បទសម្ភាសន៍៖ មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​ថា​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​សិទ្ធិ​មនុស្ស

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ឲ្យ​ដឹង​ថា កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​សិទ្ធិ​មនុស្ស រួម​ទាំង​ការ​ធ្វើ​ច្បាប់​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ កាល​ពី​ថ្ងៃ​ទី​១០ មីនា តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) ក្នុង​ឱកាស​ដឹកនាំ​សន្និសីទ​ស្ដីពី «ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា» នៅ​សណ្ឋាគារ​សាន់វ៉េ (Sunway) ដែល​មាន​មន្ត្រី​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​ចូលរួម​ផង​នោះ បាន​ផ្តល់​បទសម្ភាសន៍​ដល់​លោក ជី វីតា អំពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ទំនាក់ទំនង​ការងារ​រវាង​អ្នកស្រី​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក ជី វិតា៖ អរគុណ​អ្នកស្រី វ៉ាន់ហ៊ី លី ដែល​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាទ​ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នកស្រី!

អ្នកស្រី វ៉ាន់ហ៊ី លី៖ ដោយ​ក្ដី​រីករាយ!

លោក ជី វិតា៖ សំណួរ​ដំបូង​របស់​ខ្ញុំ​បាទ គឺ​ចង់​ដឹង​ថា តើ​អ្នកស្រី​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​សុន្ទរកថា​របស់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល លោក កែវ រ៉េមី នៅ​ថ្ងៃ​នេះ?

អ្នកស្រី វ៉ាន់ហ៊ី លី៖ ជា​ដំបូង ខ្ញុំ​សូម​និយាយ​ថា ខ្ញុំ​ដឹង​ថា​វា​ប្រហែល​ជា​មិន​ងាយ​ស្រួល​ទេ​សម្រាប់​ឯកឧត្ដម កែវ រ៉េមី ឬ​ក៏​មន្ត្រី​រដ្ឋាភិបាល​ដទៃ​ទៀត​ក្នុង​ការ​យល់ព្រម​មក​ចូលរួម​ជាមួយ​យើង​នៅ​ក្នុង​ថ្ងៃ​នេះ។ វា​ពិបាក​រួច​ទៅ​ហើយ​សម្រាប់​ពួក​គាត់ ក្នុង​ការ​សម្រេច​ចិត្ត​មក​ចូលរួម។ ដោយ​មាន​ឯកឧត្ដម កែវ រ៉េមី ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​ជា​ដៃគូ​យូរ​មក​ហើយ​របស់​ការិយាល័យ​យើង ហើយ​ពួក​គាត់​ដឹង​យ៉ាង​ច្បាស់​ពី​ជំហរ​របស់​យើង ទាក់ទង​នឹង​តួនាទី​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។ ដូច្នេះ​សម្រាប់​ឯកឧត្ដម កែវ រ៉េមី ទាំង​ដឹង​ថា នឹង​មាន​សំណួរ និង​ចម្ងល់​ជាច្រើន​ពី​អ្នក​ចូលរួម​ក៏ដោយ ក៏​ឯកឧត្ដម​នៅ​តែ​មក​ចូលរួម ហើយ​មាន​ប្រសាសន៍​ដោយ​ស្មោះ​ត្រង់​អំពី​ជំហរ​របស់​គាត់។ ខ្ញុំ​គិត​ថា វា​មាន​ប្រយោជន៍។ នៅ​ពេល​ដែល​អ្នក​ចូលរួម​មិន​ឆេវឆាវ​ក្នុង​ការ​ស្វែងរក​ចម្លើយ​ដែល​ស្មោះ​ត្រង់ នោះ​ហើយ​គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​កិច្ច​សន្ទនា​ប្រកប​ដោយ​ភាព​ទៀងត្រង់។ ដូច្នេះ​ខ្ញុំ​ពេញ​ចិត្ត​មែន​ទែន។

លោក ជី វិតា៖ បាទ! សូម​អរគុណ! ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់​ខ្លាំងៗ​របស់​សហគមន៍​ជាតិ និង​អន្តរជាតិ រដ្ឋាភិបាល​បាន​បន្ត​អនុម័ត​ច្បាប់​មួយ​ហើយ​មួយ​ទៀត ដែល​អ្នក​សង្កេតការណ៍​ចាត់​ទុក​ថា​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ ឧទាហរណ៍ ច្បាប់​បន្ទាប់​ទៀត​គឺ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ ដូច្នេះ​ខ្ញុំ​ចង់​ដឹង​ថា តើ​អ្នកស្រី​អាច​ធ្វើ​អ្វី​បាន ដើម្បី​ទប់ស្កាត់​ការ​អនុម័ត​ច្បាប់​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា?

