មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បានផ្ដួចផ្ដើមគំនិតរៀបចំកម្មវិធីដែលមានឈ្មោះថា អាហារសប្បុរសធម៌ ដើម្បីរកការគាំទ្រផ្នែកថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារមន្ត្រីសមាគមអាដហុក ៤រូប និងអគ្គលេខាធិការរង គ.ជ.ប ១រូប ដែលកំពុងជាប់ឃុំ។ គ្រួសារអ្នកជាប់ពន្ធនាគារដែលបានទទួលការឧបត្ថម្ភនេះ បានសម្ដែងក្ដីត្រេកអរ និងអះអាងថា ពួកគេមិនឯកោនោះទេ។
គ្រួសារមន្ត្រីសមាគមអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ បានទទួលថវិកាក្នុងមួយគ្រួសារជិត ៥០០ដុល្លារ ដែលបានពីក្រុមសង្គមស៊ីវិលរៀបចំកម្មវិធីអាហារសប្បុរសធម៌។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ដែលជាអ្នកផ្ដួចផ្ដើមគំនិតរៀបចំកម្មវិធីអាហារសប្បុរសធម៌នេះ មានប្រសាសន៍នៅថ្ងៃទី១៨ មិថុនា ថា ទឹកប្រាក់ប្រមាណជាង ៣ពាន់ដុល្លារដែលបានពីការលក់សំបុត្រចូលបរិភោគអាហារសប្បុរសធម៌ ត្រូវបានបែងចែកជូនក្រុមគ្រួសារអ្នកជាប់ឃុំ បន្ទាប់ពីលោក និងមន្ត្រីសង្គមស៊ីវិលមួយចំនួនទៀតបានរៀបចំកម្មវិធីនេះ។ លោក កែម ឡី បញ្ជាក់ថា ទិសដៅសំខាន់ដែលរៀបចំឲ្យមានពិធីនេះ ដើម្បីស្វែងរកជំនួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់មន្ត្រីទាំង ៥រូប ក្នុងពេលជីវភាពកំពុងតែយ៉ាប់យ៉ឺន និងជាការលើកកម្លាំងចិត្តដល់ក្រុមគ្រួសារអ្នកទាំងនោះផង។
លោក កែម ឡី បន្តថា នេះក៏ជាឱកាសនៅក្នុងការផ្លាស់ប្ដូរនូវគំនិតយោបល់រវាងក្រុមគ្រួសារអ្នករងគ្រោះ និងអ្នកដែលមានការសោកស្ដាយចំពោះការឃុំខ្លួនមន្ត្រីទាំងនោះ៖ «យើងចង់ផ្សារភ្ជាប់ថា យើងទាំងអស់គ្នាគឺនៅជាមួយក្រុមគ្រួសាររងគ្រោះនៅជាមួយអ្នករងគ្រោះ មិនចោលឆ្ងាយទេ គឺយើង នៅជាមួយគ្នា ចលនាគ្នាដើម្បីផ្ដល់ការគាំទ្របន្ថែមទៀត ដើម្បីឲ្យមានការពិចារណាឡើងវិញនូវករណីដោះលែងឲ្យមានការផ្ដល់នូវសុភវិនិច្ឆ័យឲ្យបានត្រឹមត្រូវ ។ យើងចង់សម្រាលបន្ទុក គ្រួសារជនរងគ្រោះ ដែរ ហើយក៏ចង់លើកទឹកចិត្តដើម្បីឲ្យគាត់បន្តសកម្មភាពរបស់គាត់បន្តទៅទៀត បើទោះបីជាគាត់នៅក្នុងពន្ធនាគារ ឬមួយក្រុមគ្រួសារគាត់នៅខាងក្រៅក៏ដោយ ដែលអ្នកដទៃៗទៀតដែលគាត់កំពុងតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យ ដើម្បីឲ្យគាត់សង្ឃឹមថាគាត់អត់នៅឯកោទេ»។
កម្មវិធីអាហារសប្បុរសធម៌ បានរៀបចំធ្វើកាលពីល្ងាចថ្ងៃសុក្រ ទី១៧ មិថុនា ដោយមានអ្នកចូលរួមជាមន្ត្រីអង្គការសមាគម មន្ត្រីរដ្ឋាភិបាល បុគ្គលិកក្រុមហ៊ុនជាង ១០០នាក់ចូលរួម។ មុនចូលកម្មវិធីនេះ ពួកគេទិញសំបុត្រតម្លៃ ២៥ដុល្លារក្នុងម្នាក់។ ក្នុងឱកាសនោះ ក៏មានជំនួយពីពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរ។ កម្មវិធីនេះ គេបានរៀបចំឲ្យក្រុមគ្រួសារ និងអ្នកចូលរួមឡើងសម្ដែងមតិជុំវិញការឃុំខ្លួនមន្ត្រីទាំង ៥រូបនោះ។
មន្ត្រីសមាគមអាដហុក ៤រូបរួមមាន អ្នកស្រី លឹម មុន្នី លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអតីតប្រធានផ្នែកអង្កេតនៃសមាគមអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ដែលកំពុងជាប់ពន្ធនាគារក្នុងរឿងក្ដីក្ដាំជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលចោទថាបង្គាប់ឲ្យនាងឆ្លើយចម្លើយមិនពិតប្រាប់តុលាការ ពាក់ព័ន្ធនឹងសំណុំរឿងទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
ភរិយារបស់លោក ណៃ វ៉ង់ដា អ្នកស្រី ភាវ ម៉ី បានសម្ដែងក្ដីត្រេកអរចំពោះការរៀបចំឲ្យមានពិធីនេះ។ អ្នកស្រីថ្លែងថា នេះជាការលើកទឹកចិត្តខ្លាំងដល់ក្រុមគ្រួសារអ្នកស្រី ក៏ដូចជាក្រុមគ្រួសារអ្នកជាប់ឃុំដទៃទៀត៖ «ជាចំណែកមួយធំដែរក្នុងការជួយយើងទាំងទឹកចិត្ត ទាំងផ្នែកថវិកាអ៊ីចឹង ជួយទាំង ផ្នែកកម្លាំងផ្លូវចិត្ត និងថវិកា គឺគាត់ជួយបានច្រើន ដូចថាគាត់ខំប្រឹងជួយទោះបីថាថវិកាបានប្រមាណក៏ដោយ មិនសំខាន់ទេ សំខាន់គាត់មានទឹកចិត្តជួយយើងដែលជាជនរងគ្រោះ ។ ខ្ញុំសប្បាយ ចិត្ត ព្រោះខ្ញុំដូចជាមិនឯកោ មានអង្គការសង្គមស៊ីវិល មានមិត្តភ័ក្ដិគាត់ មានប្រជាជនច្រើនដែលគាំទ្រ ដែលគាត់ជួយយកចិត្តទុកដាក់ពួកខ្ញុំ ដូចជាមិនឯកោខ្លាំងទេ»។
មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បានផ្ដួចផ្ដើមគំនិតរៀបចំកម្មវិធីអាហារសប្បុរសធម៌ គ្រោងរៀបចំឲ្យមានកម្មវិធីនេះម្ដងទៀតនៅខែក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
