អង្គការក្រៅរដ្ឋាភិបាលខ្លះដែលធ្វើការងារការពារសិទ្ធិមនុស្ស និងផ្នែកតស៊ូមតិនៅតាមសហគមន៍ បានមើលឃើញថា រយៈពេល ៣-៤ខែចុងក្រោយនេះ រដ្ឋាភិបាលហាក់ដូចជាមានការរឹតបន្តឹងទៅលើសិទ្ធិសេរីភាព និងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យគេព្រួយបារម្ភចំពោះដំណើរការអនុវត្តន៍នៃលទ្ធិប្រជាធិបតេយ្យមិនពេញលេញនៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលដូចនេះ បន្ទាប់ពីអាជ្ញាធរនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងអាជ្ញាធរស្រុកបរកែវ ខេត្តរតនគិរី បានប្រើកម្លាំងសមត្ថកិច្ចទៅរារាំងសកម្មជនសិទ្ធិមនុស្ស មិនឲ្យបើកវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ សិទ្ធិមនុស្ស និងការកាត់បន្ថយភាពក្រីក្រនៅតាមបណ្ដាភូមិ-ឃុំមួយចំនួនមក។
បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលដែលការពារសិទ្ធិមនុស្ស និងជួយជ្រោមជ្រែងដល់សហគមន៍ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តខ្លះ កំពុងព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងមានការពិបាកចំពោះការចុះទៅតាមតំបន់ដាច់ស្រយាល ដើម្បីបង្ហាត់បង្រៀនក្រុមអ្នកភូមិជាច្រើន ឲ្យយល់ដឹងអំពីច្បាប់ សិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ ជាដើម។
មូលហេតុដែលក្រុមអង្គការពិបាកនោះ ដោយសារតែអាជ្ញាធរនៅតាមមូលដ្ឋានជាច្រើនចាប់ផ្ដើមរឹតបន្តឹងបែបបទរដ្ឋបាល តម្រូវឲ្យពួកគេសុំច្បាប់អនុញ្ញាតជាច្រើនកន្លែង នៅមុនពេលចុះទៅប្រជុំធ្វើវេទិកាសាធារណៈ ឬក៏បើកវគ្គបង្ហាត់បង្រៀនអ្វីមួយដល់ប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ ដោយខុសប្លែកពីពេលមុន ដែលធ្លាប់តែបើកចំហទូលាយ។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ គឺលោក ឡោ ចាន់។ លោកអះអាងថា កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅ រូបលោកបានចុះទៅបើកវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ សិទ្ធិមនុស្ស និងការកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋនៅភូមិសុច ភូមិត្រពាំងខ្ជែង និងឃុំស្ដៅ ស្រុកសង្គមថ្មី ក៏ប៉ុន្តែវគ្គបណ្ដុះបណ្ដាលដែលឧបត្ថម្ភដោយទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា យូ.អេស.អេ.អាយ.ឌី (USAID) នោះ គឺមិនរលូនទេ ដោយសារអាជ្ញាធរចេញមុខមករារាំង។ លោក ឡោ ចាន់ បញ្ជាក់ទៀតថា អាជ្ញាធរស្រុកសង្គមថ្មី បានប្រើថ្នាក់មូលដ្ឋានភូមិ-ឃុំ ឲ្យទៅផ្អាកសកម្មភាពនៃវគ្គបណ្ដុះបណ្ដាលរបស់លោក ដោយគេអះអាងថា អង្គការក្រៅរដ្ឋាភិបាលមិនបានសុំច្បាប់ត្រឹមត្រូវ៖ « មិនត្រឹមតែគេហាមឃាត់មិនឲ្យខ្ញុំរៀបចំបើកវគ្គទេ គឺអាជ្ញាធរបានទាំងហាមឃាត់មិនឲ្យប្រជាពលរដ្ឋចូលរួមទៀតផង។ ខ្ញុំសង្កេតឃើញថា នៅតាមមូលដ្ឋានមួយចំនួនក្នុងខេត្តព្រះវិហារ មានការបិទសិទ្ធិសេរីភាព »។
អង្គការពន្លកខ្មែរដែលកំពុងជួយការពារធនធានធម្មជាតិ បរិស្ថាន ព្រមទាំងបណ្ដុះបណ្ដាលធនធានមនុស្សនៅតាមសហគមន៍នៃខេត្តព្រះវិហារ ក៏លើកឡើងអំពីបញ្ហាដែលអាជ្ញាធររដ្ឋាភិបាល រឹតបន្តឹងលើសិទ្ធិសេរីភាពដូចគ្នានេះដែរ។
