ក្រុមហ៊ុនបញ្ជាទិញសំលៀកបំពាក់ដ៏ធំមួយនៅប្រទេសស៊ុយអែត (Sweden) អេច្ឆ.អេន.អឹម (H&M) ប្រកាសថា នឹងសហការជាមួយសហជីពកម្មករ រដ្ឋាភិបាលកម្ពុជា និងឥណ្ឌា ទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត ព្រមទាំងអង្គការអន្តរជាតិផ្នែកការងារ (International Labor Organization) ដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងាររបស់កម្មករនៃប្រទេសទាំងពីរ។
ការប្រកាសជំហររបស់ក្រុមហ៊ុននេះ បន្ទាប់ពីការចុះផ្សាយរបាយការណ៍ស្រាវជ្រាវមួយរបស់អង្គការសម្ពន្ធភាពតម្លៃប្រាក់ឈ្នួលនៅអាស៊ីហៅកាត់ថា (AFWA) ដែលជាបណ្ដុំសហជីពកម្មករ និងក្រុមអង្គការសិទ្ធិមនុស្សបានរកឃើញថា កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុន H&M នៅក្រុងភ្នំពេញ និងក្រុងញូវ ដេលី (Delhi) រងការគំរាមកំហែង និងរំលោភសិទ្ធិមនុស្ស រួមមានទទួលបានប្រាក់ខែទាប កំណត់កុងត្រាអចិន្ត្រៃយ៍ បង្ខំឲ្យធ្វើការលើសម៉ោង និងបាត់បង់ការងារ ប្រសិនបើកម្មការិនីមានផ្ទៃពោះ។
ក្រុមហ៊ុន H&M បញ្ជាក់ថា របាយការណ៍នេះមានសារប្រយោជន៍សំខាន់ណាស់សម្រាប់ការអភិវឌ្ឍរយៈពេលវែង ជាពិសេសចំពោះកម្មករ-កម្មការិនី ដែលធ្វើការនៅរោងចក្រនៃប្រទេសកម្ពុជា និងឥណ្ឌា។
អង្គការសម្ពន្ធភាពតម្លៃប្រាក់ឈ្នួលនៅអាស៊ី បានចុះពិនិត្យ និងសាកសួរកម្មករឥណ្ឌា ចំនួន ៥០នាក់ ពីរោងចក្រចំនួន ៥ និងកម្មករខ្មែរចំនួនជាង ២០០នាក់ ធ្វើការក្នុងរោងចក្រចំនួន១២ ចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
