សិទ្ធិសេរីភាពអ៊ីនធឺណិតនៅកម្ពុជា នៅមិនទាន់រីកចម្រើននៅឡើយទេសម្រាប់ឆ្នាំ២០១៤ នេះ ធៀបទៅនឹងឆ្នាំ២០១៣។ របាយការណ៍អង្គការឃ្លាំមើលសេរីភាពសារព័ត៌មានឈ្មោះ ហ្វ្រីដឹម ហោស (Freedom House) ផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ធ្នូ បង្ហាញថា សិទ្ធិសេរីភាពអ៊ីនធឺណិតនៅកម្ពុជា កំពុងរងការគំរាមកំហែងពីសំណាក់រដ្ឋាភិបាល និងសមត្ថកិច្ច។
ការគំរាមកំហែងនោះរួមមាន ទាំងគម្រោងផលិតច្បាប់គ្រប់គ្រង ឧក្រិដ្ឋកម្មអ៊ីនធឺណិត (Cyber Crime Law or Internet Law) និងបណ្ដឹងបរិហារកេរ្តិ៍ជាដើម។
អង្គការឃ្លាំមើលសេរីភាពសារព័ត៌មានឈ្មោះ ហ្វ្រីដឹម ហោស បន្តដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងលេខរៀងទី៤៧ ក្នុងចំណោម ៦៥ប្រទេស ជាប្រទេសមានសិទ្ធិសេរីភាពផ្នែកអ៊ីនធឺណិតបន្តិចបន្តួច ឬហៅជាភាសាអង់គ្លេសថា ផាតលី ហ្វ្រី (Partly Free)។
របាយការណ៍គូសបញ្ជាក់ថា សេរីភាពអ៊ីនធឺណិតនៅកម្ពុជា នៅតែជួបឧបសគ្គជាច្រើនដូចជា អត្រាអ្នកប្រើប្រាស់អ៊ីនធឺណិតមានចំនួនទាបតែ ៦% កាលពីឆ្នាំ២០១៣ ក្នុងចំណោមពលរដ្ឋប្រមាណជាង ១៤លាននាក់។ កម្ពុជា មិនសូវនិយមប្រើប្រាស់ទូរស័ព្ទខ្សែ បណ្ដាលឲ្យមានផលវិបាកច្រើនសម្រាប់អ្នកចង់តភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់។ ក្រៅពីបណ្ដាញខ្សែទូរស័ព្ទ បញ្ហាភ្លើងអគ្គិសនីមិនគ្រប់គ្រាន់ ក៏បណ្ដាលឲ្យប៉ះពាល់ដល់ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដែរ ជាពិសេសសម្រាប់អ្នកប្រើប្រាស់នៅជនបទ។ ចំណែកចំណេះដឹងផ្នែកភាសាក៏ជាឧបសគ្គមួយទៀតដែរ ដោយសារតែមានគេហទំព័រមួយចំនួនតូចប៉ុណ្ណោះ ដែលប្រើប្រាស់ភាសាខ្មែរ។
ក្រៅពីឧបសគ្គខាងផ្នែកបច្ចេកទេស គេហទំព័រមាននិន្នាការនយោបាយមួយចំនួននៅក្រៅប្រទេស ក៏ត្រូវបានរដ្ឋាភិបាលបិទមិនឲ្យមើលឃើញនៅកម្ពុជា។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលបានប្រើប្រាស់មធ្យោបាយទាក់ទងក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតដោយស្ងាត់ៗ ដើម្បីបិទគេហទំព័រមួយចំនួនដូចជា ឃេអាយ មេឌៀ (KI-Media) និងសេវាកម្មរបស់អង្គរណិត មិនឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតអាចចូលទៅមើលរបាយការណ៍របស់អង្គការឃ្លាំមើលបរិស្ថាន ក្លូបប៊ល វីតណែស្ស (Global Witness) ជាដើម។
រដ្ឋាភិបាល កាលពីពេលថ្មីនេះ ក៏បានបង្ហាញសេចក្តីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មអ៊ីនធឺណិត សេចក្តីព្រាងច្បាប់ស្ដីពីទូរគមនាគមន៍ដែលអាចដាក់ទោសទៅលើអ្នកប្រើប្រាស់អ៊ីនធឺណិត។
