សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ​ស្នើ​រដ្ឋាភិបាល​កម្ពុជា​រក​យុត្តិធម៌​ជូន​អ្នកកាសែត​ដែល​គេ​សម្លាប់

0:00 / 0:00

សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ ហៅ​កាត់​ថា អាយ.អេហ្វ.ជេ (IFJ) និង​សហជីព​អ្នក​កាសែត​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា ស៊ីជូ (SEAJU) រួម​គ្នា​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បញ្ចប់​និទណ្ឌភាព និង​បន្ត​ជំរុញ​ការ​រក​យុត្តិធម៌​ជូន​អ្នក​កាសែត ដែល​គេ​សម្លាប់​នៅ​ក្នុង​ឆ្នាំ ២០១៤ នេះ។

ការ​អំពាវនាវ​របស់​សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ (IFJ) និង​សហជីព​អ្នក​កាសែត​អាស៊ីអាគ្នេយ៍ (SEAJU) គឺ​ធ្វើ​ឡើង​ចំ​ពេល ដែល​សហប្រជាជាតិ​សម្ពោធ​ទិវា​អន្តរជាតិ បញ្ចប់​និទណ្ឌភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​កាសែត នៅ​ថ្ងៃ​អាទិត្យ ទី ២ វិច្ឆិកា។

ក្នុង​ឱកាស​សម្ពោធ​ទិវា​អន្តរជាតិ​ជា​លើក​ដំបូង​នេះ សហព័ន្ធ និង​សហជីព​អ្នក​កាសែត​ទាំង​ពីរ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​មួយ ដោយ​សរសេរ​ថា​គ្មាន​ជន​ល្មើស​ណា​មួយ​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ដន្ទាទោស ចំពោះ​អំពើ​សម្លាប់​ទាំង​នោះ​នៅ​ឡើយ​ទេ។ សហព័ន្ធ និង​សហភាព​ទាំង​ពីរ​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចេញ​សារ​ខ្លាំងក្លា​មួយ​ថា នឹង​មិន​អត់​អោន​ចំពោះ អ្នក​ប្រព្រឹត្ត​ឱ្យ​មានការ​សម្លាប់​ទាំង​នេះ​ឡើយ។

ស្រប​គ្នា​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​ចាប់​ផ្ដើម​សម្ពោធ​យុទ្ធនាការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​និទណ្ឌភាព។ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែង​ថា​ការ​អំពាវនាវ​ឱ្យ​មាន​យុទ្ធនាការ​នេះ គឺ​ព្រោះ​តែ​ខាង​អ្នក​ស្រី​មើល​ឃើញ​ថា និទណ្ឌភាព​នៅ​កម្ពុជា​កាន់​រីក​រាលដាល ហើយ​ករណី​ភាគ​ច្រើន​មិន​នាំ​ជន​ល្មើស​មក​កាត់​ទោស ហើយ​ជន​រង​គ្រោះ​នៅ​តែ​មិន​ទទួល​បាន​យុត្តិធម៌ និង​ការ​ពិត៖ « សំខាន់​បំផុត យើង​ចង់​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​កន្លង​មក ចំពោះ​ករណី​អ្នក​សារព័ត៌មាន​ទាំង ១៣ រូប។ យើង​ដឹង​ហើយ មក​ដល់​ឆ្នាំ ២០១៤ នេះ គឺ​មាន ១៣ រូប​ហើយ ដែល​ត្រូវ​បាន​សម្លាប់ ហើយ​នៅ​ក្នុង​ឆ្នាំ ២០១៤ ហ្នឹង គឺ​មាន​ទៅ​ដល់ ២ ករណី។ អ៊ីចឹង​យើង​ចង់​ឱ្យ​រដ្ឋាភិបាល​ធានា​ថា ករណី​ទាំង​អស់​នេះ ត្រូវ​បាន​ស៊ើប​អង្កេត ហើយ​មិន​មែន​តែ​ករណី​អ្នក​សារព័ត៌មាន​ទេ ប៉ុន្តែ​មាន​ដូច​ជា​ជន​រង​គ្រោះ​ថ្មីៗ ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ដើម​ឆ្នាំ ២០១៤ យើង​នេះ គឺ​ធ្វើ​ម៉េច​ធានា​សិទ្ធិ​ទទួល​បាន​នូវ​យុត្តិធម៌ និង​ការ​ដែល​ជន​រង​គ្រោះ​គាត់​អាច​ដឹង​ពី​ការ​ពិត ហើយ​នឹង​ទទួល​បាន​សំណង​មួយ​សមរម្យ​សម្រាប់​ការ​ដែល​ខ្លួន​គាត់​បាន​រង​គ្រោះ​នេះ »

កាល​ពី​ថ្ងៃ​ទី ៣១ តុលា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សម្ព័ន្ធ​អ្នក​កាសែត​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា ស៊ីប៉ា (SEAPA) ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ ទាក់ទង​នឹង​ការ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល ចាត់​វិធានការ​ជាក់លាក់ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​និទណ្ឌភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​កាសែត​នេះ​ដែរ។