មន្ត្រីផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ មានប្រសាសន៍ថា ៣-៤ខែកន្លងមកនេះ លោកសង្កេតឃើញថា អាជ្ញាធររដ្ឋាភិបាលចាប់តាំងពីថ្នាក់ខេត្ត ស្រុក និងឃុំ ហាក់មានការរឹតបន្តឹងទៅលើអង្គការក្រៅរដ្ឋាភិបាល ដែលចុះធ្វើការនៅតាមសហគមន៍ប្រជាពលរដ្ឋមែនទែន។ លោក ប៉ិក សោភ័ណ បញ្ជាក់ទៀតថា បច្ចុប្បន្ន អាជ្ញាធរបានតម្រូវឲ្យអង្គការរបស់លោក ក៏ដូចជាអង្គការជាច្រើនទៀត បើចង់បើកវគ្គបណ្ដុះបណ្ដាលអ្វីមួយ ត្រូវដាក់ពាក្យសុំទៅសាលាខេត្តព្រះវិហារ ជាមុន ប៉ុន្តែខាងរដ្ឋបាលសាលាខេត្ត មិនងាយឆ្លើយតបនឹងលិខិតស្នើសុំទាំងនោះទេ ហើយបើអង្គការចង់បើកវគ្គបណ្ដុះបណ្ដាលអំពីច្បាប់ សិទ្ធិសេរីភាព ឬក៏អភិបាលកិច្ចល្អ នៅមុនពេលដែលអាជ្ញាធរឆ្លើយតបនោះ គឺសមត្ថកិច្ចតែងតែតាមរំខាន និងរករឿងមិនចេះចប់៖ « ការរឹតត្បិតតឹងតែងមែនទែន និយាយរួមនៅខេត្តព្រះវិហារ វាស្ទើរតែទាំងស្រុងតែម្ដង ការអនុវត្តនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺរឹតត្បិតជាខ្លាំង »។
កាលពីថ្ងៃទី១៥ ខែមីនា កន្លងទៅ អាជ្ញាធរស្រុកបរកែវ ខេត្តរតនគិរី បានដឹកនាំកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ទៅហាមឃាត់មិនឲ្យមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក បើកវគ្គផ្សព្វផ្សាយកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍នៅភូមិគ្រៀង ឃុំកិចុង បានទេ ដោយអាជ្ញាធរតម្រូវឲ្យមានច្បាប់អនុញ្ញាតពីថ្នាក់ឃុំ-ស្រុក រហូតដល់ខេត្ត ជាមុនសិន។
អង្គការសិទ្ធិមនុស្ស ចាត់ទុកសកម្មភាពរបស់អាជ្ញាធររដ្ឋាភិបាលដែលរារាំងសកម្មភាពអប់រំបែបនេះថា គឺជាដំណើរថយក្រោយនៃរបបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយគេព្រួយបារម្ភអំពីស្ថានភាពរំលោភសិទ្ធិមនុស្សកាន់តែខ្លាំងឡើងៗ។
អគ្គលេខាធិការសមាគមការពារសិទ្ធិមនុស្សអាដហុក លោក អ៊ិន គា មានប្រសាសន៍ថា ចាប់តាំងពីការបោះឆ្នោតបង្កើតរដ្ឋាភិបាលចម្រុះកាលពីឆ្នាំ១៩៩៣ មក រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ហើយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ក៏បានចែងអំពីការប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលធានានូវសិទ្ធិរបស់ពលរដ្ឋ ព្រមទាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិដែរ។ លោក អ៊ិន គា បញ្ជាក់ទៀតថា ជាង ២០ឆ្នាំមកហើយ រដ្ឋាភិបាលតែងបើកចំហឲ្យអង្គការក្រៅរដ្ឋាភិបាលធ្វើជាដៃគូសម្រាប់ការងារសង្គម ទាក់ទងនឹងសិទ្ធិសេរីភាព ព្រមទាំងច្បាប់ជាដើម ប៉ុន្តែលោកមានចម្ងល់ថា ហេតុអ្វីបានជាពេលនេះ អាជ្ញាធររបស់រដ្ឋនៅតាមមូលដ្ឋានខ្លះ មានការរារាំងសកម្មភាពរបស់សង្គមស៊ីវិលផ្ទុយពីគោលការណ៍ថ្នាក់ជាតិទៅវិញ? អង្គការសិទ្ធិមនុស្ស ព្រួយបារម្ភខ្លាចក្រែងដំណើរអនុវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើរថយក្រោយទៅរកប្រវត្តិសាស្ត្រដ៏ជូរចត់កាលពី ៣០ឆ្នាំមុនវិញ៖ « ខ្ញុំគិតថា ប្រវត្តិសាស្ត្ររបស់យើងមានភាពជូរចត់ពីមុនមកហើយ ដោយយើងបានធ្វើឲ្យប្រទេសយើងមានមុខមាត់នៅក្នុងបណ្ដាប្រទេសដែលមានការគោរពលទ្ធិប្រជាធិបតេយ្យហើយដែរ។ ដូច្នេះយើងព្រួយបារម្ភមិនចង់ឲ្យវិលត្រឡប់ថយក្រោយវិញទេ »។
