HRW ជំរុញ​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ​គួរ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​កម្ពុជា

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​មាន​មូលដ្ឋាន​ក្នុង​បុរី​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ វិច្ឆិកា បាន​ជំរុញ​ឲ្យ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ដល់​កម្ពុជា គួរ​និយាយ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ចាប់​ខ្លួន ក្រុម​អ្នក​តវ៉ា​តាម​ទំនើង​ចិត្ត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ការ​បង្ក្រាប​បែប​នេះ។

ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា មក អាជ្ញាធរ​ប្រទេស​កម្ពុជា បាន​ចាប់​ខ្លួន​ក្រុម​បាតុករ​ដោយ​សន្តិវិធី​ចំនួន ១៦​នាក់។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​របត់​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​ប្រើ​យុទ្ធនាការ​របស់​ខ្លួន​ក្នុង​ការ​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង ឲ្យ​បញ្ឈប់​ការ​ទាមទារ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​មាន​ភាព​ខុស​ឆ្គង​នោះ។

លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ មួយ​នេះ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការ​បង្ក្រាប​របស់​សមត្ថកិច្ច​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចំអក​ដល់​ការ​សន្យា​អំពី​ការ​កែ​ទម្រង់​ប្រជាធិបតេយ្យ ហើយ​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ ត្រូវ​នាំ​គ្នា​ថ្កោលទោស​ចំពោះ​សកម្មភាព​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​របស់​អាជ្ញាធរ។

លោក ប្រ៊ែដ អាដាម បន្ត​ថា ការ​ខកខាន​មិន​បាន​និយាយ ឬ​ធ្វើ​ការ​ថ្កោលទោស​របស់​ប្រទេស​ម្ចាស់​ជំនួយ​ដល់​កម្ពុជា គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​គណបក្ស​កាន់​អំណាច បន្ត​បិទ​លំហ​នយោបាយ និង​រាំង​ខ្ទប់​នូវ​ក្តី​សង្ឃឹម​ទាំង​ឡាយ​សម្រាប់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។