អាណាព្យាបាលជនរងគ្រោះឈ្មោះ រិន សុកណេង រស់នៅឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានចោទមន្ត្រីបរិស្ថានស្រុកស្នួល ថាបានយកខ្នោះដៃវ៉ៃក្បាលក្មួយប្រុសរបស់គាត់ឈ្មោះ ណុប ពូជ អាយុ ១៧ឆ្នាំ ឲ្យរងរបួសបែកក្បាល និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។
កសិកររូបនេះឲ្យដឹងថា ការប្រើអំពើហិង្សារបស់មន្ត្រីបរិស្ថានស្រុកស្នួល មកលើក្មួយប្រុសរបស់គាត់ កើតឡើងនៅគ្រាយុវជនរងគ្រោះ និងម្តាយកំពុងសម្អាតស្មៅ និងកាត់ដើមឈើ ដែលបានដួលរលំលើចម្ការដំឡូង នៅព្រឹកថ្ងៃទី២១ ខែឧសភា។ គ្រួសារជនរងគ្រោះ អះអាងថា ដីចម្ការរបស់ពួកគាត់ គឺបានមករស់នៅ និងដាំដុះលើចម្ការដំឡូងនេះជាង ១០ឆ្នាំមកហើយៗពួកគាត់ក៏មិនបានកាប់រុករានដីថ្មីៗដូចការចោទរបស់អាជ្ញាធរដែរ គឺកាប់ដើមឈើដែលរលំសង្កត់ចម្ការដំឡូងប៉ុណ្ណោះ៖ «មែកឈើវាបានបាក់ដួលលើដំឡូង ហើយពីរនាក់ម៉ែកូនហ្នឹង បានយកម៉ាស៊ីនអារឈើតូចមួយទៅកាត់។ ដល់ពេលបរិស្ថានឮម៉ាស៊ីនអារឈើ វាទៅចាប់យកទាំងម៉ូតូ និងម៉ាស៊ីន។ ដល់ពេលទៅដល់មន្ត្រីបរិស្ថានបានយកកាំភ្លើងភ្ជង់ម្តាយ កូនភ័យក៏រត់យំផងអីផង។ រត់ទៅ ពួកបរិស្ថានគេដេញចាប់ ដល់ចាប់បានគេខឹង គេវ៉ៃមួយខ្នោះដៃបើកក្បាល គេខឹងអាក្មេងហ្នឹងរត់»។
ពលរដ្ឋ សុកណេង បានស្នើឲ្យផ្នែកពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ជួយរកយុត្តិធម៌ដល់គ្រួសារគាត់ដែលត្រូវមន្ត្រីបរិស្ថានស្រុកស្នួល វ៉ៃឲ្យមានរបួសធ្ងន់។
បន្ថែមលើនេះ យុវជនរងគ្រោះឈ្មោះ ណុប ពូជ មានអាយុ ១៧ឆ្នាំ ដែលត្រូវមន្ត្រីបរិស្ថានស្រុកស្នួល វ៉ៃឲ្យមានរបួសសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ក៏បានទទូចទៅអាជ្ញាធរមានសមត្ថកិច្ចឲ្យបញ្ឈប់ប្រើអំពើហិង្សា និងគំរាមកំហែងប្រជាពលរដ្ឋក្រីក្ររស់នៅឃុំខ្សឹម តទៅទៀត។ ព្រោះពលរដ្ឋត្រូវការរស់នៅមានសេចក្តីសុខ និងស្ងប់ស្ងាត់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីបរិស្ថានស្រុកស្នួល ដែលពលរដ្ឋចោទប្រកាន់បានទេ នៅថ្ងៃទី២៤ ខែឧសភា។
