រដ្ឋសភា និងអង្គការសិទ្ធិមនុស្សអន្តរជាតិ សម្ដែងក្តីបារម្ភពីគម្រោងទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី ប្រមាណ ១ពាន់នាក់ មកតាំងទីលំនៅនៅកម្ពុជា។
ក្តីព្រួយបារម្ភនេះ គឺដោយសារតែរដ្ឋាភិបាលកម្ពុជា មានការរំលោភសិទ្ធិមនុស្ស និងធ្លាប់បានចាប់បញ្ជូនជនភៀសខ្លួនអ៊ុយហ្គរ៍ (Uyghur) និងវៀតណាម (Vietnamese) ជាច្រើននាក់ ទៅប្រទេសដើមកំណើតរបស់គេវិញ បើទោះបីជាពួកគេស្នើសុំសិទ្ធិជ្រកកោននៅកម្ពុជា ក៏ដោយ។
ឆ្លើយតបទៅនឹងក្តីបារម្ភនេះ មន្ត្រីការទូតជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី ហើយសន្យានឹងផ្តល់ការគាំពារឱ្យសមរម្យក្នុងឋានៈពួកគេជាជនភៀសខ្លួន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) ព្រមានថា គម្រោងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មកតាំងទីលំនៅនៅកម្ពុជា ជាគ្រោះថ្នាក់ធ្ងន់ធ្ងរមួយដល់ដំណើរការជួយជនភៀសខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែន រ៉ៃត៍ វច្ឆ៍ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ចាត់ទុកការបញ្ជូនជនភៀសខ្លួននេះ ជាការមិនទទួលខុសត្រូវរបស់រដ្ឋាភិបាលអូស្ត្រាលី និងការបំបរបង់ចោលជនភៀសខ្លួនឱ្យមករស់នៅវេទនានៅកម្ពុជា៖ «ប្រវត្តិដែលកម្ពុជា មិនអាចគ្រប់គ្រង និងការពារជនភៀសខ្លួនបាន ត្រូវបានគេដឹងឮជាទូទៅ។ មានជនជាតិដើមភាគតិចអ៊ុយហ្គរ៍ ភៀសខ្លួនពីប្រទេសចិន ត្រូវបានចាប់បញ្ជូនទៅប្រទេសចិន វិញ និងជនភៀសខ្លួនវៀតណាម ក៏ត្រូវបានចាប់ខ្លួនបញ្ជូនទៅវៀតណាម ដែរ។ យើងគ្មានជំនឿថា រដ្ឋាភិបាលមានឆន្ទៈនយោបាយមុតមាំ ដើម្បីការពារជនភៀសខ្លួនឡើយ»។
រដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី កាលពីថ្ងៃទី២៤ កញ្ញា ប្រកាសជាសាធារណៈជាលើកដំបូងពីគម្រោងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី។ រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការព្រំដែនអូស្ត្រាលី លោក ស្កុត ម៉ារីសុន (Scott Morrison) និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងចុះហត្ថលេខារួមនៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខ ដើម្បីទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីកម្ពុជា និងអូស្ត្រាលី មិនបានបង្ហើបព័ត៌មានលម្អិតពីគម្រោងបញ្ជូនជនភៀសខ្លួនមកកម្ពុជា នៅឡើយទេ។
