ក្បួន​ធម្មយាត្រា​សិទ្ធិ​យាត្រា​ទិស​ផ្លូវ​ជាតិ​លេខ​៥​មក​ដល់​ខេត្ត​កំពង់ឆ្នាំង

ក្បួន​ធម្មយាត្រា​សិទ្ធិ​យាត្រា​ទិស​ផ្លូវ​ជាតិ​លេខ​៥ ចេញ​ដំណើរ​ពី​ខេត្ត​ពោធិ៍សាត់ បាន​ចូល​មក​ដល់​ទឹក​ដី​ខេត្ត​កំពង់ឆ្នាំង ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ។ ព្រះសង្ឃ និង​ក្រុម​ប្រជាពលរដ្ឋ​ដែល​ចូល​រួម​ក្នុង​សិទ្ធិ​យាត្រា​នេះ បាន​បញ្ជាក់​ថា បញ្ហា​ទូទៅ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ឆ្នាំង មាន​ភាព​ល្អ​ប្រសើរ​ច្រើន​ជាង​នៅ​ខេត្ត​ពោធិ៍សាត់ បើ​ទោះ​បី​ជា​មាន​អាជ្ញាធរ​ដើរ​កត់​ឈ្មោះ និង​ហៅ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ទៅ​សួរ​នាំ​ទាក់ទង​នឹង​ការ​ដើរ​ក្បួន​នេះ​យ៉ាង​ណា​ក្ដី។

0:00 / 0:00

មន្ត្រី​សម្រប​សម្រួល មន្ត្រី​ផ្នែក​អង្កេត និង​គ្រូពេទ្យ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ដែល​តាម​ឃ្លាំ​មើល​សកម្មភាព​របស់​ក្រុម​ធម្មយាត្រា​សិទ្ធិ​យាត្រា នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បរិបូរណ៍ តាម​សួរ​នាំ និង​កត់​ឈ្មោះ​របស់​ពួក​គាត់​ដោយ​មិន​ប្រាប់​ពី​មូលហេតុ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី មាន​ប្រសាសន៍​ថា ក្រៅ​ពី​ការ​កត់​ឈ្មោះ​របស់​លោក និង​ក្រុម​ការងារ នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែ​ធ្នូ នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី ដោក សុធា ក៏​ហៅ​លោក​ទៅ​សាកសួរ​ទាក់ទង​នឹង​ធម្មយាត្រា​នេះ​ដែរ ក៏ប៉ុន្តែ​លោក​គិត​ថា សកម្មភាព​របស់​អាជ្ញាធរ​នា​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អ្វី​ឡើយ៖ «គាត់​យក​ឈ្មោះ​យើង ដើម្បី​ការពារ​សុវត្ថិភាព ព្រោះ​យប់​មិញ​យើង​គេង​នៅ​ហ្នឹង ហើយ​និង​ល្ងាច​នេះ គាត់​ហៅ​យើង​ទៅ​ពិភាក្សា​ហ្នឹង ដើម្បី​សាកសួរ​ព័ត៌មាន​អំពី​ធម្មយាត្រា​អី​ហ្នឹង ហើយ​និង​សិទ្ធិ​មនុស្ស​អី​ហ្នឹង គឺ​យើង​ឃើញ​ថា អត់​មាន​បញ្ហា​អី​ទេ។ យើង​ចង់​បាន​ការ​ជួប​សំណេះ​សំណាល​ជាមួយ​អភិបាល​ស្រុក ហើយ​លោក​ជំទាវ​អភិបាល​រង​ខេត្ត​ហ្នឹង​ដែរ»

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ពី​អាជ្ញាធរ​ស្រុក​បរិបូរណ៍ និង​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី ដោក សុធា ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ។

ចំណែក​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតេង បាន​មាន​ថេរ​ដីកា​ថា ព្រះអង្គ និង​ក្រុម​ធម្មយាត្រា​សិទ្ធិ​យាត្រា​ជា​ច្រើន​ទៀត មាន​ទឹក​ចិត្ត​សប្បាយ​រីករាយ​នៅ​ពេល​ដែល​បាន​ឃើញ​សមត្ថកិច្ច​តាម​ការពារ​សន្តិសុខ និង​មាន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​៥ ក្នុង​ទឹក​ដី​ខេត្ត​កំពង់ឆ្នាំង មាន​ការ​ស្វាគមន៍​ចំពោះ​ធម្មយាត្រា​នេះ៖ «អាជ្ញាធរ​យើង​ឃើញ​ថា ពី​ទីក្រុង​ពោធិ៍សាត់ មាន​ការ​រឹតត្បិត ប៉ុន្តែ​ដល់​ពេល​យើង​ឆ្លង​ផុត​ពី​ទឹក​ដី​ពោធិ៍សាត់ មក​ដល់​ដី​កំពង់ឆ្នាំង គឺ​ឃើញ​ប្រសើរ​មែន​ទែន ប៉ូលិស​គ្រប់​គ្នា សមត្ថកិច្ច​មាន​ការ​សំណេះ​សំណាល​គ្នា​សុំ​ទឹក​គ្នា​ទទួល​ទាន​អី​ស្រួល​បួល ហើយ​ជួយ​សម្រួល​ចរាចរណ៍ ដើរ​ហាល​ក្ដៅ​ជា​មួយ​ហាក់​បី​ដូច​ជា​សប្បាយ​ចិត្ត​នឹង​រួម​ធម្មយាត្រា។ ដោយ​ឡែក​ខេត្ត​ពោធិ៍សាត់ មួយ​នេះ អាត្មា​គិត​ថា​រដ្ឋាភិបាល​គួរ​តែ​ដាក់​អនុសាសន៍ ឬ​ក៏​ចាត់​វិធាន​ការ​ល្អៗ​ណា​មួយ ដើម្បី​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង​គិតគូរ​ពី​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​នឹង​រាស្ដ្រ»

នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៣ ត្រូវ​នឹង​ថ្ងៃ​ទី​៤ នៃ​ក្បួន​ធម្មយាត្រា​សិទ្ធិ​យាត្រា​រយៈពេល ១០​ថ្ងៃ ដើម្បី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៦៥ ឆ្នាំ​២០១៣ មាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាង ៧០​នាក់ ចេញ​ពី​ខេត្ត​ពោធិ៍សាត់ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ គឺ​មាន​ចំនួន​អ្នក​ចូល​រួម​ថយ​ចុះ​បន្តិច​បន្តួច បើ​ប្រៀប​ធៀប​ទៅ​នឹង​ថ្ងៃ​ទី​១។ នៅ​ថ្ងៃ​ដដែល ក្រុម​ធម្មយាត្រា​សិទ្ធិ​យាត្រា បាន​ចេញ​ដំណើរ​ពី​ចំណុច​វត្ត​ក្បាល​ដំរី ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូរណ៍ និង​បាន​សម្រាក​ហូប​បាយ​នៅ​ក្នុង​បរិវេណ​វត្ត​ពន្លៃ នៅ​ម៉ោង​ប្រហែល ១២​ថ្ងៃ​ត្រង់ ហើយ​នៅ​ម៉ោង ២ បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​គ្រោង​នឹង​សម្រាក​យប់​នៅ​ក្នុង​បរិវេណ​វត្ត​ស្រះកែវ ស្ថិត​នៅ​ក្នុង​ឃុំ​មេលំ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។