អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រិះគន់​គម្រោង​ចុះ​ហត្ថលេខា​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី

0:00 / 0:00

រដ្ឋសភា និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ សម្ដែង​ក្តី​បារម្ភ​ពី​គម្រោង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ប្រមាណ ១​ពាន់​នាក់ មក​តាំង​ទីលំនៅ​នៅ​កម្ពុជា។

ក្តី​ព្រួយ​បារម្ភ​នេះ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ធ្លាប់​បាន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍ (Uyghur) និង​វៀតណាម (Vietnamese) ជាច្រើន​នាក់ ទៅ​ប្រទេស​ដើម​កំណើត​របស់​គេ​វិញ បើ​ទោះ​បី​ជា​ពួក​គេ​ស្នើសុំ​សិទ្ធិ​ជ្រក​កោន​នៅ​កម្ពុជា ក៏ដោយ។

ឆ្លើយ​តប​ទៅ​នឹង​ក្តី​បារម្ភ​នេះ មន្ត្រី​ការទូត​ជាន់​ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ហើយ​សន្យា​នឹង​ផ្តល់​ការ​គាំពារ​ឱ្យ​សមរម្យ​ក្នុង​ឋានៈ​ពួក​គេ​ជា​ជន​ភៀស​ខ្លួន។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) ព្រមាន​ថា គម្រោង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​តាំង​ទីលំនៅ​នៅ​កម្ពុជា ជា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​មួយ​ដល់​ដំណើរ​ការ​ជួយ​ជន​ភៀស​ខ្លួន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យូមែន រ៉ៃត៍ វច្ឆ៍ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ចាត់​ទុក​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​នេះ ជា​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​អូស្ត្រាលី និង​ការ​បំបរបង់​ចោល​ជន​ភៀស​ខ្លួន​ឱ្យ​មក​រស់នៅ​វេទនា​នៅ​កម្ពុជា៖ «ប្រវត្តិ​ដែល​កម្ពុជា មិន​អាច​គ្រប់គ្រង និង​ការពារ​ជន​ភៀស​ខ្លួន​បាន ត្រូវ​បាន​គេ​ដឹង​ឮ​ជាទូទៅ។ មាន​ជនជាតិ​ដើម​ភាគ​តិច​អ៊ុយហ្គរ៍ ភៀស​ខ្លួន​ពី​ប្រទេស​ចិន ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ប្រទេស​ចិន វិញ និង​ជន​ភៀស​ខ្លួន​វៀតណាម ក៏​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​វៀតណាម ដែរ។ យើង​គ្មាន​ជំនឿ​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ​នយោបាយ​មុតមាំ ដើម្បី​ការពារ​ជន​ភៀស​ខ្លួន​ឡើយ»

រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា ប្រកាស​ជា​សាធារណៈ​ជា​លើក​ដំបូង​ពី​គម្រោង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី។ រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​កិច្ចការ​ព្រំដែន​អូស្ត្រាលី លោក ស្កុត ម៉ារីសុន (Scott Morrison) និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នឹង​ចុះ​ហត្ថលេខា​រួម​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ខាង​មុខ ដើម្បី​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​កម្ពុជា និង​អូស្ត្រាលី មិន​បាន​បង្ហើប​ព័ត៌មាន​លម្អិត​ពី​គម្រោង​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា នៅ​ឡើយ​ទេ។

ប៉ុន្តែ សារព័ត៌មាន​អូស្ត្រាលី ឌឹ ស៊ីដនី ម៉រនិង ហឺរ៉ាល់ (The Sydney Morning Herald) ផ្សាយ​ថា កិច្ច​ព្រមព្រៀង​នេះ ភាគី​កម្ពុជា នឹង​ទទួល​យក​ជន​ភៀស​ខ្លួន​ចំនួន ១​ពាន់​នាក់ ពី​ប្រទេស​អូស្ត្រាលី មក​តាំង​ទីលំនៅ​នៅ​កម្ពុជា។ សារព័ត៌មាន​នេះ​មិន​បាន​បញ្ជាក់​ពី​ទីតាំង​ដែល​រដ្ឋាភិបាល នឹង​ឲ្យ​ជន​ភៀស​ខ្លួន​ទាំង​នោះ​ស្នាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រភព​ព័ត៌មាន​នៅ​កម្ពុជា បញ្ជាក់​ថា ជន​ភៀស​ខ្លួន​ទាំងអស់ អាច​ត្រូវ​រដ្ឋាភិបាល​យក​ទៅ​តាំង​ទីលំនៅ​លើ​កោះ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ។

