សហគមន៍ជនជាតិដើមភាគតិចនៅភាគឦសានចំនួនបីខេត្ត ចូលរួមទិវាជនជាតិដើមពិភពលោកលើកទី២០ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤ ដោយឡែកៗពីគ្នា ដើម្បីសម្ដែងមតិជាសារជូនប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ឲ្យយកចិត្តទុកដាក់ការពារសិទ្ធិជនជាតិដើមភាគតិច ដែលកំពុងរងការរំលោភបំពាន។
ប្រធានបទសំខាន់ៗរួមមាន បញ្ហាបាត់បង់ដីធ្លី ការកាប់បំផ្លាញព្រៃឈើ ការរើសអើង ការស្រុតចុះវប្បធម៌ប្រពៃណី និងសាមគ្គីភាពសហគមន៍ គឺជាបំណងប្រាថ្នាដែលជនជាតិដើមភាគតិច ទាមទារឲ្យមានយន្តការលុបបំបាត់ និងដោះស្រាយជូនសហគមន៍ប្រកបដោយប្រសិទ្ធភាព។
ការទាមទារនេះ ធ្វើឡើងនៅក្នុងទិវាសិទ្ធិជនជាតិដើមពិភពលោក ដែលបានប្រារព្ធឡើងនៅខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
នៅខេត្តក្រចេះ ការប្រារព្ធទិវានេះរៀបចំឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយអាជ្ញាធរខេត្ត អង្គការសង្គមស៊ីវិលពាក់ព័ន្ធ និងមានប្រជាពលរដ្ឋជនជាតិដើមភាគតិចមកពីបណ្ដាខេត្តនានាប្រមាណ ១.០០០នាក់ ចូលរួមដង្ហែក្បួនប្រមាណ ១គីឡូម៉ែត្រ ឆ្ពោះមកមន្ទីរវប្បធម៌ ដើម្បីប្រារព្ធមេទីញនៅទីនោះ។
ចំណែកនៅខេត្តមណ្ឌលគិរី ទិវានេះរៀបចំឡើងដោយសហគមន៍ជនជាតិដើមភាគតិចប្រមាណ ៥០០នាក់ មកពីស្រុកក្រុងចំនួន៥។ ពិធីនេះ ប្រារព្ធនៅចំណុចរង្វង់មូលក្ដាន់ពីរ កណ្ដាលទីរួមខេត្ត និងមានរៀបចំពិធីសែនព្រេននៅតំបន់សក្ការបូជាជនជាតិដើមភ្នំដោះក្រមុំ ក៏ប៉ុន្តែអាជ្ញាធរខេត្តមិនអនុញ្ញាតឲ្យហែក្បួនដូចការគ្រោងទុករបស់សហគមន៍នោះទេ។ ដោយឡែកនៅខេត្តរតនគិរី សហគមន៍បានរៀបចំពិធីនេះនៅសាលាប្រជុំភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវ និងស្រុកអូរជុំ មានតំណាងជនជាតិដើមភាគតិចសរុបជាង ៥០០នាក់ ចូលរួមពិគ្រោះយោបល់ស្ដីពីសិទ្ធិ និងការឆ្លុះបញ្ចាំងពីប្រព័ន្ធនិរន្តរភាព និងការចិញ្ចឹមជីវិតជនជាតិដើមភាគតិច។
តំណាងជនជាតិដើមភាគតិចព្នង នៅឃុំប៊ូស្រា លោក មើល ចែវ ថ្លែងចាប់អារម្មណ៍ថា អាជ្ញាធរខេត្តមិនបានផ្តល់សេរីភាពពេញលេញសម្រាប់ការប្រារព្ធពិធីនេះទេ ហើយនេះ គឺជាការរើសអើង និងបិទសេរីភាពជនជាតិដើម។ លោកកត់សម្គាល់ថា សហគមន៍ស្ទើរគ្រប់ក្រុមមានបញ្ហារំលោភដីធ្លីពីសំណាក់ក្រុមហ៊ុនសម្បទាន និងការកាប់បំផ្លាញព្រៃឈើសហគមន៍ ពីក្រុមអ្នកមានប្រាក់មានអំណាច៖ «រំឭកទិវាជនជាតិដើមភាគតិចហ្នឹង មានសិទ្ធិសេរីភាពដូចសាសន៍ដទៃ។ ការវិវាទហ្នឹង ចង់ឲ្យអាជ្ញាធរគាត់ដោះស្រាយឲ្យលឿនៗ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ទាមទារឲ្យលុបបំបាត់ទប់ស្កាត់អំពើបទល្មើសផ្សេងៗ»។
មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិដីធ្លីធនធានធម្មជាតិសមាគមអាដហុក (adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែងកត់សម្គាល់ថា ការរំលោភសិទ្ធិជនជាតិដើមភាគតិច កើតមានច្រើនរាប់រយករណីហើយស្ទើរគ្រប់សហគមន៍ ចាប់ពីឆ្នាំ២០០០ រហូតបច្ចុប្បន្ន។ លោកថា ដីសហគមន៍តំបន់ព្រៃអភិរក្ស និងអាស្រ័យផលរាប់ពាន់រាប់ម៉ឺនហិកតារ ត្រូវគេទន្ទ្រានយក៖ «សិទ្ធិជនជាតិដើមភាគតិច គឺរបរចិញ្ចឹមជីវិតលើធនធានធម្មជាតិហ្នឹង ត្រូវបានគេកំណត់ ហើយគេកាប់ព្រៃឈើធ្វើឲ្យអ្នកទាំងអស់ហ្នឹងជួបទំនាស់ដីធ្លីយ៉ាងច្រើន។ ទំនាស់មានរហូតបច្ចុប្បន្ន ហើយគ្មានការដោះស្រាយ»។
ទាក់ទិនករណីទាំងអស់នេះ មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក គឹត ទូច ថ្លែងថា ច្បាប់ និងលិខិតបទដ្ឋានសម្រាប់ដោះស្រាយកង្វល់ផលប៉ះពាល់ និងការតវ៉ារបស់សហគមន៍ជនជាតិដើមមានគ្រប់គ្រាន់ ប៉ុន្តែប្រការសំខាន់ គឺការកែប្រែឥរិយាបថរបស់មន្ត្រីពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ទាំងអស់នោះឲ្យមានប្រសិទ្ធភាព៖ «ប្រទេសជិតខាងក៏គេទទួលស្គាល់ដែរថា កម្ពុជា យើងមានច្បាប់ល្អការពារប្រជាជាតិ គ្រាន់តែថា យើងត្រូវមានការកែប្រែឥរិយាបថក្នុងការប្រើប្រាស់ និងអនុវត្តច្បាប់»។
ទោះជាយ៉ាងនេះក៏ដោយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ទ្រី ម៉េង រួមទាំងមន្ត្រីអាជ្ញាធរខេត្តក្រចេះ តំណាងរាស្ត្រខេត្តមណ្ឌលគិរី និងអាជ្ញាធរខេត្ត អភិបាលរងស្រុកបរកែវ ដែលចូលរួមទិវាជនជាតិដើមពិភពលោកឆ្នាំនេះ បានចាប់អារម្មណ៍ និងទទួលស្គាល់ដូចៗគ្នា ពីផលប៉ះពាល់ទៅលើសហគមន៍ជនជាតិដើម និងការទាមទាររបស់សហគមន៍ ក៏ប៉ុន្តែមិនមានការសន្យាជាក់លាក់ណាមួយថា តើមន្ត្រីពាក់ព័ន្ធនឹងប្រើយន្តការបែបណា ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
