជាយ៉ាងនេះក្ដី លោក ព្រំ សុខា អះអាងថា កងកម្លាំងរដ្ឋាភិបាលបង្ក្រាបទៅលើកូដករមិនមែនបាតុករទេ៖ «ខ្ញុំដឹងហើយ រឿងមុខមាត់រដ្ឋាភិបាល រដ្ឋាភិបាលឈឺចាប់ អ្នកខ្លះគាត់សប្បាយចិត្តណាស់ ពេលឃើញមុខមាត់រដ្ឋាភិបាលអ៊ីចឹង ប៉ុន្តែសួរថា រដ្ឋាភិបាលមានជម្រើសណាក្រៅពីហ្នឹង បើយើងទុកបញ្ហាហ្នឹងមានមនុស្សពេញទីក្រុងភ្នំពេញ ហើយមានចលាចលពេញហ្នឹង តើធ្វើម៉េចវិញ?»។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច លើកឡើងថា អង្គការសហប្រជាជាតិ មានតួនាទីសំខាន់មួយជួយឲ្យប្រទេសជាសមាជិករបស់ខ្លួនគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ។ លោកបានពន្យល់ថា ប្រទេសកម្ពុជា មានដង្ហើមរស់ពឹងលើបរទេស ដូច្នេះការដាក់សម្ពាធណាមួយពីអន្តរជាតិ គឺធ្វើឲ្យកម្ពុជា នឹងជួបវិបត្តិសេដ្ឋកិច្ច ដោយសារកម្ពុជា ពឹងផ្អែកលើប្រាក់កម្ចី និងប្រាក់ជំនួយក្នុងការអភិវឌ្ឍប្រទេស៖ «ក្នុងករណីណាមួយគេហ៊ុមព័ទ្ធសេដ្ឋកិច្ចយើង យើងជួបវិបត្តិ ជួបធ្ងន់ណាស់ ហើយកម្ពុជា ជាប្រទេសអ្នកហូប មិនមែនជាប្រទេសផលិតទេ ហើយក្នុងការដាក់សម្ពាធនេះ មិនខុសទេ គឺគេចង់ឲ្យយើងគោរពច្បាប់ ការដាក់សម្ពាធនេះចង់ឲ្យយើងបញ្ឈប់បង្ហូរឈាមខ្មែរគ្នាឯង»។
ក្រុមហ៊ុនល្បីៗនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដូចជា ហ្គេប (Gap) អេឌីដាស់ (Adidas) ពូម៉ា (Puma) និង អេច្ឆ.អេន.អិម (H & M) បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគ្នាមួយ ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាងរោងចក្រ និងសហជីព ត្រូវបន្តចរចាដោយស្មោះត្រង់ ដើម្បីដោះស្រាយបញ្ហាប្រាក់ខែគោល និងបញ្ឈប់ជាបន្ទាន់នូវរាល់អំពើហិង្សា ដើម្បីឲ្យកម្មករអាចចូលធ្វើការងារវិញបានដោយគ្មានការភ័យខ្លាច។
សហព័ន្ធសហជីពអន្តរជាតិ (ITUC) ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល (Brussels) ក៏ស្នើឲ្យរដ្ឋាភិបាលដោះលែងកម្មករដែលត្រូវបានចាប់ខ្លួនជាបន្ទាន់ និងត្រូវនាំខ្លួនបុគ្គលដែលបានបាញ់សម្លាប់កម្មករមកផ្ដន្ទាទោស។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានបន្ថែមថា ប្រទេសកម្ពុជា មិនអាចរស់នៅឯកោដូចកាលពីមុនទៀតបានទេ។ ដូច្នេះ រដ្ឋាភិបាលកម្ពុជា ត្រូវគិតគូរឲ្យបានច្បាស់លាស់ក្នុងការដោះស្រាយបញ្ហានានា និងការជាប់គាំងនយោបាយឲ្យបានច្បាស់លាស់។
ក្រុមអ្នកច្បាប់ និងអ្នកការពារសិទ្ធិមនុស្ស បានលើកឡើងថា ករណីបង្ក្រាបក្រុមបាតុករនេះជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ពីព្រោះថា អាជ្ញាធររដ្ឋាភិបាលជាច្រើនក្រុមបានប្រើប្រាស់វិធានការក្ដៅនៅពេលចុះបង្ក្រាប ដូចជាការបាញ់សម្លាប់ ការវាយដំនៅពេលចាប់ខ្លួនបាន ការឃុំខ្លួនមនុស្ស ២៣នាក់មិនបង្ហាញទីតាំងច្បាស់លាស់ក្រោយពេលចាប់ខ្លួន និងមិនអនុញ្ញាតឲ្យក្រុមគ្រួសារ ក្រុមគ្រូពេទ្យ និងមន្ត្រីសិទ្ធិមនុស្សទៅសួរសុខទុក្ខ។ល។
អ្នកច្បាប់ពន្យល់ថា កម្ពុជា នឹងជួបវិបត្តិធ្ងន់ធ្ងរ ហើយសហគមន៍អន្តរជាតិនឹងអាចដាក់សម្ពាធកាន់តែខ្លាំងមកលើរដ្ឋាភិបាលឯកបក្ស ប្រសិនបើគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនមានយន្តការចរចារកដំណោះស្រាយសមស្របទេនោះ។
ក្រុមមន្ត្រីសិទ្ធិមនុស្ស បានលើកឡើងថា កម្ពុជា កំពុងដើរថយក្រោយនៃដំណើរការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយសារតែសកម្មភាពបង្ក្រាបរបស់អាជ្ញាធរកន្លងមក ដែលគេចាត់ទុកសកម្មភាពនេះជាសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅខណៈវិបត្តិនយោបាយកំពុងជាប់គាំងក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។