លោក ហ្វីល រ៉ូប៊ើតសុន បន្ត​ទៀត​ថា បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​បាន​បង្ហាញ​ពី​លទ្ធភាព​ថា​អាច​ទទួល​យក​ជន​ភៀស​ខ្លួន​បាន​ឡើយ។ មាន​ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន ដែល​បាន​ភៀស​ខ្លួន​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​កម្ពុជា បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទី​៣។ ក្រៅ​ពី​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា ក៏​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រចាំ​ថ្ងៃ៖ «រដ្ឋាភិបាល​នេះ​មិន​មែន​ជា​រដ្ឋាភិបាល​ដែល​គេ​ស្គាល់​ថា ជា​រដ្ឋាភិបាល​មាន​សន្ដានចិត្ត ឬ​ក៏​ជា​រដ្ឋាភិបាល​ដែល​គាំពារ​មនុស្សធម៌​ឡើយ។ រដ្ឋាភិបាល​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រដ្ឋាភិបាល​ប្រើប្រាស់​អំពើ​ហិង្សា​វាយ​ដំ និង​បាញ់​ប្រហារ​ទៅ​លើ​បាតុករ រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ ដូចជា​ការ​តវ៉ា​ដោយ​អហិង្សា និង​ការ​បញ្ចេញ​មតិ សូម្បី​តែ​ពលរដ្ឋ​ចង់​ប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ ក៏​មាន​ការ​ហាម​ឃាត់​ដែរ។ និយាយ​ឱ្យ​ចំ រដ្ឋាភិបាល​កម្ពុជា ជា​រដ្ឋាភិបាល​គ្មាន​បេះដូង ហើយ​មិន​មាន​ការ​ចាប់​អារម្មណ៍​ការពារ​ជន​ភៀស​ខ្លួន​ឡើយ។ ខ្ញុំ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ជន​ភៀស​ខ្លួន​ទាំង​នោះ ត្រូវ​បាន​គេ​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ​មែន​នោះ ពួក​គេ​នឹង​ជួប​ប្រទះ​បញ្ហា​ជាច្រើន​នៅ​កម្ពុជា»

ពាក់ព័ន្ធ​ទៅ​នឹង​សំណើ​របស់​អូស្ត្រាលី ដើម្បី​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា​នេះ មន្ត្រី​នាំ​ពាក្យ​របស់ លោក ស្កុត ម៉ារីសុន បាន​បញ្ជាក់​ថា គម្រោង​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​សុក្រ ទី​២៦ ខាង​មុខ នឹង​មាន​ពិត​ប្រាកដ ហើយ​ព័ត៌មាន​លម្អិត​ស្ដីពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​នោះ នឹង​ប្រកាស​ឱ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​២៦ ប៉ុន្តែ លោក ស្កុត ម៉ារីសុន ធ្លាប់​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ដើម​ខែ​កញ្ញា ថា អូស្ត្រាលី មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ការ​ទទួល​ឲ្យ​ជន​ភៀស​ខ្លួន​មក​តាំង​ទីលំនៅ ហើយ​អូស្ត្រាលី ចង់​បែង​ចែក​បទពិសោធន៍​ទៅ​ឲ្យ​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា អាច​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ជន​ភៀស​ទៅ​ថ្ងៃ​អនាគត។