ប៉ុន្តែ សារព័ត៌មានអូស្ត្រាលី ឌឹ ស៊ីដនី ម៉រនិង ហឺរ៉ាល់ (The Sydney Morning Herald) ផ្សាយថា កិច្ចព្រមព្រៀងនេះ ភាគីកម្ពុជា នឹងទទួលយកជនភៀសខ្លួនចំនួន ១ពាន់នាក់ ពីប្រទេសអូស្ត្រាលី មកតាំងទីលំនៅនៅកម្ពុជា។ សារព័ត៌មាននេះមិនបានបញ្ជាក់ពីទីតាំងដែលរដ្ឋាភិបាល នឹងឲ្យជនភៀសខ្លួនទាំងនោះស្នាក់នៅឡើយទេ ប៉ុន្តែប្រភពព័ត៌មាននៅកម្ពុជា បញ្ជាក់ថា ជនភៀសខ្លួនទាំងអស់ អាចត្រូវរដ្ឋាភិបាលយកទៅតាំងទីលំនៅលើកោះមួយចំនួនក្នុងខេត្តព្រះសីហនុ។
លោក ហ្វីល រ៉ូប៊ើតសុន បន្តទៀតថា បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា នៅមិនទាន់បានបង្ហាញពីលទ្ធភាពថាអាចទទួលយកជនភៀសខ្លួនបានឡើយ។ មានជនភៀសខ្លួនខ្មែរកម្ពុជាក្រោមជាច្រើន ដែលបានភៀសខ្លួនពីការតាមចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជា បានភៀសខ្លួនទៅប្រទេសថៃ ដើម្បីស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទី៣។ ក្រៅពីបញ្ហានេះ រដ្ឋាភិបាលកម្ពុជា ក៏កំពុងរំលោភសិទ្ធិមនុស្សជាប្រចាំថ្ងៃ៖ «រដ្ឋាភិបាលនេះមិនមែនជារដ្ឋាភិបាលដែលគេស្គាល់ថា ជារដ្ឋាភិបាលមានសន្ដានចិត្ត ឬក៏ជារដ្ឋាភិបាលដែលគាំពារមនុស្សធម៌ឡើយ។ រដ្ឋាភិបាលនេះ ត្រូវបានគេស្គាល់ថា ជារដ្ឋាភិបាលប្រើប្រាស់អំពើហិង្សាវាយដំ និងបាញ់ប្រហារទៅលើបាតុករ រំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ដូចជាការតវ៉ាដោយអហិង្សា និងការបញ្ចេញមតិ សូម្បីតែពលរដ្ឋចង់ប្រើប្រាស់ទីលានប្រជាធិបតេយ្យ ក៏មានការហាមឃាត់ដែរ។ និយាយឱ្យចំ រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលគ្មានបេះដូង ហើយមិនមានការចាប់អារម្មណ៍ការពារជនភៀសខ្លួនឡើយ។ ខ្ញុំព្រួយបារម្ភថា ប្រសិនបើជនភៀសខ្លួនទាំងនោះ ត្រូវបានគេចាប់បញ្ជូនមកស្រុកខ្មែរមែននោះ ពួកគេនឹងជួបប្រទះបញ្ហាជាច្រើននៅកម្ពុជា»។
ពាក់ព័ន្ធទៅនឹងសំណើរបស់អូស្ត្រាលី ដើម្បីបញ្ជូនជនភៀសខ្លួនមកកម្ពុជានេះ មន្ត្រីនាំពាក្យរបស់ លោក ស្កុត ម៉ារីសុន បានបញ្ជាក់ថា គម្រោងចុះហត្ថលេខានៅថ្ងៃសុក្រ ទី២៦ ខាងមុខ នឹងមានពិតប្រាកដ ហើយព័ត៌មានលម្អិតស្ដីពីការបញ្ជូនជនភៀសខ្លួននោះ នឹងប្រកាសឱ្យដឹងនៅថ្ងៃសុក្រ ទី២៦ ប៉ុន្តែ លោក ស្កុត ម៉ារីសុន ធ្លាប់ប្រាប់អ្នកសារព័ត៌មានកាលពីដើមខែកញ្ញា ថា អូស្ត្រាលី មានកេរ្តិ៍ឈ្មោះល្អក្នុងការទទួលឲ្យជនភៀសខ្លួនមកតាំងទីលំនៅ ហើយអូស្ត្រាលី ចង់បែងចែកបទពិសោធន៍ទៅឲ្យកម្ពុជា ដើម្បីឲ្យកម្ពុជា អាចមានសមត្ថភាពក្នុងការជួយជនភៀសទៅថ្ងៃអនាគត។
ជុំវិញការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះដែរ មិនត្រឹមតែមន្ត្រីសិទ្ធិមនុស្សទេដែលបានរិះគន់រដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី សូម្បីតែសកម្មជនអូស្ត្រាលីផ្នែកជនអន្តោប្រវេសន៍ ក៏រិះគន់ដែរ។ អង្គការការពារជនអន្តោប្រវេសន៍អូស្ត្រាលី ឈ្មោះថា ហ្គ្រីន អ៊ីម៉ៃហ្គ្រេសិន (Greens immigration) ហៅកិច្ចព្រមព្រៀងកម្ពុជា និងអូស្ត្រាលី ជាកិច្ចព្រមព្រៀងអាម៉ាស់ ដោយសារកម្ពុជា មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីយកអាសាជនភៀសខ្លួននៅពេលដែលរដ្ឋាភិបាលមិនខ្វល់ខ្វាយនឹងបញ្ហានេះ។ សកម្មជន ហ្គ្រីន អ៊ីម៉ៃហ្គ្រេសិន ឱ្យដឹងថា ព័ត៌មានមិនផ្លូវការបង្ហាញថា ជនភៀសខ្លួនទាំងនោះនឹងតម្រូវឱ្យសង់ផ្ទះខ្លួនឯង។
លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា មកពីគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណៈកម្មការលោកកំពុងតាមដានពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី។ លោកបន្តថា ប្រសិនបើរកឃើញថា កិច្ចព្រមព្រៀងនេះមានភាពអវិជ្ជមាន លោកនឹងកោះហៅមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ ដើម្បីធ្វើការសាកសួរ៖ «ស្រុកខ្មែរមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលជនភៀសខ្លួនទេ សេដ្ឋកិច្ចយើងទាប ហើយបញ្ហាគោរពសិទ្ធិមនុស្សនៅមានកម្រិត»។
ឆ្លើយតបទៅនឹងក្តីបារម្ភរបស់រដ្ឋសភា និងមន្ត្រីអង្គការសិទ្ធិមនុស្សអន្តរជាតិ លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៤ កញ្ញា អះអាងថា រដ្ឋាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់សម្រាប់គ្រប់គ្រងជនភៀសខ្លួន ដែលត្រូវបានបញ្ជូនមករស់នៅកម្ពុជា៖ «អ្វីដែលរដ្ឋាភិបាលសម្រេចធ្វើ យើងយល់ឃើញថា យើងធ្វើបាន។ មានតែកម្ពុជា ខ្លួនឯងទេដែលដឹងសមត្ថភាព។ អង្គការយូមែន រ៉ៃត៍ វច្ឆ៍ ចេះតែថា ប៉ុន្តែអ្វីដែលរដ្ឋាភិបាលសម្រេច គេបានសិក្សាល្អិតល្អន់អស់ហើយ ខ្លួនអាចធ្វើបាន»។
ទោះបីជាយ៉ាងណាក៏ដោយ លោក កុយ គួង ក៏បដិសេធមិនផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការចុះហត្ថលេខាលើអនុស្សរណៈស្ដីពីការផ្តល់ទីលំនៅដល់ជនភៀសខ្លួនដែរ។
បច្ចុប្បន្ន មានជនភៀសខ្លួនប្រមាណ ១ពាន់នាក់ ដែលព្យាយាមជិះទូកទៅប្រទេសអូស្ត្រាលី ហើយត្រូវបានចាប់ឃុំនៅកោះណាវរ៉ូ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងបញ្ជូនមករស់នៅកម្ពុជា។
កាសែត ឌឹ ស៊ីដនី ម៉រនិង ហឺរ៉ាល់ បានដកស្រង់សំដីជនភៀសខ្លួនម្នាក់កំពុងជាប់ឃុំនៅកោះណាវរ៉ូ ហើយដែលអាចត្រូវបញ្ជូនមកកម្ពុជា ថា លោកមិនចង់មករស់នៅកម្ពុជា ទេ លោកត្រូវការឲ្យប្រទេសអូស្ត្រាលី ជួយ។ លោកបន្តថា កម្ពុជា ជាប្រទេសក្រីក្រ មិនអាចថែរក្សាជនភៀសខ្លួនបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