សមាជិក​គណៈ​នាយក​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ឆាយ សុផល សាទរ​ចំពោះ​ការ​អំពាវនាវ​នេះ ជា​ពិសេស អំពាវនាវ​ដល់​អាជ្ញាធរ​ដែន​ដី​ស្វែងរក​យុត្តិធម៌​ដល់​អ្នក​កាសែត ដែល​ត្រូវ​គេ​សម្លាប់ បំភិតបំភ័យ ឬ​ជ្រៀតជ្រែក​ការងារ​របស់​អ្នក​សែត​កំពុង​បំពេញ​ភារកិច្ច។ លោក​បញ្ជាក់​ថា អ្នក​សារព័ត៌មាន មិន​មែន​ជា​សត្រូវ​របស់​រដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន ឬ​ក៏​របស់​ភាគី​ណា​ទាំង​អស់។ ផ្ទុយ​ទៅវិញ អ្នក​សារព័ត៌មាន គឺ​ជា​មិត្ត​ភក្ដិ​របស់​ស្ថាប័ន និង​បុគ្គល​គ្រប់​ភាគី៖ «ពី​អ្នក​សារព័ត៌មាន លោក​បាន​ស្វះស្វែង​រក​អ្វី​ដែល​ជា​ចំណុច​អវិជ្ជមាន ដើម្បី​ឱ្យ​សង្គម​ហ្នឹង​ផ្លាស់​ទៅ​ជា​វិជ្ជមាន​វិញ។ ដូច្នេះ​អ្នក​សារព័ត៌មាន​គ្មាន​ចេតនា​ ទោះ​បី​រឿង​នោះ​ជា​រឿង​អវិជ្ជមាន​ក៏​ដោយ។ អ៊ីចឹង​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ផ្សព្វផ្សាយ​ពី​រឿង​អវិជ្ជមាន​ទៅ​លើ​ទាំង​ស្ថាប័ន​រដ្ឋាភិបាល ទាំង​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល គឺ​ពួក​គាត់​ត្រូវ​តែ​ស្វះស្វែង​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​រឿង​ហ្នឹង​ពិត​ឬ​អត់ ? ប្រសិន​បើ​រឿង​ហ្នឹង​ជា​រឿង​ពិត គួរ​តែ​ស្វះស្វែង​រក​យុត្តិសាស្ត្រ​យ៉ាង​ណា ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ។ នេះ​ជា​ចំណុច​សំខាន់​សម្រាប់​រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា អាជ្ញាធរ​នៅ​ថ្នាក់​មូលដ្ឋាន »

ករណី​អ្នក​កាសែត ដែល​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន ១៣ នាក់​ហើយ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៤ មក។ ដោយ​ឡែក​នៅ​ឆ្នាំ ២០១៤ មាន​អ្នក​កាសែត​ចំនួន ៣ នាក់​ត្រូវ​បាន​សម្លាប់ គឺ​ទី ១ អ្នក​កាសែត​មាគ៌ា​កម្ពុជា លោក សួន ច័ន្ទ ត្រូវ​គេ​វាយ​សម្លាប់​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ខែ​មករា ទី​២ អ្នក​កាសែត​ជន​ជាតិ​កាណាដា ដេវ វ៉កឃើរ (Dave Walker) ត្រូវ​បាន​គេ​រក​ឃើញ​សាកសព​ក្នុង​ខែ​កុម្ភៈ នៅ​ខេត្ត​សៀមរាប និង​ទី២ អ្នក​កាសែត និង​សមាជិក​របស់​សមាគម​សារព័ត៌មាន​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ គឺ​លោក តាំង ទ្រី ក៏​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ខេត្ត​ក្រចេះ កាល​ពី​ខែ​តុលា។ អាជ្ញាធរ​ចាប់​បាន​ជន​សង្ស័យ ៣ នៅ​ក្នុង​ករណី​នេះ។

ថ្មីៗ នេះ តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​ម្នាក់​នៅ​ក្នុង​ករណី​សម្លាប់​អ្នក​កាសែត គឺ​លោក សួន ច័ន្ទ។

សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ (IFJ) មាន​សមាជិក​ជាង ៦០ ម៉ឺន​នាក់ ស្វាគមន៍​ចំពោះ​ការ​ចោទ​ប្រកាន់​អ្នក​សម្លាប់​លោក សួន ចាន់ ក៏​ប៉ុន្តែ​ត្រូវ​តែ​ស្វែង​រក​ចាប់​ខ្លួន​អ្នក​សម្លាប់​ផ្សេង​ទៀត។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​រាជ​រដ្ឋាភិបាល​ទេ នៅ​ថ្ងៃ​អាទិត្យ ទី ២ វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។