ជុំវិញ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ដែរ មិន​ត្រឹម​តែ​មន្ត្រី​សិទ្ធិ​មនុស្ស​ទេ​ដែល​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី សូម្បី​តែ​សកម្មជន​អូស្ត្រាលី​ផ្នែក​ជន​អន្តោប្រវេសន៍ ក៏​រិះគន់​ដែរ។ អង្គការ​ការពារ​ជន​អន្តោប្រវេសន៍​អូស្ត្រាលី ឈ្មោះ​ថា ហ្គ្រីន អ៊ីម៉ៃហ្គ្រេសិន (Greens immigration) ហៅ​កិច្ច​ព្រមព្រៀង​កម្ពុជា និង​អូស្ត្រាលី ជា​កិច្ច​ព្រមព្រៀង​អាម៉ាស់ ដោយសារ​កម្ពុជា មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​យក​អាសា​ជន​ភៀស​ខ្លួន​នៅ​ពេល​ដែល​រដ្ឋាភិបាល​មិន​ខ្វល់ខ្វាយ​នឹង​បញ្ហា​នេះ។ សកម្មជន ហ្គ្រីន អ៊ីម៉ៃហ្គ្រេសិន ឱ្យ​ដឹង​ថា ព័ត៌មាន​មិន​ផ្លូវ​ការ​បង្ហាញ​ថា ជន​ភៀស​ខ្លួន​ទាំង​នោះ​នឹង​តម្រូវ​ឱ្យ​សង់​ផ្ទះ​ខ្លួន​ឯង។

លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណៈកម្មការ​លោក​កំពុង​តាម​ដាន​ពី​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី។ លោក​បន្ត​ថា ប្រសិន​បើ​រក​ឃើញ​ថា កិច្ច​ព្រមព្រៀង​នេះ​មាន​ភាព​អវិជ្ជមាន លោក​នឹង​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ ដើម្បី​ធ្វើ​ការ​សាកសួរ៖ «ស្រុក​ខ្មែរ​មិន​ទាន់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ទទួល​ជន​ភៀស​ខ្លួន​ទេ សេដ្ឋកិច្ច​យើង​ទាប ហើយ​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​នៅ​មាន​កម្រិត»

ឆ្លើយ​តប​ទៅ​នឹង​ក្តី​បារម្ភ​របស់​រដ្ឋសភា និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា អះអាង​ថា រដ្ឋាភិបាល​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្រង​ជន​ភៀស​ខ្លួន ដែល​ត្រូវ​បាន​បញ្ជូន​មក​រស់នៅ​កម្ពុជា៖ «អ្វី​ដែល​រដ្ឋាភិបាល​សម្រេច​ធ្វើ យើង​យល់​ឃើញ​ថា យើង​ធ្វើ​បាន។ មាន​តែ​កម្ពុជា ខ្លួន​ឯង​ទេ​ដែល​ដឹង​សមត្ថភាព។ អង្គការ​យូមែន រ៉ៃត៍ វច្ឆ៍ ចេះ​តែ​ថា ប៉ុន្តែ​អ្វី​ដែល​រដ្ឋាភិបាល​សម្រេច គេ​បាន​សិក្សា​ល្អិតល្អន់​អស់​ហើយ ខ្លួន​អាច​ធ្វើ​បាន»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក កុយ គួង ក៏​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ស្ដីពី​ការ​ផ្តល់​ទីលំនៅ​ដល់​ជន​ភៀស​ខ្លួន​ដែរ។

បច្ចុប្បន្ន មាន​ជន​ភៀស​ខ្លួន​ប្រមាណ ១​ពាន់​នាក់ ដែល​ព្យាយាម​ជិះ​ទូក​ទៅ​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវ​បាន​ចាប់​ឃុំ​នៅ​កោះ​ណាវរ៉ូ ត្រូវ​បាន​រដ្ឋាភិបាល​អូស្ត្រាលី គ្រោង​នឹង​បញ្ជូន​មក​រស់នៅ​កម្ពុជា។

កាសែត ឌឹ ស៊ីដនី ម៉រនិង ហឺរ៉ាល់ បាន​ដក​ស្រង់​សំដី​ជន​ភៀស​ខ្លួន​ម្នាក់​កំពុង​ជាប់​ឃុំ​នៅ​កោះ​ណាវរ៉ូ ហើយ​ដែល​អាច​ត្រូវ​បញ្ជូន​មក​កម្ពុជា ថា លោក​មិន​ចង់​មក​រស់នៅ​កម្ពុជា ទេ លោក​ត្រូវ​ការ​ឲ្យ​ប្រទេស​អូស្ត្រាលី ជួយ។ លោក​បន្ត​ថា កម្ពុជា ជា​ប្រទេស​ក្រីក្រ មិន​អាច​ថែរក្សា​ជន​ភៀស​ខ្លួន​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។