ប៉ុន្តែលោក គង់ គឹមនី អភិបាលស្រុកស្នួល បានឲ្យដឹងថា ទំនាស់នោះលោកបានហៅគូភាគីទំនាស់មកសម្របសម្រួលរួចហើយ ហើយយុវជនរងគ្រោះក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដែរ។ យ៉ាងនេះក្តី លោកអភិបាលស្រុកស្នួល បានបដិសេធមិនផ្តល់អត្តសញ្ញាណរបស់មន្ត្រីបរិស្ថានស្រុកស្នួល ដែលបង្កហិង្សាឲ្យយុវជនម្នាក់រងរបួសទេ៖ «ដោយសារតែកន្លែងនេះ គឺជាដែនជម្រកៗ គឺការពារដោយព្រះរាជ្យក្រឹត្យ ប្រជាពលរដ្ឋគាត់អត់ដឹង។ គាត់បានយករណាទៅកាត់កំណាត់ឈើនៅក្នុងដែនជម្រកហ្នឹង ហើយកម្លាំងដែនជម្រកហ្នឹង ក៏គាត់បានចុះឃាត់ៗក៏មានការប្រតាយប្រតប់គ្នាអ៊ីចឹងទៅ រួចក៏ប៉ះក្បាលតិចទេ។ ខ្ញុំក៏បានឲ្យទៅពេទ្យដើម្បីព្យាបាល»។
លោក គង់ គឹមនី បានចោទពលរដ្ឋឃុំខ្សឹម ថាមិនយល់ច្បាប់ និងបានទៅតាំងទីលំនៅ និងរុករានចម្ការខុសច្បាប់លើដីព្រៃអភិរក្សសត្វ ដែលបានការពារដោយព្រះរាជ្យក្រឹត្យ ទើបអាជ្ញាធរចុះទៅបង្ក្រាប និងកើតមានរបួសស្នាមដល់ពលរដ្ឋដោយអចេតនា។ តែពលរដ្ឋបញ្ជាក់ថា មិនបានរុករានដីព្រៃថ្មីទៀតទេ គឺដីចម្ការ និងលំនៅឋានរបស់គាត់នៅឃុំខ្សឹម ពលរដ្ឋបានមករស់នៅជាង ១០ឆ្នាំមកហើយ។
ទាក់ទិនបញ្ហានេះ លោកស្រី ធីម ណារីន អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តក្រចេះ មានប្រសាសន៍ថា នឹងស៊ើបអង្កេតករណីមន្ត្រីបរិស្ថានស្រុកស្នួល ប្រើហិង្សាឲ្យយុវជនម្នាក់រងរបួស និងជួយផ្នែកច្បាប់ដល់ជនរងគ្រោះ ពេលទទួលបានពាក្យបណ្ដឹងនេះ៖ «គាត់ថាកូនគាត់ហ្នឹងយករណាយន្តតូចមួយទៅអារឈើដែលដួលរលំនៅលើចម្ការដំឡូងរបស់គាត់។ ហើយត្រូវបានក្រុមបរិស្ថានទៅទាន់ចាប់ ហើយយកខ្នោះវ៉ៃក្បាលកូនគាត់ ហើយគំរាមមិនឲ្យប្ដឹងទេ។ គាត់ប្រាប់អ៊ីចឹង ហើយដីរបស់គាត់ៗកាន់កាប់បានជាង ១០ឆ្នាំមកហើយ។ ហើយឈើដែលដុះនៅលើដីហ្នឹង វាដួលដោយខ្លួនឯងទេ។ គាត់អារហ្នឹង ដើម្បីយកឈើចេញពីដំឡូង»។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរស់នៅឃុំខ្សឹម បានស្នើឲ្យក្រុមអង្គការសង្គមស៊ីវិល និងស្ថាប័នអនុវត្តន៍ច្បាប់របស់រដ្ឋាភិបាល ជួយរកយុត្តិធម៌ដល់ជនរងគ្រោះ ដែលមន្ត្រីបរិស្ថានស្រុកស្នួល វ៉ៃឲ្យមានរបួស និងសុំកុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ប្រើអំពើហិង្សា និងគំរាមកំហែងប្រជាពលរដ្ឋតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
