អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) លើកឡើងថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជីម៉ាក (GMAC) គួរផ្ដោតការយកចិត្តទុកដាក់លើកិច្ចប្រឹងប្រែងកែទម្រង់នៃការរំលោភសិទ្ធិការងារក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា ជាជាងបដិសេធលើរបាយការណ៍របស់ខ្លួនដែលមានចំណងជើងថា"ធ្វើការឲ្យលឿន ឬឈប់ធ្វើការ (Work Faster or Get out)"។
ក្នុងលិខិតចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ផ្ញើជូន លោក ខេន លូ (Ken Loo) អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានគូសបញ្ជាក់ថា ក្រុមមន្ត្រីរដ្ឋាភិបាល និងភាគីរោងចក្រ គួរតែរិះរកមធ្យោបាយដោះស្រាយបញ្ហានានារបស់កម្មករ ដែលរងការរំលោភបំពានជាប្រព័ន្ធ។
កាលពីថ្ងៃទី១៧ ខែមីនា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយប្រតិកម្មទៅនឹងរបាយការណ៍ស្រាវជ្រាវរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថារបាយការណ៍នេះធ្វើឡើងដោយអត្តនោម័តិ មិនឆ្លុះបញ្ចាំងការពិតឡើយ។
លោក ហ្វីល រ៉ូបឺតសុន ក៏បានបញ្ជាក់ក្នុងលិខិតដដែលនោះថា លទ្ធផលនៃរបាយការណ៍នេះ គឺបានមកពីការស្រាវជ្រាវច្បាស់លាស់ ដែលបានជួបសម្ភាសផ្ទាល់ជាមួយកម្មករចំនួន ២៧០នាក់ពីរោងចក្រចំនួន៧៣ ក្នុងខេត្តចំនួន៥។ មិនតែប៉ុណ្ណោះ លោកបន្តថា របាយការណ៍នេះក៏មានភាពស្រដៀងគ្នាទៅនឹងស្ថិតិស្រាវជ្រាវកាលពីពេលថ្មីៗនេះរបស់ស្ថាប័នឯករាជ្យមួយចំនួន រួមមាន កម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia) និងអង្គការអន្តរជាតិខាងការងារ (ILO) ដែលបានលើកឡើងអំពីការរំលោភច្បាប់ពលកម្ម និងរំលោភសិទ្ធិកម្មករក្នុងរោងចក្រ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ កាលពីថ្ងៃទី១២ ខែមីនា បានចេញរបាយការណ៍ស្រាវជ្រាវកម្រាស់ជាង ១៤០ទំព័រ បង្ហាញពីការធ្វើទុក្ខបុកម្នេញលើកម្មករពីសំណាក់ថៅកែរោងចក្រ កម្មករធ្វើការបន្ថែមម៉ោងដោយបង្ខំ កង្វះពេលវេលាសម្រាកចន្លោះម៉ោងធ្វើការ កម្មករមិនត្រូវបានឲ្យឈប់សម្រាកពេលឈឺ កម្មការិនីមានផ្ទៃពោះត្រូវគេរើសអើង និងកាត់ប្រាក់ខែពេលសម្រាកក្រោយសម្រាលកូនរួច ជាដើម។ ក្រៅពីនេះ ការរើសអើងសហជីពក៏ត្រូវបានលើកឡើងដែរ។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរជាង ៧០ម៉ឺននាក់ធ្វើជាកម្មកររោងចក្រកាត់ដេរ។ កម្មករមានប្រាក់ខែទាបបំផុតចំនួន ១២៥ដុល្លារក្នុង១ខែៗ។ ក្រុមសង្គមស៊ីវិល និងសហជីពរកឃើញថា ចំនួនប្រាក់ខែប៉ុណ្ណេះមិនអាចធ្វើឲ្យកម្មករមានជីវភាពរស់នៅប្រសើរបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
