មន្ត្រីរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលមិនមានគម្រោងបញ្ជូនជនជាតិភាគតិចម៉ុងតាញ៉ា-វៀតណាម ១៧១នាក់ ដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅកម្ពុជា ត្រឡប់ទៅវៀតណាម វិញនោះទេ។
ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីបណ្ដាញសារព័ត៌មានក្នុងស្រុក បានចុះផ្សាយនៅថ្ងៃទី១១ កុម្ភៈ នេះ ដោយស្រង់សម្ដីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដែលអះអាងថា ជនជាតិភាគតិចម៉ុងតាញ៉ា-វៀតណាម ទាំង ១៧១នាក់នោះ មិនមែនជាជនភៀសខ្លួនឡើយ ហើយរដ្ឋាភិបាលនឹងបញ្ជូនពួកគេត្រឡប់ទៅកាន់ប្រទេសវៀតណាម វិញ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក សុខ ផល អះអាងនៅរសៀលថ្ងៃទី១១ កុម្ភៈ នេះថា ជនជាតិភាគតិចម៉ុងតាញ៉ា-វៀតណាម ទាំង ១៧១នាក់នោះ នៅមិនទាន់ត្រូវបានអាជ្ញាធរកម្ពុជា ពិនិត្យចប់សព្វគ្រប់ពីលក្ខខណ្ឌនៃជនភៀសខ្លួននៅឡើយ។ ដូច្នេះលោកថា នឹងមិនមានការបញ្ជូនពួកគេត្រឡប់ទៅវិញទេ លុះណាតែពួកគេស្ម័គ្រចិត្តត្រឡប់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែលោកថា បន្ទាប់ពីពិនិត្យលក្ខខណ្ឌនៃឋានៈជនភៀសខ្លួនរួច ប្រសិនបើរកឃើញថា ពួកគេពិតជាមិនស្ថិតនៅក្នុងលក្ខន្តិកៈនៃជនភៀសខ្លួនទេ នោះអាជ្ញាធរនឹងបញ្ជូនពួកគេត្រឡប់ទៅកាន់ប្រទេសដើមវិញ។
ទោះជាយ៉ាងណាក៏ដោយ លោក សុខ ផល បញ្ជាក់ថា រហូតមកទល់ពេលនេះ មិនទាន់មានលទ្ធផលផ្លូវការ ទាក់ទិននឹងការពិនិត្យឋានៈជាជនភៀសខ្លួនរបស់ពួកគេនៅឡើយ។ ដោយឡែកសម្រាប់ជនជាតិភាគតិចម៉ុងតាញ៉ា-វៀតណាម ចំនួន ១៣នាក់ ដែលទទួលបានឋានៈជាជនភៀសខ្លួនរួចហើយនោះ លោក សុខ ផល ឲ្យដឹងថា ពួកគេមិនទាន់ត្រូវបានបញ្ជូនទៅកាន់ប្រទេសទី៣ នៅឡើយទេ ដោយរង់ចាំការរៀបចំរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
