ក្រសួងព័ត៌មាន លើកឡើងថា អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ជាច្រើនប្រឈមការរើសអើង និងការរំលោភបំពាន ទាំងនៅក្នុងសង្គមគ្រួសារ និងសង្គមសាធារណៈ។ ទន្ទឹមគ្នានេះ ក្រសួងយល់ថា ដើម្បីកាត់បន្ថយបញ្ហាប្រឈម និងការរើសអើងនានា មកលើអ្នកស្រឡាញ់ភេទដូចគ្នា ក្រសួងសម្រេចយល់ព្រមផ្ដល់ជូនម៉ោងផ្សាយកម្មវិធីវិទ្យុ និងទូរទស្សន៍ ស្ដីពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាចាប់ពីពេលនេះតទៅ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រំពឹងថា កម្មវិធីវិទ្យុស្ដីពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា នឹងរួមចំណែកជួយផ្សព្វផ្សាយពីសិទ្ធិ និងដោះស្រាយបញ្ហាប្រឈមរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅពេលនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ថ្នាក់ជាតិសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដែលរៀបចំឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ។
ថ្លែងក្នុងកម្មវិធីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា អ្នកស្រឡាញ់ភេទដូចគ្នាក៏ជាធនធានមនុស្សដ៏សំខាន់ ជំរុញឲ្យមានការអភិវឌ្ឍជាតិដែរ។ លោកថា តាមការស្រាវជ្រាវកន្លងមក អ្នកស្រឡាញ់ភេទដូចគ្នានៅតែរស់នៅក្រោមការគំរាមកំហែងពីគ្រួសារ និងសង្គម ដែលបញ្ហាទាំងនេះកើតចេញពីកង្វះផ្សព្វផ្សាយដល់សាធារណជន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន យល់ថា ការផ្ដល់ម៉ោងផ្សាយ ១ម៉ោងរបស់វិទ្យុ និងទូរទស្សន៍ជាតិ ដល់អ្នកធ្វើការពាក់ព័ន្ធ ដើម្បីពិភាក្សាជុំវិញសិទ្ធិបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងបំណងជំរុញឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណជន៖ « អ្នកស្រឡាញ់ភេទដូចគ្នា មិនមែនគាត់ជាមនុស្សមួយក្រៅសង្គមទេ ហើយមិនមែនគាត់ជាអនុមនុស្សទេ តែសំខាន់ តើសង្គមបានយល់ពីគាត់កម្រិតណា? ចឹងការឲ្យគាត់និយាយនេះ គឺដើម្បីសង្គមយល់គាត់ ដឹងថាគាត់លំបាកកម្រិតណា ហេតុនេះមានតែការផ្សព្វផ្សាយប៉ុណ្ណោះ »។
របាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហាញកាលពីថ្ងៃទី១៧ ខែធ្នូ ថា អ្នកស្រឡាញ់ភេទដូចគ្នា ៦២,៧១% ដែលត្រូវបានស្ទាបស្ទង់មតិ ធ្លាប់ត្រូវបានគេសម្លុត និងគំរាមកំហែង ហើយ ៩៣,៥៩% នៃអ្នកធ្លាប់គេសម្លុត អះអាងថា ត្រូវគេសម្លុតដោយសារតែទំនោរភេទ និងអត្តសញ្ញាណយេនឌ័រ។
ករណីនេះដែរ អ្នកធ្វើការពាក់ព័ន្ធនឹងអ្នកស្រឡាញ់ភេទដូចគ្នា និងជាស្ថាបនិកអង្គការអនាគតយុវជនកម្ពុជា អាស៊ាន (Cam ASEAN) លោក ស្រ៊ុន ស្រ៊ន សាទរចំពោះការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ដែលព្រមផ្ដល់ម៉ោងផ្សាយកម្មវិធីអ្នកស្រឡាញ់ភេទដូចគ្នា ព្រោះថា កន្លងមកអ្នកស្រឡាញ់ភេទដូចគ្នាមានបញ្ហា ៤សំខាន់ គឺការមិនទទួលស្គាល់ពីគ្រួសារ បញ្ហាសុខភាពផ្លូវចិត្តមិនទាន់មានប្រព័ន្ធផ្លូវច្បាប់ការពារអ្នកស្រឡាញ់ភេទដូចគ្នា និងបញ្ហាការអប់រំ។ លោកថា វិធានការរបស់ក្រសួង គឺរួមចំណែកការរំលោភសិទ្ធិមនុស្ស៖ « វាជាចំណែកមួយរបស់ក្រសួង ដែលបង្ហាញថា ក្រសួងពិតជាបានអើពើរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ ដូច្នេះ ក្រសួងផ្សេងៗគួរតែយកតម្រាប់តាមក្រសួងព័ត៌មាន »។
ចំណែកឯ តំណាងសកម្មជនការពារអ្នកស្រឡាញ់ភេទដូចគ្នា កញ្ញា ឡុង ម៉ាឡែន យល់ថា ការផ្ដល់ម៉ោងផ្សាយទាំងវិទ្យុ និងទូរទស្សន៍ស្ដីពីបញ្ហាអ្នកស្រឡាញ់ភេទដូចគ្នា នឹងរួមចំណែកជួយផ្សះផ្សាផ្លូវចិត្ត មិនត្រឹមតែជួយដល់អ្នកស្រឡាញ់ភេទដូចគ្នាប៉ុណ្ណោះទេ វាក៏ជាការរួមចំណែកដោះស្រាយវិបត្តិសង្គមជាតិជាដើម៖ « ក្រសួងព័ត៌មាន គាត់កាត់បន្ថយបញ្ហាអ្នកស្រឡាញ់ភេទដូចគ្នា។ ដល់ការអប់រំ និងស្ថានភាពផ្លូវចិត្តរបស់គាត់ ដើម្បីឲ្យគាត់មិនបាក់ទឹកចិត្ត និងមិនមានអារម្មណ៍ឯកោ »។
អ្នកធ្វើការពាក់ព័ន្ធនឹងអ្នកស្រឡាញ់ភេទដូចគ្នាអះអាងថា កម្មវិធីផ្សាយស្ដីពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដែលនឹងត្រូវផ្សព្វផ្សាយតាមរយៈវិទ្យុ និងទូរទស្សន៍ជាតិនោះ នឹងអាចចាប់ផ្ដើមដំណើរការកម្មវិធីនេះយ៉ាងយូរនៅក្នុងខែឧសភា ឆ្នាំ២០១៦ ខាងមុន។
ក្រៅពីព្រមផ្ដល់ម៉ោងផ្សាយស្ដីពីកម្មវិធីអ្នកស្រឡាញ់ភេទដូចគ្នា កន្លងមកក្រសួងព័ត៌មាន ក៏ធ្លាប់បានចេញសេចក្ដីណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយ ពិសេសពិធីករ ពិធីការិនី និងអ្នកសិល្បៈ គួរឈប់និយាយសើចចំអកដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីច្បាមយកប្រជាប្រិយភាព មិនបង្ហាញពីការរើសអើង និងគោរពសិទ្ធិរបស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។