អ្នកស្រី វ៉ាន់ហ៊ី លី៖ វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ ព្រោះ​ថា​ឥឡូវ​នេះ អ្វីៗ​អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​ក្រសួង​សាមី​ដែល​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​នោះ ថា​តើ​ពួក​គេ​ចង់​បើក​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ឬ​អត់? ក្រសួង​ខ្លះ​ចង់​បាន​ការ​ពិគ្រោះ​យោបល់ ក្រសួង​ខ្លះ​មិន​ចង់​បាន​ទេ។ ដូច​ដែល​បាន​ពិភាក្សា​កាល​ពី​វគ្គ​មុន​ក្រោម​ប្រធានបទ «យុត្តិធម៌​ដើម្បី​ទាំងអស់​គ្នា» អ៊ីចឹង ផ្នែក​មួយ​នៃ​គម្រោង​របស់​យើង​ជាមួយ​ក្រសួង​យុត្តិធម៌ នៅ​ឆ្នាំ​នេះ គឺ​ការ​ស្វះ​ស្វែងរក​នីតិវិធី​នៃ​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់ ដោយ​ដាក់​បញ្ចូល​នូវ​ការ​តម្រូវ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ។ សម្រាប់​យើង វា​គឺ​ជា​សមិទ្ធផល​ដ៏​ធំ​មួយ​រួច​ទៅ​ហើយ ដែល​សម​នឹង​មាន​ការ​សាទរ។ ចំណុច​នេះ​ត្រូវ​បាន​ព្រមព្រៀង​រួច​ហើយ​ជាមួយ​ក្រសួង​យុត្តិធម៌។ យើង​ក៏​ចង់​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​មួយ​ដែរ។ បន្ទាប់​មក​ទៀត យើង​ត្រូវ​រង់ចាំ​មើល​ថា តើ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ស្ថាប័ន​ដទៃ​ទៀត នឹង​ពិចារណា​យ៉ាង​ណា​ចំពោះ​ចំណុច​នេះ។

លោក ជី វិតា៖ តើ​នឹង​បើក​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​យ៉ាង​ដូចម្ដេច​ទៅ?

អ្នកស្រី វ៉ាន់ហ៊ី លី៖ នេះ​ហើយ​ជា​ការងារ​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ឆ្នាំ​នេះ... [សើច] ... ហើយ​ខ្ញុំ​មិន​អាច​ប្រាប់​ថា តើ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​នោះ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​វេទិកា​បែប​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​នឹង​ធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​ធានា​ថា នឹង​មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​នៅ​ក្នុង​កាលៈទេសៈ​សំខាន់ៗ​នៃ​ការ​បង្កើត​ច្បាប់​ទាំងឡាយ។

លោក ជី វិតា៖ តើ​ការិយាល័យ​របស់​អ្នកស្រី​តាមដាន​យ៉ាង​ដិតដល់​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែរ​ឬ​ទេ?

អ្នកស្រី វ៉ាន់ហ៊ី លី៖ យើង​ជា​ផ្នែក​មួយ​នៃ​ក្រុម​ការងារ​ដែល​កំពុង​ជួយ​គណៈកម្មាធិការ​នៃ​ក្រសួង​ព័ត៌មាន ទទួល​បន្ទុក​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ។ ដូច្នេះ​យើង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​នេះ។

លោក ជី វិតា៖ មនុស្ស​ជាច្រើន​កំពុង​ព្រួយ​បារម្ភ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ ថា​វា​មិន​ល្អ​ទេ។