អ្នកស្រី ម៉ាដាលិន អើភ (Madeline Earp) អ្នកវិភាគផ្នែកអ៊ីនធឺណិតរបស់អង្គការ ហ្វ្រីដឹម ហោស បញ្ជាក់ថា សេរីភាពផ្នែកអ៊ីនធឺណិតដែលកម្ពុជា មានបន្តិចបន្តួចក្នុងរយៈពេលកន្លងមកនេះ នឹងអាចបាត់បង់ទាំងស្រុងនៅពេលដែលសេចក្តីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មអ៊ីនធឺណិត ត្រូវបានអនុម័តដោយរដ្ឋសភា៖ «ទោះបីជាពិន្ទុនៅកម្ពុជា មិនឃើញមានផ្លាស់ប្ដូរ ហើយកម្ពុជា ក៏បន្តទទួលបានចំណាត់ថ្នាក់ជាប្រទេសមានសេរីភាពបន្តិចបន្តួចក៏ដោយ ប៉ុន្តែយើងមានក្តីបារម្ភសេរីភាពនេះនឹងធ្លាក់ចុះនៅឆ្នាំក្រោយ ដោយសារតែរដ្ឋាភិបាលកម្ពុជា ធ្វើសេចក្តីព្រាងច្បាប់តឹងរ៉ឹងមួយ ដើម្បីចាត់ការនឹងឧក្រិដ្ឋកម្មអ៊ីនធឺណិត ហើយដែលច្បាប់នេះនឹងត្រូវប្រើប្រាស់ដើម្បីគំរាមកំហែងអ្នករិះគន់រដ្ឋាភិបាល និងគាបសង្កត់សិទ្ធិសេរីភាព»។
អ្នកស្រីបន្តថា សេរីភាពអ៊ីនធឺណិតដែលមានបន្តិចបន្តួចនៅកម្ពុជា នេះហើយ គឺជាផ្នែកមួយដ៏សំខាន់ជំរុញឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើន អាចបញ្ចេញមតិផ្នែកសិទ្ធិមនុស្ស និងចំណេះដឹងផ្សេងៗអំពីសិទ្ធិបោះឆ្នោត។ បញ្ហានេះហើយ ដែលជំរុញឲ្យរដ្ឋាភិបាលបង្កើតគម្រោងធ្វើច្បាប់ ដើម្បីគ្រប់គ្រងសេរីភាពផ្នែកអ៊ីនធឺណិត៖ «ប្រព័ន្ធអ៊ីនធឺណិតចាប់ផ្ដើមឡើងនៅពេលមនុស្សម្នាទាំងឡាយ មិនអាចសម្ដែងមតិតាមបណ្ដាញព័ត៌មានផ្សេងធម្មតា ដោយសារតែបណ្ដាញព័ត៌មានទាំងនោះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។ ពលរដ្ឋអាចបែងចែកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតបានទូលំទូលាយ ដូច្នោះហើយទើបពលរដ្ឋទទួលបានព័ត៌មានផ្សេងៗ ក៏ប៉ុន្តែបញ្ហានឹងកើតឡើងនៅពេលរដ្ឋាភិបាលស្វែងយល់ដឹងថា អ៊ីនធឺណិតផ្តល់ឱកាសឲ្យពលរដ្ឋបែងចែកព័ត៌មាននោះ រដ្ឋាភិបាលព្យាយាមរារាំងការប្រើប្រាស់អ៊ីនធឺណិត។ ការបិទសិទ្ធិផ្នែកសេរីភាពអ៊ីនធឺណិត បណ្ដាលឲ្យពលរដ្ឋដល់សិទ្ធិសេរី ហើយពេលខ្លះ រដ្ឋាភិបាលរករឿងសងសឹកអ្នកបញ្ចេញមតិតាមអ៊ីនធឺណិតថែមទៀតផង»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មិនឆ្លើយសំណួរវិទ្យុអាស៊ីសេរី ទេកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ធ្នូ។
កាលពីខែកញ្ញា លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស រដ្ឋសភា បានប្រកាសថា នឹងរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ឲ្យបាននៅក្នុងសភាអាណត្តិទី៥នេះ។ លោក ឈាង វុន ថា ច្បាប់នេះមានភាពចាំបាច់ដើម្បីទប់ស្កាត់បទល្មើសសង្គម និងរាំងស្កាត់ការផ្សាយព័ត៌មានគ្មានការពិតតាមអ៊ីនធឺណិត។
របាយការណ៍បង្ហាញថា នៅតំបន់អាស៊ីអាគ្នេយ៍ សេរីភាពអ៊ីនធឺណិត កម្ពុជា ទទួលពិន្ទុស្មើនឹងប្រទេសភូមា ឬ មីយ៉ាន់ម៉ា (Burma/Myanmar) ប៉ុន្តែល្អជាងវៀតណាម និងថៃ ដែលគ្មានសេរីភាពអ៊ីនធឺណិតទាស់តែសោះ។ ចំណែកប្រទេសដែលមានសេរីភាពអ៊ីនធឺណិតល្អជាងគេ ក្នុងចំណោមប្រទេស៦៥ គឺប្រទេសអ៊ីស្លង់ (Iceland)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