អគ្គលេខាធិការសមាគមការពារសិទ្ធិមនុស្សអាដហុក លោក អ៊ិន គា ឲ្យដឹងថា បញ្ហាដែលអាជ្ញាធររដ្ឋាភិបាលរារាំងសកម្មភាពរបស់អង្គការសិទ្ធិមនុស្សនេះ មិនមែនទើបតែកើតមាននៅខេត្តព្រះវិហារ និងខេត្តរតនគិរី នោះទេ គឺកើតមាននៅតាមបណ្ដាខេត្តជាច្រើនទៀត ដោយកាលពី ៣ខែមុន អង្គការក្រៅរដ្ឋាភិបាល ធ្លាប់សរសេរលិខិតទៅក្រសួងមហាផ្ទៃ ឲ្យណែនាំអាជ្ញាធរនៅតាមមូលដ្ឋានអំពីរឿងនេះ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន គេមិនទាន់ឃើញក្រសួងមហាផ្ទៃ ឆ្លើយតបយ៉ាងណានៅឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ ដើម្បីសុំការពន្យល់ជុំវិញការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាល ដែលថាអាជ្ញាធរបានរឹតត្បិតសិទ្ធិសេរីភាពនោះយ៉ាងណានៅឡើយទេ នៅថ្ងៃទី១៧ ខែមីនា។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បដិសេធថា រដ្ឋាភិបាលមិនដែលរឹតបន្តឹងទៅលើសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាល ដែលចុះទៅធ្វើការជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឡើយ។ រដ្ឋាភិបាលនៅតែចាត់ទុកសង្គមស៊ីវិល គឺជាដៃគូលើការងារជាច្រើនផ្នែក ប៉ុន្តែអង្គការខ្លួនឯងទៅវិញទេ ដែលវាយឫក និងធ្វើអ្វីៗមិនចង់គោរពទៅតាមបែបបទរដ្ឋបាលជាមុន។ លោក ផៃ ស៊ីផាន បញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាល មិនមែនជាតម្រួត មិនមែនជាចៅក្រម ហើយក៏មិនមែនជាអ្នកនយោបាយ ដែលបានទទួលសិទ្ធិអនុញ្ញាតពីថ្នាក់ជាតិ ឲ្យធ្វើសកម្មភាព ហើយមិនគោរពអាជ្ញាធរមូលដ្ឋាននោះទេ៖ « រដ្ឋាភិបាលបានចាត់ទុកថា អង្គការទាំងអស់នោះជាដៃគូ ប៉ុន្តែត្រូវអង្គការយល់ឲ្យច្បាស់អំពីដំណើរការរដ្ឋបាល មិនមែនយកច្បាប់អនុញ្ញាតពីថ្នាក់ជាតិ ហើយទៅរំលោភថ្នាក់ក្រោមជាតិនោះទេ »។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានរិះគន់អង្គការក្រៅរដ្ឋាភិបាលវិញថា មិនមានចំណុចណាមួយដែលអាជ្ញាធររដ្ឋាភិបាលរឹតបន្តឹងទៅលើការងាររបស់អង្គការក្រៅរដ្ឋាភិបាល ដែលចុះទៅតាមមូលដ្ឋាននោះទេ។ តាមពិត គឺក្រុមអង្គការក្រៅរដ្ឋាភិបាលទៅវិញទេ ដែលតែងតែយកការអនុញ្ញាតពីថ្នាក់ជាតិ ទៅរំលោភលើសិទ្ធិរបស់អាជ្ញាធរមូលដ្ឋាន ហើយបញ្ហាដូចនេះ លោកចាត់ទុកអង្គការក្រៅរដ្ឋាភិបាល ថាបានរំលោភទៅលើដែនសមត្ថកិច្ចទៅវិញ។ ក្រុមអង្គការក្រៅរដ្ឋាភិបាលបានឆ្លើយតបការរិះគន់របស់ លោក ផៃ ស៊ីផាន វិញថា ជាធម្មតា មុននឹងធ្វើអ្វីមួយនៅតាមមូលដ្ឋាន គឺគេតែងស្នើសុំទៅអាជ្ញាធរខេត្ត ហើយយកច្បាប់នោះជូនដំណឹងទៅតាមមូលដ្ឋាន ប៉ុន្តែបើសិនជាឲ្យគេសុំច្បាប់គ្រប់ជាន់ថ្នាក់នោះ គឺមិនត្រឹមត្រូវទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