អ្នកស្រី វ៉ាន់ហ៊ី លី៖ ខ្ញុំ​គិត​ថា អ្នក​ដែល​មាន​ក្ដី​បារម្ភ អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ គឺ​ចូល​ទៅ​ក្នុង​គេហទំព័រ​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​នោះ ហើយ​រៀបរាប់​ពី​យោបល់​ដែល​ខ្លួន​មាន។ យោបល់​ទាំងអស់​នោះ នឹង​ទៅ​ដល់​ដៃ​គណៈកម្មាធិការ​ទទួល​បន្ទុក​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ហើយ​ពួក​គេ​នឹង​យក​វា​ទៅ​ពិចារណា ព្រោះ​យើង​កំពុង​ធ្វើ​ការងារ​នេះ​បន្តិច​ម្ដងៗ ហើយ​នៅ​ពេល​នេះ យើង​កំពុង​ឈាន​ដល់​ផ្នែក​ដែល​ពិបាក​បំផុត​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ។

លោក ជី វិតា៖ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រង​ការ​គំរាម​ពី​គណបក្ស​កាន់​អំណាច​ថា នឹង​ប្ដឹង​គណបក្ស​ប្រឆាំង​នេះ ប្រសិន​បើ​នៅ​តែ​បន្ត​ប្រើ​ពាក្យ​ស្លោក «ដក​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ»។ តើ​អ្នកស្រី​យល់​ឃើញ​ដូចម្ដេច​ចំពោះ​ករណី​នេះ?

អ្នកស្រី វ៉ាន់ហ៊ី លី៖ ខ្ញុំ​គិត​ថា នេះ​ជា​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ប្រឈម​នៅ​ខណៈ​គណបក្ស​មួយ​នេះ​ប្រឈម​នឹង​ពាក្យ​បណ្ដឹង​ជាច្រើន​រួច​មក​ហើយ។ ខ្លួន​ខ្ញុំ​ផ្ទាល់​ខ្ញុំ​មាន​ការ​ពិបាក​នឹង​យល់​ថា តើ​ពាក្យ​ស្លោក​នោះ​បណ្ដាល​ឲ្យ​មាន​បញ្ហា​ត្រង់​ណា ថា​តើ​ចំណុច​ត្រង់​ណា​ជា​បទឧក្រិដ្ឋ​ចេញ​មក​ពី​ការ​ប្រើ​ពាក្យ​ស្លោក​នោះ? ពីព្រោះ​ថា​មេ​ឃុំ មន្ត្រី​ឃុំ ឬ​មន្ត្រី​រាជការ​ទាំងអស់ គួរ​តែ​បម្រើ​ប្រជារាស្ត្រ​អ៊ីចឹង​ហើយ។ ការ​ដាក់​មេ​ឃុំ ឬ​ដក​មេ​ឃុំ គឺ​វា​អាស្រ័យ​លើ​កម្រិត​នៃ​ការ​ពេញ​ចិត្ត​របស់​ប្រជាជន​ទៅ​លើ​មេ​ឃុំ​ទាំងនោះ​ទេ ហើយ​នោះ​គឺ​ជា​ដំណើរការ​ធម្មតា​នៃ​លទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ​មន្ត្រី​ឃុំ​ណា​ដែល​បម្រើ​ប្រជាពលរដ្ឋ​បាន​ល្អ នឹង​ទទួល​បាន​តំណែង​បន្ត​ទៀត ចំណែក​មន្ត្រី​ឃុំ​ណា​បម្រើ​រាស្ត្រ​មិន​បាន​ល្អ អាច​នឹង​ត្រូវ​ផ្លាស់​ចេញ។ នេះ​ហើយ​ជា​ហេតុផល​ដែល​ត្រូវ​មាន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នោះ។

ងាក​មក​ពាក្យ​ស្លោក​នោះ​វិញ ខ្ញុំ​បាន​ស្រាវជ្រាវ​មើល​ច្បាប់​ជាច្រើន ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ តែ​ខ្ញុំ​នៅ​តែ​រក​មិន​ឃើញ​ថា មាន​បញ្ញត្តិ​ជា​ដុំ​កំភួន​ណា​មួយ អាច​ធ្វើ​ជា​មូលដ្ឋាន​ច្បាប់​សម្រាប់​ដាក់​ពាក្យ​ប្ដឹង​អ្នក​ប្រើ​ពាក្យ​ស្លោក​នេះ​ឡើយ។

