អាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានដោះលែងពលករខ្មែរចំនួន ១០នាក់ ដែលត្រូវបានឃាត់ខ្លួនរក្សាទុកនៅការិយាល័យអន្តោប្រវេសន៍ តារេមប៉ា (Tarempa) នៃកោះ រ៉ាយអូ (Riau) នៃប្រទេសនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឲ្យដឹងថា ការដោះលែងនេះតបតាមការស្នើសុំរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី។
អាជ្ញាធរឥណ្ឌូនេស៊ី បានចាប់ទូកនេសាទម៉ាឡេស៊ី ដែលបានចូលធ្វើនេសាទខុសច្បាប់នៅក្នុងដែនទឹកឥណ្ឌូនេស៊ី ក្នុងពេលកន្លងមកនេះ ហើយបានឆែករកឃើញពលករខ្មែរធ្វើការខុសច្បាប់នៅលើទូកនេសាទនោះ។
សេចក្តីប្រកាសដដែលបានឲ្យដឹងទៀតថា ពលករខ្មែរទាំង ១០នាក់នោះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះ តាមការរៀបចំរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី និងស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ព្រមទាំងអាជ្ញាធរអន្តោប្រវេសន៍ឥណ្ឌូនេស៊ី និងក្រុមហ៊ុនទូកនេសាទម៉ាឡេស៊ី។
ស្របពេលជាមួយគ្នានេះដែរ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី ក៏បានជួយអន្តរាគមន៍សង្គ្រោះពលករខ្មែររងគ្រោះចំនួន ៣នាក់ផ្សេងទៀត ដែលត្រូវបានគេជួញដូរទៅធ្វើការខុសច្បាប់នៅប្រទេសឥណ្ឌូនេស៊ី ហើយគ្រោងបញ្ជូនមកកម្ពុជាវិញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
