អង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិចំនួន៤ រួមមាន សហព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិ (FIDH) សម្ព័ន្ធការពារសិទ្ធិមនុស្សបារាំង (LDH) សមាគមអាដហុក (ADHOC) និងអង្គការលីកាដូ (LICADHO) បានចេញលិខិតចំហ ស្នើទៅកាន់រដ្ឋាភិបាលបារាំង ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ យុវជន សកម្មជនការពារបរិស្ថាន និងព្រះសង្ឃចេញពីពន្ធនាគារ។
សំណើនេះ ធ្វើឡើងមួយថ្ងៃមុនការចាកចេញរបស់ លោក ហ៊ុន សែន ទៅកាន់ប្រទេសបារាំង ដើម្បីបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅទីនោះ។
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិទាំងនោះ លើកឡើងថា ចាប់ពីខែកក្កដា ឆ្នាំ២០១៥ មក រដ្ឋាភិបាលកម្ពុជា បានចាប់ខ្លួនមនុស្សសរុប ២១នាក់ ក្នុងនោះរួមមាន មន្ត្រី និងសកម្មជនគណបក្សប្រឆាំងចំនួន ១៤រូប សកម្មជនការពារបរិស្ថានចំនួន ៤រូប ព្រះសង្ឃ ២អង្គ និងនិស្សិត ១រូប។ ក្នុងចំណោមពួកគេទាំងអស់នេះ ក៏មានសមាជិកព្រឹទ្ធសភាពីគណបក្សប្រឆាំង លោក ហុង សុខហួរ ដែលមានសញ្ជាតិបារាំង ផងដែរ។
អង្គការការពារសិទ្ធិមនុស្សទាំងនេះ ចាត់ទុកការចាប់ខ្លួនពួកគេ ថាជាការរំលោភសិទ្ធិមនុស្ស។ ពួកគេជំរុញឲ្យ លោក ហ៊ុន សែន ចេញបញ្ជាឲ្យអាជ្ញាធរកម្ពុជា ដោះលែងមន្ត្រី និងសកម្មជនទាំងនោះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ពួកគេក៏ទទូចឲ្យរដ្ឋាភិបាលបារាំង ថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជា នាពេលកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