លោក ជី វិតា៖ ដូច​អ្នកស្រី​បាន​ជ្រាប​ហើយ​ថា សិទ្ធិ​ឯកជន​ភាព​របស់​ពលរដ្ឋ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​ពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ សន្ទនា​ឯកជន​តាម​ទូរស័ព្ទ ត្រូវ​បាន​គេ​លួច​ថត និង​លួច​ស្ដាប់ ហើយ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដែល​បង្ក​ឲ្យ​មាន​បរិយាកាស​ពោរពេញ​ដោយ​ភាព​ភ័យ​ខ្លាច​នៅ​ពេល​បច្ចុប្បន្ន។ តើ​អ្នកស្រី​មាន​ទស្សនៈ​យ៉ាង​ណា​ជុំវិញ​រឿង​នេះ?

អ្នកស្រី វ៉ាន់ហ៊ី លី៖ វា​ពិត​ជា​មាន​ការ​បារម្ភ​ធ្ងន់ធ្ងរ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​ឯកជន​បាន​ចេញ​របាយការណ៍​ផ្ដោត​សំខាន់​ទៅ​លើ​សិទ្ធិ​ឯកជន​ក្នុង​សម័យ​ឌីជីថល (Digital)។ ការ​បារម្ភ​ចំពោះ​បញ្ហា​នេះ មាន​ការ​កើន​ឡើង​ទៅ​លើ​មធ្យោបាយ​ទំនាក់ទំនង​គ្នា ហើយ​ខ្ញុំ​គិត​ថា វា​ជា​អ្វី​ដែល​កម្ពុជា គួរ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​ឲ្យ​បាន​ហ្មត់ចត់ មិន​ថា​សម្រាប់​តែ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​ទាំង​អ្នក​បច្ចេកទេស​ផង ត្រូវ​ពិនិត្យ​មើល​ថា តើ​ការ​បែក​ធ្លាយ​សារ​ចេញ​មក​ពីណា? ម៉េច​ក៏​បណ្តោយ​ឲ្យ​កើត​មាន​បញ្ហា​នេះ ត្រូវ​ស្វែងរក​ឲ្យ​បាន​ហ្មត់ចត់។

លោក ជី វិតា៖ ខ្ញុំ​ដឹង​ថា ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អ្នកស្រី​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ដោយ​ត្រូវ​ប្រឈម​នឹង​ស្ថានភាព​បែប​នេះ តើ​អ្វី​ខ្លះ​ដែល​អ្នកស្រី​អាច​ធ្វើ​បាន​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ឲ្យ​បាន​ល្អ​ជាមួយ​រដ្ឋាភិបាល​ផង ទន្ទឹម​នឹង​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ល្អ​ប្រសើរ​ផង​ក្នុង​ពេល​តែ​មួយ​នោះ​បាទ?

អ្នកស្រី វ៉ាន់ហ៊ី លី៖ នេះ​ជា​សិល្បៈ​នៃ​ការងារ​ការពារ​សិទ្ធិ​មនុស្ស ... [សើច]...។ យើង​ពុំ​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ទេ។ ខ្ញុំ​សូម​បញ្ជាក់ គឺ​ប្រហែល​ជា​រដ្ឋាភិបាល​កម្ពុជា ទេ​ដែល​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​យើង។ សម្រាប់​យើង ជំហរ​របស់​យើង និង​ការងារ​របស់​យើង តែងតែ​នៅ​ដូច​ដើម​ជានិច្ច។ យើង​តែងតែ​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល។ យើង​អញ្ជើញ​ពួក​គាត់​មក​ចូលរួម​ក្នុង​សកម្មភាព​របស់​យើង មិន​ថា​ពួក​គាត់​ចង់​មក ឬ​មិន​ចង់​នោះ​ទេ។ ឧទាហរណ៍​ថ្ងៃ​នេះ យើង​មាន​វត្តមាន​ដ៏​ល្អ​របស់​មន្ត្រី​រដ្ឋាភិបាល​មក​ពី​គ្រប់​ជាន់​ថ្នាក់ ប៉ុន្តែ​ក្រសួង​មួយ​ចំនួន​សម្រេច​ចិត្ត​មិន​ចូលរួម។ មិន​គិត​ថា​ពួក​គាត់​អញ្ជើញ​មក ឬ​ក៏​អត់​ទេ? យើង​បើក​ទ្វារ​រង់ចាំ​ទទួល​ពួក​គាត់​ជានិច្ច។

