អ្នកកាសែត ២រូបដែលចោទប្រកាន់មន្ត្រីប៉ូលិសវរការពារព្រំដែនគោកម្នាក់ ប្រចាំការនៅច្រកចំបក់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបានយកកាំបិតផ្គាក់ដេញកាប់ និងបោកកាមេរ៉ាថត ខណៈពួកគេចុះយកព័ត៌មានកាលពីថ្ងៃទី៣០ តុលា កន្លងទៅនោះ បានដាក់ពាក្យប្ដឹងទៅសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ឲ្យជួយអន្តរាគមន៍ពីការគំរាមកំហែងនេះ ដើម្បីរៀបចំពាក្យបណ្ដឹងបន្តដាក់ទៅតុលាការខេត្ត ឲ្យដោះស្រាយតាមផ្លូវច្បាប់។
ក្រុមអ្នកកាសែតនៅក្រុងប៉ោយប៉ែត ដែលត្រូវគេដេញកាប់ និងបោកកាមេរ៉ាថតរូបនោះ សម្ដែងការមិនពេញចិត្តទៅនឹងទង្វើរបស់មន្ត្រីនគរបាលការពារព្រំដែនប្រចាំការនៅច្រកចំបក់ នៃឃុំបឹងបេង ថាជាសកម្មភាពមួយរារាំងការងាររបស់អ្នកកាសែត។ ពួកគេអំពាវនាវឲ្យស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការទៅលើមន្ត្រីប៉ូលិសការពារព្រំដែនរូបនោះជាបន្ទាន់ ដើម្បីការពារកុំឲ្យករណីបែបនេះកើតមានទៅលើអ្នកយកព័ត៌មានទៅថ្ងៃខាងមុខទៀត។
អ្នកយកព័ត៌មានទូរទស្សន៍ហង្សមាស ប្រចាំខេត្តបន្ទាយមានជ័យ គឺលោក ផូ ប៊ុនថន រៀបរាប់ថា កាលពីរសៀលថ្ងៃទី៣០ តុលា កន្លងទៅ អ្នកសារព័ត៌មាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៤នាក់ រួមមាន លោក ផូ ប៊ុនថន លោក កែ វុទ្ធី អ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក ប៊ុន សំណាង អ្នកយកព័ត៌មានទូរទស្សន៍ស៊ី.អិន.ស៊ី (CNC) និងលោក នីម វណ្ណា អ្នកយកព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ ចុះទៅយកព័ត៌មានពាក់ព័ន្ធនឹងការនាំមនុស្សឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ និងការលួចនាំទំនិញគេចពន្ធចូលមកកម្ពុជា នៅតំបន់ព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកអះអាងថា នៅពេលដែលពួកគេទៅដល់ស្រុកម៉ាឡៃ បានបំបែកគ្នាជា ២ក្រុម គឺរូបលោក និងលោក កែ វុទ្ធី បានចូលទៅយកព័ត៌មាននៅច្រកចំបក់ ជាច្រករបៀង រីឯអ្នកយកព័ត៌មាន ២នាក់ទៀតចុះទៅច្រកផ្សេងនៅក្បែរនោះ។ លោកបន្តថា នៅពេលដែលចុះទៅដល់ច្រកចំបក់ភ្លាម ត្រូវបានមន្ត្រីប៉ូលិសការពារព្រំដែនម្នាក់ឈ្មោះ ប្រុស ហៅ ម៉ាប់ បានចេញមករារាំង និងគំរាមកំហែងពួកគេ ដោយយកកាំបិតផ្គាក់ដេញកាប់ និងបោកកាមេរ៉ាថតរូបខូចមួយគ្រឿង៖ «ហើយជននោះបាននិយាយមកលើពួកខ្ញុំថា ពួកអ្នកឯងមកយកព័ត៌មានស្អីនៅកន្លែងអញធ្វើការ។ ក្រោយមក ជននោះបានស្ទុះទៅឆក់ទូរស័ព្ទពីគ្នាខ្ញុំអ្នកយកព័ត៌មានម្នាក់ទៀត ហើយពេលនោះខ្ញុំក៏បាននាំគ្នារត់តែម្ដង»។
ស្រដៀងគ្នានេះដែរ អ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៥ ម្នាក់ទៀត គឺលោក កែ វុទ្ធី ថ្លែងថា មន្ត្រីប៉ូលិសការពារព្រំដែនដេញកាប់ពួកគាត់ គឺជាការគំរាមកំហែង និងបិទសិទ្ធិសេរីភាពដល់អ្នកកាសែត ដោយសារពួកគេចុះទៅយកព័ត៌មានពីភាពមិនប្រក្រតីនៅចំណុចច្រកចំបក់នោះ ដើម្បីចុះផ្សាយ ហើយអាចនឹងប៉ះពាល់ដល់កិត្តិយសរបស់ប៉ូលិសការពារព្រំដែននៅតំបន់នោះ៖ «បាទ! ភ្លាមៗនោះខ្ញុំបានរាយការណ៍ប្រាប់ទៅមេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ជុំវិញករណីដែលមន្ត្រីប៉ូលិសដេញកាប់ពួកខ្ញុំនេះ។ ពួកខ្ញុំមិនបាននៅប្រឈមមុខជាមួយជននោះទេ ពីព្រោះជននោះស្ថិតក្នុងស្ថានភាពស្រវឹង ហើយមានកាំបិតជាប់នឹងដៃ»។
