នៅពេលដែលសង្គមស៊ីវិល បក្សប្រឆាំង និងសាលាក្រុងភ្នំពេញ ប្រារព្ធកម្មវិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែរជាប្រមូលជនពិការទាំងអស់នៅទូទាំងប្រទេស មកជួបជុំគ្នាជប់លៀង ស្តាប់ការប្រគំតន្ត្រីទៅវិញ។ ក្នុងពេលជួបជុំជាមួយជនពិការរាប់រយនាក់នោះ លោក ហ៊ុន សែន មិនបានថ្លែងពីស្ថានភាពនយោបាយសព្វថ្ងៃទេ ប៉ុន្តែលោកបានលើកឡើងពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យពិការភាព។
លោក ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលនឹងជ្រើសរើសគ្រូបង្រៀនចំនួន ៦ពាន់នាក់ នៅទូទាំងប្រទេស ក្នុងឆ្នាំ២០១៤ ខាងមុខ។ ហើយគ្រូបង្រៀនថ្មីដែលគ្រោងនឹងជ្រើសរើសទាំងនោះ ក៏មានគ្រូបង្រៀនជាជនពិការដែរ ដោយគ្រូទាំងនោះនឹងរើសចេញពីអង្គការលើកស្ទួយជនពិការនានា បញ្ចូលក្របខ័ណ្ឌរដ្ឋតែម្តង។ លោកបញ្ជាក់ថា ជនពិការជាធនធានមិនអាចខ្វះបាន ហើយសង្គមមិនត្រូវមើលរំលងទេ៖ «នៅឆ្នាំ២០១៤ ខាងមុខនេះ សភាបានអនុម័តថវិកាជាតិរួចហើយ ដើម្បីឲ្យក្រសួងអប់រំ អាចជ្រើសរើសគ្រូបង្រៀនចំនួន ៥ពាន់នាក់ ហើយឆ្នាំ២០១៥ នឹងជ្រើស ៧ពាន់នាក់ ក្រសួងអប់រំ និងក្រសួងសង្គមកិច្ច នឹងធ្វើការរួមគ្នា ដើម្បីរើសគ្រូទាំងនេះ»។
ទន្ទឹមនឹងនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ថ្លែងសាទរចំពោះចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែលោកស្នើឲ្យការជ្រើសតាំងគ្រូបង្រៀនទាំងនោះ ត្រូវធ្វើឡើងដោយផ្អែកលើសមត្ថភាពពិតប្រាកដ មិនត្រូវជ្រើសរើសតាមសែស្រឡាយ ឬបក្ខពួកនោះឡើយ៖ «ប្រសាសន៍របស់ លោក ហ៊ុន សែន នេះ ពិតជាល្អ បើជនពិការមានសមត្ថភាព យើងត្រូវតែទទួលពួកគាត់ឲ្យធ្វើការ»។
សង្គមស៊ីវិលបញ្ជាក់ថា កាលពីប្រាំឆ្នាំមុន រាល់ការជ្រើសរើសគ្រូបង្រៀនម្តងៗ ក្រសួងអប់រំ តែងពិនិត្យមើលលើកាយសម្បទារបស់បេក្ខជនជាចាំបាច់ ប៉ុន្តែពេលនេះ រឿងរ៉ាវបែបនេះលែងជាបញ្ហាទៀតទេ។ រដ្ឋាភិបាលថែមទាំងចេញអនុក្រឹត្យមួយលើកទឹកចិត្តឲ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ទទួលយកជនពិការដែលមានសមត្ថភាព ទៅធ្វើការងារទៀតផង។ កាលពីឆ្នាំ២០១២ ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏ធ្លាប់បានចេញសេចក្តីប្រកាសជ្រើសរើសបុគ្គលិកជាជនពិការ ឲ្យចូលបម្រើការងារនៅទីនោះដែរ។ ប៉ុន្តែកន្លងទៅ ជនពិការដែលជាអតីតយុទ្ធជនមួយចំនួន ក៏ធ្លាប់រងនូវការរំលោភបំពានដីធ្លី ការកាត់ប្រាក់ខែពិការភាព និងការជំរិតទិញសៀវភៅបន្ទុកជនពិការជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