យើង​ជឿជាក់​ថា ការ​ចូលរួម​ជាមួយ​គ្នា​ល្អ​ប្រសើរ​ជាង​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​វា​មិន​ងាយ​ស្រួល​ទេ។ អាណត្តិ​របស់​យើង​ខ្លះ​មិន​សូវ​ជា​ល្អ​សម្រាប់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​យើង​ព្យាយាម​បញ្ចុះបញ្ចូល។ យើង​តស៊ូ​មតិ​ទាំង​សម្ងាត់ ទាំង​បើក​ចំហ។ យើង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្ត​ដោយ​ផ្ដល់​នូវ​អនុសាសន៍​ដើម្បី​ឲ្យ​មាន​ការ​កែលំអ​ស្ថានភាព​សិទ្ធិ​មនុស្ស​តាម​រយៈ​យន្តការ​ផ្សេងៗ រួម​ទាំង​យន្តការ​អ្នក​រាយការណ៍​ពិសេស។ល។ ប៉ុន្តែ​យើង​មិន​ត្រឹម​តែ​លើក​ទឹក​ចិត្ត​តែ​មាត់​នោះ​ទេ យើង​ថែម​ទាំង​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស​ទៀត​ផង នៅ​ពេល​ណា​រដ្ឋាភិបាល​សម្រេច​ចិត្ត​ថា​ចង់​បាន។ ដូច្នេះ​វា​មិន​មែន​ជា​រឿង​ចោទ​ប្រកាន់​ទេ មិន​មែន​ជា​រឿង​ដាក់​បន្ទុក​ទាំងស្រុង​លើ​រដ្ឋាភិបាល​នោះ​ទេ។ ខ្ញុំ​គិត​ថា​អ្វី​ដែល​ជួយ​យើង​ឲ្យ​ឆ្លង​កាត់​ពេលវេលា​លំបាក​បាន គឺ​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្លៃ​នៃ​ប្រព័ន្ធ​សិទ្ធិ​មនុស្ស ហើយ​និង​ប្រព័ន្ធ​ក្នុង​ការ​អនុវត្ត​របស់​យើង ប៉ុន្តែ​វា​មិន​ដែល​ស្រួល​ទេ ហើយ​វា​មិន​អាច​ឲ្យ​យើង​ប្រមើល​មើល​ថា តើ​ទំនាក់ទំនង​របស់​យើង​នៅ​ពេល​អនាគត នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។

លោក ជី វិតា៖ រវាង​អ្នកស្រី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តើ​មាន​ទំនាក់ទំនង​បែប​ដែរ?

អ្នកស្រី វ៉ាន់ហ៊ី លី៖ គាត់​បើក​ចំហ​ណាស់។ ខ្ញុំ​គិត​ថា បើ​សិន​ជា​យើង​អាច​អង្គុយ​ទល់​មុខ​គ្នា​ជជែក​ពី​បញ្ហា​ដែល​យើង​ខ្វែង​មតិ​គ្នា​នោះ យើង​នឹង​អាច​មាន​ការ​ពិភាក្សា​ប្រកប​ដោយ​ផ្លែផ្កា។ ប៉ុន្តែ​ច្រើន​ដង​ហើយ គាត់​តែងតែ​ប្រើ​មធ្យោបាយ​ផ្សេង​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ខ្ញុំ ហើយ​វា​មិន​ងាយ​ស្រួល​ទេ​ក្នុង​ការ​ទទួល​បាន​ទំនាក់ទំនង​ដែល​មាន​ការ​ឆ្លើយតប​គ្នា​ទៅ​វិញ​ទៅ​មក ដែល​អាច​ឲ្យ​យើង​អាច​ជជែក​គ្នា​ដោយ​ស្មោះ​ត្រង់​បាន។ បើ​បាន​អ៊ីចឹង​នោះ ពិត​ជា​មាន​ប្រយោជន៍​ណាស់។ ប៉ុន្តែ​យើង​ដឹង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ជាច្រើន លោក​នាយក​រដ្ឋមន្ត្រី​មាន​ការ​យល់​ឃើញ​របៀប​របស់​លោក​ជា​យូរ​មក​ហើយ។ ដូច្នេះ​ខ្ញុំ​មិន​រំពឹង​ថា ទំនាក់ទំនង​ផ្ទាល់​ខ្លួន​រវាង​ខ្ញុំ និង​លោក​នាយក​រដ្ឋមន្ត្រី នឹង​ប្រែប្រួល​នោះ​ទេ។

លោក ជី វិតា៖ អ្នកស្រី​ដែល​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់​ដែរ​ឬ​ទេ?