ឆ្លើយតបនឹងបញ្ហានេះ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រករបៀងចំបក់ លោក សាន់ សៃ មានប្រសាសន៍ថា នៅច្រកចំបក់ពុំមានការនាំពលករចេញទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ និងលួចនាំទំនិញគេចពន្ធចូលមកកម្ពុជា នោះទេ។ លោកអះអាងថា មន្ត្រីប៉ូលិសការពារព្រំដែនច្រកចំបក់ ពុំបានទៅគំរាមកំហែង និងរារាំងអ្នកកាសែតមិនឲ្យចុះយកព័ត៌មានដូចការចោទប្រកាន់ឡើយ។
លោកបញ្ជាក់ទៀតថា នៅថ្ងៃកើតហេតុ គឺអ្នកកាសែតទាំង ២នាក់នោះ បានចូលទៅយកព័ត៌មាននៅច្រកចំបក់ ហើយមានទំនាស់គ្នាជាមួយប្រជាពលរដ្ឋនៅក្បែរច្រកចំបក់ម្នាក់ រហូតបណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់រងរបួសដៃ និងដើមទ្រូង៖ «ខ្ញុំបានហៅអ្នកសារព័ត៌មាននោះមកវិញ ដើម្បីដោះស្រាយដែរ តែពួកគាត់មិនមកទេ ហើយបាននិយាយថា នៅកន្លែងខ្ញុំសាហាវណាស់។ បញ្ហានេះ ខ្ញុំអត់ដឹងរឿងអីទាំងអស់ ទើបក្រោយមកបានខ្ញុំសួរទៅអ្នករបួសនោះ ហើយគាត់ថាអ្នកកាសែតបានវាយគាត់ឲ្យរបួសដៃ»។
ទោះជាយ៉ាងនេះក្ដី អ្នកសារព័ត៌មានបានអះអាងថា ពួកគេពុំមានទំនាស់ជាមួយប្រជាពលរដ្ឋរហូតដល់បង្ករបួសស្នាមដូចការលើកឡើងរបស់ប្រធានច្រកចំបក់នោះទេ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា លោកបានចុះស៊ើបអង្កេតជុំវិញហេតុការណ៍ដែលកើតឡើងនោះហើយ និងរកឃើញថា មន្ត្រីនគរបាលការពារព្រំដែនប្រចាំច្រកចំបក់ ពិតជាចេតនារារាំងដល់ការងាររបស់អ្នកកាសែត មិនឲ្យចុះយកព័ត៌មានប្រាកដមែន ពីព្រោះនៅច្រករបៀងនោះ គឺជាច្រកមួយដែលតែងកើតមានករណីនាំពលករចេញចូលប្រទេសថៃ ដោយខុសច្បាប់ញឹកញាប់។ លោក ស៊ុំ ច័ន្ទគា ហៅការរារាំងការងាររបស់អ្នកកាសែតពីសំណាក់មន្ត្រីប៉ូលិសការពារព្រំដែននេះ ថាជាការបិទសិទ្ធិសេរីភាពដល់អ្នកសារព័ត៌មាន៖ «យើងមិនត្រូវទៅវាយដំអ្នកសារព័ត៌មានទេ ពីព្រោះអ្នកសារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ដើម្បីឲ្យរដ្ឋាភិបាលធ្វើការទប់ស្កាត់ និងការពារផលប្រយោជន៍របស់រដ្ឋ»។
ទោះជាយ៉ាងនេះក្ដី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ មានប្រសាសន៍ថា ករណីដែលកើតឡើងនោះ លោកពុំដឹងថាយ៉ាងណាច្បាស់លាស់នៅឡើយទេ ហើយថា លោកកំពុងស្រាវជ្រាវជុំវិញករណីនេះ៖ «ខ្ញុំអនុវត្តច្បាប់ដោយស្មើភាពគ្នា មិនថាគាត់ជាអ្នកយកព័ត៌មាន ឬជាប្រជាពលរដ្ឋធម្មតានោះទេ គឺបើធ្វើខុសត្រូវតែប្រឈមមុខច្បាប់ដូចគ្នា»។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យ បង្ហាញថា នៅឆ្នាំ២០១៥ មានករណីគំរាមកំហែងពីសំណាក់សមត្ថកិច្ចទៅលើអ្នកកាសែតចំនួន ៤ករណី គឺនៅក្រុងប៉ោយប៉ែត ចំនួន ៣លើក និងនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មួយករណី។ ទោះយ៉ាងណា សមាគមការពារសិទ្ធិមនុស្សអាដហុក នឹងបញ្ជូនសំណុំរឿងគំរាមកំហែងអ្នកកាសែតនេះ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ វិច្ឆិកា ដើម្បីឲ្យតុលាការដោះស្រាយតាមផ្លូវច្បាប់។
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល ចុះថ្ងៃទី១ វិច្ឆិកា ឲ្យដឹងថា អ្នកសារព័ត៌មាន គឺជាជនរងគ្រោះច្រើនជាងគេក្នុងចំណោមជនរងគ្រោះដទៃទៀត ក្នុងករណីនិទ្ទណ្ឌភាព។ នៅពេលអ្នកសារព័ត៌មាននៅកម្ពុជា លើកឡើងចំណុចខុសឆ្គងរបស់រដ្ឋាភិបាល និងវិស័យឯកជន អ្នកទាំងនោះតែងប្រឈមនឹងការគំរាមដល់អាយុជីវិត។ ជាក់ស្ដែង អ្នកសារព័ត៌មានចំនួន ១៣រូប ត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៤។ ក្នុងចំណោម ១៣ករណីនោះ មានតែ ២ករណីប៉ុណ្ណោះដែលត្រូវកាត់ក្ដីដោយជោគជ័យ រីឯជនល្មើសទាំង ១១អ្នកផ្សេងទៀត មិនត្រូវបាននាំខ្លួនមកផ្ដន្ទាទោសនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
