“ការ​រើសអើង​ស្ត្រី​ដោយ​ប្រើ​ពាក្យ​ពេចន៍​ពេបជ្រាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សង្គម”

0:00 / 0:00

យុវជន​ជា​ស្ត្រី​លើក​ឡើង​ថា ការ​រើសអើង​ស្ត្រី​ក្នុង​សង្គម​ដោយ​ប្រើប្រាស់​ពាក្យ​ពេចន៍​ពេបជ្រាយ និង​មើល​ងាយ​ស្ត្រី​តាម​រយៈ​មិន​ផ្តល់​ឱកាស​ឲ្យ​បាន​ស្មើ​ភាព​គ្នា គឺ​ធ្វើ​ឲ្យ​សង្គម​កម្ពុជា មាន​ការ​អភិវឌ្ឍ​យឺត និង​បាត់បង់​ធនធាន​មនុស្ស។

មនុស្ស​ប្រុស​ត្រូវ​ចេះ​បង្រៀន​ខ្លួន​ឯង​ឲ្យ​ចេះ​ផ្តល់​តម្លៃ​ដល់​ស្ត្រី ព្រោះ​ស្ត្រី​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​ដឹក​នាំ​ប្រទេស។ មន្ត្រី​សង្គម​ស៊ីវិល​និយាយ​ថា រដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​គាំពារ​ច្បាស់លាស់ ដើម្បី​លើក​កម្ពស់​ស្ត្រី​ឲ្យ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា។

បណ្ដាញ​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​វ័យ​ក្មេង​នៅ​កម្ពុជា លើក​ឡើង​ថា នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ការ​រើសអើង​ទៅ​លើ​ស្ត្រី​នៅ​តែ​កើត​មាន។ ស្ត្រី​មួយ​ចំនួន​មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ដូច​បុរស​នោះ​ឡើយ។

មន្ត្រី​គម្រោង​សីលការ (SILAKA) កញ្ញា ឃៀង ស្រីតូច ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​រើសអើង​នៃ​ការ​ប្រើប្រាស់​ពាក្យ​ប្រៀបធៀប​រវាង​ស្ត្រី និង​បុរស និង​មធ្យោបាយ​តស៊ូ​ដើម្បី​ភាព​រឹងមាំ និង​មាន​ការ​ទទួល​ស្គាល់​ពី​សង្គម​ស្ត្រី​ទាំងអស់ ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ឲ្យ​មាន​សមត្ថភាព​ជា​មុន​សិន។ បន្ថែម​ពី​លើ​នេះ បុរស​គ្រប់​រូប​ត្រូវ​គិត​ថា មនុស្ស​ប្រុស​មនុស្ស​ស្រី គឺ​ជា​ដៃគូ​ដ៏​មាន​សារសំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​កម្ពុជា ទាំង​បច្ចុប្បន្ន និង​អនាគត។ កញ្ញា​លើក​ឡើង​ថា បុរស និង​ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា និង​អាច​ចូលរួម​គ្រប់​សកម្មភាព​សង្គម។ ការ​និយាយ​បន្ទោស​បង្អាប់ ការ​បំបាក់​ទឹក​ចិត្ត​ស្ត្រី និង​ការ​មិន​ផ្តល់​តម្លៃ​ការងារ​ក្នុង​ផ្ទះ គឺ​ខុស​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា៖ «ធ្វើ​យុទ្ធនាការ ឬ​ធ្វើ​ជា​ញត្តិ​ទៅ​កាន់​ក្រសួង​អប់រំ ដើម្បី​ផ្សព្វផ្សាយ​នៅ​តាម​សហគមន៍​ស្ដីពី​យេនឌ័រ ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា គួរ​ដាក់​បញ្ចូល​មេរៀន​ស្ដីពី​យេនឌ័រ​តាំង​ពី​ថ្នាក់​បឋម រហូត​ដល់​ថ្នាក់​សាកលវិទ្យាល័យ»

រដ្ឋធម្មនុញ្ញ​មាត្រា​៣៥ វាក្យខណ្ឌ​ទី​១ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។

រីឯ​មាត្រា​៣៦ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ជ្រើសរើស​មុខ​របរ​សមស្រប​តាម​សមត្ថភាព​របស់​ខ្លួន តាម​តម្រូវ​ការ​របស់​សង្គម។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់​ស្មើ​គ្នា​ចំពោះ​ការងារ​ដូច​គ្នា។ ការងារ​មេ​ផ្ទះ មាន​តម្លៃ​ស្មើ​គ្នា​នឹង​កម្រៃ​ដែល​បាន​មក​ពី​ការងារ​ធ្វើ​នៅ​ក្រៅ​ផ្ទះ។