អ្នកស្រី វ៉ាន់ហ៊ី លី៖ ជួប​បាន​ពីរ​បី​ដង។

លោក ជី វិតា៖ ទាក់ទង​នឹង​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​ច្បាប់​គណបក្ស​នយោបាយ​ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ។ ខ្ញុំ​ចង់​ដឹង​ទស្សនៈ​របស់​អ្នកស្រី​ផ្ទាល់។ វិសោធនកម្ម​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​រួច​ហើយ។ ដូច្នេះ​វា​ក្លាយ​ជា​ច្បាប់​ទៅ​ហើយ។ ដូច្នេះ​តើ​អ្នកស្រី​មាន​អនុសាសន៍​អ្វី​ទេ ដើម្បី​កែលំអ​ស្ថានការណ៍​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង​បាទ?

អ្នកស្រី វ៉ាន់ហ៊ី លី៖ ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​រួច​ហើយ​មែន តែ​ដូច​ច្បាប់​ដទៃ​អ៊ីចឹង។ យើង​ក៏​នៅ​តែ​អាច​ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​ជា​សាធារណៈ​បាន​ដែរ។ ប្រសិន​បើ​ប្រជាពលរដ្ឋ​នាំ​គ្នា​លើក​ឡើង​ពី​យោបល់ និង​ក្ដី​បារម្ភ​របស់​ខ្លួន គេ​អាច​យក​មតិ​ទាំងនោះ​មក​ពិចារណា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម។

ដូច្នេះ វា​មិន​ដែល​ហួស​ពេល​ទេ​ក្នុង​ការ​កែលំអ​ច្បាប់​មួយ មិន​ដែល​ហួស​ពេល​ទេ​ក្នុង​ការ​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​សេចក្ដី​ព្រាង​ច្បាប់​ដែល​ផ្ដោត​លើ​សារសំខាន់​នៃ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ។ វា​គឺ​ជា​សិទ្ធិ​ប្រជាធិបតេយ្យ​ដ៏​សំខាន់​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ដទៃ​ទៀត​របស់​ពលរដ្ឋ។ ច្បាប់​នេះ​មាន​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​សិទ្ធិ​មនុស្ស​ទាំងអស់ ដែល​ខ្ញុំ​ជឿ​ថា នឹង​មាន​កិច្ច​ពិគ្រោះ​យោបល់​ជា​សាធារណៈ ហើយ​ការិយាល័យ​របស់​យើង​រីករាយ​នឹង​ជួយ​ក្នុង​កិច្ចការ​នេះ។ ខ្ញុំ​បាន​ប្រកាស​អំបាញ់មិញ​នេះ​ហើយ​ថា ការិយាល័យ​របស់​យើង​កំពុង​ធ្វើ​ការ​វិភាគ​ច្បាប់​នេះ​លើ​ផ្នែក​សិទ្ធិ​មនុស្ស។ យើង​ជិត​បញ្ចប់​វា​ហើយ។ វា​មាន​ភាព​ស្មុគស្មាញ​ណាស់ ប៉ុន្តែ​ខ្ញុំ​គិត​ថា មាន​ធាតុ​ជាច្រើន រួម​ទាំង​ការ​វិភាគ​របស់​យើង​ដែរ ដែល​អាច​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ។

លោក ជី វិតា៖ អរគុណ​ច្រើន​អ្នកស្រី វ៉ាន់ហ៊ី លី!

អ្នកស្រី វ៉ាន់ហ៊ី លី៖ អរគុណ!៕

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​ថា​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​សិទ្ធិ​មនុស្ស មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​ថា​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​សិទ្ធិ​មនុស្ស

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។