អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា ការណ៍ដែលរដ្ឋាភិបាលកម្ពុជាដាក់បណ្ដឹងផ្លូវច្បាប់សុំរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ នេះ នឹងធ្វើឲ្យការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ មិនមានលក្ខណៈប្រជាធិបតេយ្យឡើយ។
អង្គការនេះ ជំរុញឲ្យប្រទេសម្ចាស់ជំនួយ និងសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់នូវដំណើរវិវត្តផ្នែកនយោបាយចុងក្រោយនេះ តាមរយៈការពិចារណាដាក់គំនាបការទូត និងទណ្ឌកម្មផ្នែកសេដ្ឋកិច្ច។ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា នេះជាការចោទប្រកាន់ដែលមានលក្ខណៈលម្អៀងផ្នែកនយោបាយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លើកឡើងថា ប្រសិនបើតុលាការកំពូលដែលគ្រប់គ្រងដោយរដ្ឋាភិបាល សម្រេចចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិមែននោះ នេះមានន័យស្មើនឹងការបដិសេធចោលទាំងស្រុងនូវការផ្ដល់សិទ្ធិជាមូលដ្ឋានដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការសម្រេចចិត្តជ្រើសរើសរដ្ឋាភិបាលតាមឆន្ទៈរបស់ពួកគេ។
លោក ចេម រ៉ូស (James Ross) នាយកផ្នែកច្បាប់ និងគោលនយោបាយ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថា បណ្ដឹងរបស់រដ្ឋាភិបាលដើម្បីរំលាយគណបក្សប្រឆាំងធំជាងគេបំផុតនៅកម្ពុជា ឲ្យបានមុនការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ គឺជាការច្បាមយកអំណាចទាំងស្រុងដោយកម្រោល និងដោយឥតអៀនខ្មាសតែម្ដង។ នាយកផ្នែកច្បាប់ និងគោលនយោបាយ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះ ជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសនានានៅលើពិភពលោក ដែលបន្តទទូចឲ្យប្រទេសកម្ពុជាត្រូវតែមានការដឹកនាំតាមបែបប្រជាធិបតេយ្យ គួរចាត់វិធានការដើម្បីបង្អាក់ដំណើរវិវត្តនេះ ឬបើមិនដូច្នោះទេ រដ្ឋាភិបាលនៃប្រទេសទាំងនេះនឹងទទួលរងនូវការចោទប្រកាន់ថា បានចូលរួមចំណែកក្នុងការធ្វើឲ្យរលាយសាបសូន្យនៃលទ្ធិប្រជាធិបតេយ្យ ធ្លាក់ចូលទៅក្នុងរបបគ្រប់គ្រងតាមបែបផ្ដាច់ការទាំងស្រុងរបស់លោក ហ៊ុន សែន តែម្ដង។
សេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ចេញផ្សាយថ្ងៃទី១០ ខែតុលានេះ លើកឡើងថា ចំណាត់ការបច្ចុប្បន្នទំនងជាធ្វើឡើងដោយសារតែគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ហាក់បារម្ភអំពីការមិនអាចដណ្ដើមយកជ័យជម្នះបានក្នុងការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយសារតែគណបក្សសង្គ្រោះជាតិទទួលបានលទ្ធផលឆ្នោតយ៉ាងត្រចះត្រចង់ផ្ទួនៗ ទាំងក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បដិសេធការលើកឡើងរបស់មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិពីខាងលើនេះ ថាមិនមែនជាការពិត ហើយថា ជាការលម្អៀង និងមានបុរេនិច្ឆ័យផ្នែកនយោបាយ ដោយសារតែអង្គការនេះតែងតែកាន់ជើងគណបក្សប្រឆាំងតាំងពីដើមមក។ លោកថា រដ្ឋាភិបាលពុំមានជម្រើសអ្វីក្រៅពីការដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋឡើយ ពីព្រោះថា ករណីសំណុំរឿងក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិនេះ មិនមែនគណបក្សប្រជាជនកម្ពុជា ឬរដ្ឋាភិបាលជាអ្នកបង្កើតកំហុសឡើយ។ ផ្ទុយទៅវិញ លោកចោទថា គណបក្សសង្គ្រោះជាតិឯណោះទៅវិញទេជាអ្នក បង្កើតឲ្យមាននូវកំហុសនេះដោយខ្លួនឯងតាមរយៈសម្ដីរបស់លោក កឹម សុខា។
សេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិដដែលនេះបញ្ជាក់ថា សហគមន៍អន្តរជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រឲ្យប្រទេសកម្ពុជា សម្រេចបាននូវសន្ធិសញ្ញាក្រុងប៉ារីសឆ្នាំ១៩៩១ ក្រោយពេលដែលមានការដួលរលំទៅនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានកាន់អំណាចពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បន្តដោយការគ្រប់គ្រងពីសំណាក់ប្រទេសវៀតណាម និងសង្គ្រាមស៊ីវិល។ ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ រួមមានទាំងលោក ហ៊ុន សែន ខ្លួនឯងផងដែរនោះ បានយល់ព្រមដើម្បីធានាឲ្យបាននូវការគោរព និងប្រតិបត្តិតាមគោលការណ៍សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានយ៉ាងពេញលេញក្នុងប្រទេសកម្ពុជា និងផ្ដល់ការគាំទ្រនូវសិទ្ធិរបស់ពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការចូលរួមក្នុងសកម្មភាពដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានទាំងនេះ។ រដ្ឋាភិបាលដែលជាម្ចាស់ជំនួយសំខាន់ៗ ហើយបានពាក់ព័ន្ធជាមួយប្រទេសកម្ពុជា រួមមាន សហរដ្ឋអាមេរិក ជប៉ុន ប្រទេសនានាក្នុងសហភាពអឺរ៉ុប និងប្រទេសឥណ្ឌូនេស៊ី ក្នុងចំណោមប្រទេសដទៃទៀត បានចុះហត្ថលេខាទទួលធ្វើជាអ្នកធានា និងយល់ព្រមដើម្បីលើកកម្ពស់ និងលើកទឹកចិត្តឲ្យមានការគោរព និងប្រតិបត្តិតាមសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជានេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិដដែលនេះលើកឡើងថា ភាគីហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស និងប្រទេសពាក់ព័ន្ធដទៃទៀត គួរឆ្លើយតបប្រកបដោយភាពស្វាហាប់ចំពោះចំណាត់ការបង្ក្រាបផ្នែកនយោបាយនេះ ផ្ដើមចេញពីវិធានការបែបការទូត ឬឈានទៅដល់ការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបម្រាមធ្វើដំណើរចំពោះមន្ត្រីជាន់ខ្ពស់គ្រាក់ៗកម្ពុជា ដែលពាក់ព័ន្ធនឹងការបង្ក្រាបផ្នែកនយោបាយនេះ រួមទាំងលោក ហ៊ុន សែន ផងដែរ។ អង្គការដដែលនេះ ជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសម្ចាស់ជំនួយទាំងនេះ អំពាវនាវឲ្យលោក ហ៊ុន សែន បញ្ឈប់រាល់ចំណាត់ការផ្នែកនយោបាយនានាប្រឆាំងមេដឹកនាំគណបក្សប្រឆាំង សកម្មជនសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយនានា ហើយត្រូវតែអនុញ្ញាតមានដំណើរការតាមបែបប្រជាធិបតេយ្យដោយគោរពយ៉ាងពេញលេញនូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានទាំងនេះ។
ជុំវិញបញ្ហានេះ លោក សុខ ឥសាន ថា គណបក្សកាន់អំណាចរបស់លោកមិនមានអ្វីដែលត្រូវព្រួយបារម្ភខ្លាំងឡើយ ព្រោះលោកថា ការអំពាវនាវឲ្យដាក់គំនាបការទូត និងទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនេះ ធ្វើឡើងផ្ទុយពីបរិបទសេដ្ឋកិច្ចបច្ចុប្បន្ននៅកម្ពុជា។
នាយកផ្នែកច្បាប់ និងគោលនយោបាយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ចេម រ៉ូស ថា ការបង្ក្រាបចុងក្រោយរបស់លោក ហ៊ុន សែន នឹងក្លាយជាអាវុធពិឃាដបិទបញ្ចប់សន្ធិសញ្ញាក្រុងប៉ារីសទាំងស្រុងតែម្ដង។ លោកថា ខណៈដែលការបោះឆ្នោតជាតិឆ្នាំ២០១៨ នៅសល់តែ ៨ ខែទៀតប៉ុណ្ណោះនឹងឈានចូលមកដល់ ប្រទេសនានាដែលបានផ្ដួចផ្ដើមឲ្យសម្រេចបាននូវសន្ធិសញ្ញាក្រុងប៉ារីសនេះ ដែលមានចែងអំពីគោលការណ៍គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីជួយសង្គ្រោះស្មារតីនៃសន្ធិសញ្ញានេះឲ្យរស់រានឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