ជា​ញឹកញាប់ គេ​តែងតែ​ស្តាប់​ឮ​នូវ​ការ​សន្ទនា​របស់​ប្រជាជន​មួយ​ចំនួន ជាពិសេស​បុរស និង​ការ​ជជែក ការ​វែក​ញែក​គ្នា ដោយ​លើក​ឡើង​ជា​ការ​ចំអន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា កុំ​ឲ្យ​អន់​ជាង​ស្រី បើ​ចាញ់​ស្រី ទៅ​លោត​ទឹក​ចាន​ឲ្យ​ស្លាប់​ទៅ កូន​ប្រុស​មិន​ត្រូវ​យំ​ដូច​កូន​ស្រី ការងារ​ផ្ទះ​ជា​ការងារ​ស្ត្រី បុរស​ដូចជា​មាស​ទឹក​ដប់ ស្ត្រី​ដូច​សំពត់​ស ស្រី​មិន​ត្រូវ​ដើរ​ឆ្ងាយ​ដូច​មនុស្ស​ប្រុស ជាដើម ជា​អ្វី​ដែល​ក្រុម​យុវជន​ស្ត្រី​វ័យ​ក្មេង​កម្ពុជា យក​ជជែក​គ្នា​ក្នុង​សិក្ខាសាលា​នៅ​ក្រុង​ភ្នំពេញ។

ក្រុម​យុវជន​ពន្យល់​ថា ការ​ប្រកាន់​គំនិត​បែប​នេះ​ក្នុង​សង្គម​កម្ពុជា គឺ​ជា​ហេតុផល​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន គឺ​មនុស្ស​ស្រី ហើយ​មនុស្ស​ប្រុស​ធ្វើ​ការ​បែង​ចែក​វណ្ណៈ និង​គ្មាន​តម្លាភាព​នោះ​ទេ។

ជា​និស្សិត​ផ្នែក​ទស្សនវិជ្ជា​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ លោក តាក់ បូរាជ មាន​មតិ​ថា លោក​គាំទ្រ​ចំពោះ​ការ​ទាមទារ​របស់​ស្ត្រី​ដើម្បី​បាន​ភាព​ស្មើ​គ្នា និង​មិន​ត្រូវ​ប្រើប្រាស់​ពាក្យ​ពេចន៍​បែប​បន្ទោស​បង្អាប់​ចំពោះ​ស្ត្រី។ យុវជន​ទាំងអស់ ត្រូវ​តែ​មាន​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ស្ត្រី ហើយ​តម្លៃ​របស់​ស្ត្រី​នៅ​កម្ពុជា គឺ​ផ្ដើម​ចេញ​ពី​ការ​ផ្តល់​តម្លៃ​របស់​បុរស​គ្រប់​រូប។ ប៉ុន្តែ​ចំណុច​ខ្លះ ស្ត្រី​ក៏​មិន​គួរ​ធ្វើ​ខ្លួន​ឲ្យ​ដូច​បុរស​នោះ​ទេ ដូចជា​ការ​ដើរ​លេង​យប់​ច្រើន និង​ផឹក​ស្រា​វ៉ៃ​គ្នា​ពេល​មាន​កម្មវិធី​ផ្សេងៗ ជាដើម៖ «ខ្លាច​អន់​ជាង​បុរស តើ​គាត់​គួរ​ដើរ​លេង​ពេល​យប់​ដូច​មនុស្ស​ប្រុស​ដែរ​ឬ​យ៉ាង​ណា? នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ពិចារណា»

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា ស្ត្រី និង​បុរស គឺ​ជា​មនុស្ស​ដូច​គ្នា មាន​តម្រូវ​ការ មាន​ក្តី​ស្រឡាញ់ មាន​ឆន្ទៈ និង​មាន​មនសិការ​ស្នេហា​ជាតិ និង​អាច​ធ្វើ​អ្វីៗ​បាន​ដូច​បុរស​ដែរ។ ការ​ផ្តល់​តម្លៃ ការ​ផ្តល់​ឱកាស​ឲ្យ​ទទួល​បាន​ការងារ​ក្នុង​សង្គម មិន​ថា​រដ្ឋ ឬ​ឯកជន​ប្រកប​ដោយ​សមភាព។ ម្យ៉ាង​វិញ​ទៀត ប្រជាជន​កម្ពុជា អាច​ជៀសវាង​ការ​អនុវត្ត​ប្រពៃណី​នៃ​ពាក្យ​ពេចន៍​មួយ​ចំនួន​ដែល​បង្អាក់ និង​រាំង​ស្ទះ​សន្ទុះ​នៃ​ការ​តាំង​ចិត្ត​របស់​ស្ត្រី៖ «រឿង​ហ្នឹង​ស្ត្រី​អាច​ធ្វើ​បាន ប៉ុន្តែ​បែរ​មើល​រំលង ហើយ​គិត​មិន​ចាំបាច់​ទេ ឬ​គិត​ថា មនុស្ស​ធ្វើ​មិន​កើត​ទេ។ គេ​ហៅ​ថា ការ​ធ្វើ​បុរេវិនិច្ឆ័យ​ដូច្នេះ​មិន​ល្អ​ទេ»

សិក្ខាសាលា ស្ដីពី​ការ​រើសអើង​នៃ​ការ​ប្រើប្រាស់​ពាក្យ​ប្រៀបធៀប​រវាង​ស្ត្រី និង​បុរស និង​មធ្យោបាយ​តស៊ូ​មតិ កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៥។
សិក្ខាសាលា ស្ដីពី​ការ​រើសអើង​នៃ​ការ​ប្រើប្រាស់​ពាក្យ​ប្រៀបធៀប​រវាង​ស្ត្រី និង​បុរស និង​មធ្យោបាយ​តស៊ូ​មតិ កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៥។ (RFA/Sereymuny)

អ្នកស្រី​បន្ត​ថា ស្ត្រី និង​បុរស មាន​សិទ្ធិ​ស្មើ​គ្នា​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុសញ្ញា​ស្ដីពី​សិទ្ធិ​មនុស្ស និង​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ស្ត្រី។ ស្ត្រី និង​បុរស មាន​សិទ្ធិ​ចូលរួម​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទាំងអស់ ដូចជា​វិស័យ​កសិកម្ម វប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច អប់រំ នយោបាយ ដោយ​មិន​កាត់​ផ្តាច់​ស្ត្រី​ចេញ​បាន​នោះ​ឡើយ ព្រោះ​ស្ត្រី​ជា​ធនធាន​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ។

របាយការណ៍​ក្រសួង​កិច្ចការ​នារី បង្ហាញ​ថា រូបភាព​ហិង្សា​ចំពោះ​ស្ត្រី​នៅ​ក្នុង​គ្រួសារ​មាន​ដូចជា ការ​រំលោភ​លើ​រាងកាយ ផ្លូវ​ចិត្ត ផ្លូវ​ភេទ ការ​កម្រិត​លើ​ផ្លូវ​សេដ្ឋកិច្ច ការ​ជួញដូរ ការ​ជះ​ទឹក​អាស៊ីត ការ​បង្ក​របួស​ស្នាម ការ​សម្លាប់​ដោយ​ក្តី​ប្រចណ្ឌ ការ​ទិញ​ទឹក​ចិត្ត​ដើម្បី​បង្ខំ​ឲ្យ​រៀបការ​ជាដើម។ ទន្ទឹម​នឹង​នេះ​ដែរ ផល​ប៉ះពាល់​នៃ​អំពើ​ហិង្សា​ចំពោះ​ស្ត្រី​នៅ​ក្នុង​គ្រួសារ បាន​ធ្វើ​ឲ្យ​មាន​ការ​ធ្វើ​អត្តឃាត ធ្វើ​ឲ្យ​កូន​បាត់បង់​ភាព​កក់ក្តៅ មិន​មាន​លទ្ធភាព​បាន​ទៅ​សាលា​រៀន​ទៀងទាត់ ស្ថានភាព​គ្រួសារ​អាប់អួរ ធ្វើ​ឲ្យ​បាត់បង់​ការងារ ប៉ះពាល់​ដល់​ចំណូល បាត់បង់​តួនាទី​ការងារ កិត្តិយស​គ្រួសារ និង​សុខភាព​មិន​ល្អ​ប្រសើរ។

ក្រសួង​កិច្ចការ​នារី បង្ហាញ​ថា ប្រជាជន​កម្ពុជា ចាប់​ពី​កើត​ដល់​អាយុ ២៤​ឆ្នាំ​មាន​ចំនួន ៥៦% និង​អាយុ​ពី ១០​ឆ្នាំ​ដល់ ២៤​ឆ្នាំ​មាន​ចំនួន ៣៤,៨% និង ៦០% ជា​យុវជន​ប្រើ​កម្លាំង​ពលកម្ម​បម្រើ​ការ​ក្នុង​វិស័យ​កសិកម្ម ហើយ​ក្រៅ​ពី​សិស្ស និស្សិត យុវជន​មួយ​ចំនួន​ធំ​ជា​កម្មករ​កម្មការិនី​តាម​រោងចក្រ និង​សហគ្រាស​នានា ហើយ​ស្ត្រី​មាន​ចំនួន ៥២% នៃ​ប្រជាជន​សរុប។

ស្ត្រី​មាន​តួនាទី​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​គ្រួសារ ប្រទេស​ជាតិ ការ​បង្ហាត់​បង្រៀន និង​ចូលរួម​បណ្តុះបណ្តាល​មនុស្ស​ជំនាន់​ក្រោយ ដូច​ដែល​ពាក្យ​ទំនៀម​ខ្មែរ​ពោល​ឡើង​ថា សំណាប​យោង​ដី ស្រី​យោង​បុរស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។