វិទ្យុសហគមន៍នៅខេត្តកំពង់ឆ្នាំង គ្រោងធ្វើប្រជាមតិ ឬប្រមូលមតិរិះគន់ស្ថាបនាលើដំណើរការផ្សាយសាកល្បងរបស់ខ្លួនរយៈពេល ១០ខែក្នុងឆ្នាំ២០១៥ កន្លងមក។ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍សហគមន៍ (CDLC) ដែលគ្រប់គ្រងវិទ្យុនេះ ឲ្យដឹងថា ក្រោយពីធ្វើប្រជាមតិ បើមានការគាំទ្រពីអ្នកភូមិនៃឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ជាង ១.២០០គ្រួសារ នោះវិទ្យុនឹងបន្ថែមកម្មវិធីផ្សាយ។
វិទ្យុសំឡេងសហគមន៍ដែលគ្របដណ្ដប់ការផ្សាយ ឬស្ដាប់បានមួយឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ បានដំណើរការផ្សាយ ៤ម៉ោងកន្លះជារៀងរាល់ថ្ងៃ។ កម្មវិធីរបស់វិទ្យុនេះ គឺផ្ដោតសំខាន់លើការអប់រំ កម្សាន្ត និងព័ត៌មានស្ដីពីសហគមន៍ ហើយម៉ោងផ្សាយនៃកម្មវិធីនីមួយៗ ស្របពេលដែលប្រជាពលរដ្ឋសម្រាកពីការងារធ្វើស្រែចម្ការ ឬចូលព្រៃកាប់ឧសសម្រាប់ដុត និងលក់យកប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
បច្ចុប្បន្ន មជ្ឈមណ្ឌលមានបុគ្គលិកស្ម័គ្រចិត្តចំនួន ១៨នាក់ ដើម្បីចែកវេនគ្នារៀបចំការផ្សាយនៅពេលថ្ងៃចាប់ពីម៉ោង ១១ព្រឹក រហូតដល់ម៉ោងពីររសៀល និងនៅពេលយប់ចាប់ពីម៉ោង ៧កន្លះដល់ម៉ោង ៩យប់។ អ្នកស្ម័គ្រចិត្តដែលជាធនធានមនុស្សក្នុងសហគមន៍ផ្ទាល់ មិនសូវយល់ពីវិជ្ជាជីវៈសារព័ត៌មាន ហើយមានកម្រិតវប្បធម៌ក្រោមថ្នាក់ទី១២ ប៉ុន្តែពួកគេមានការព្យាយាម និងបទពិសោធន៍ក្នុងសហគមន៍។
ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍សហគមន៍ លោក គឹម សេង ឲ្យដឹងថា ក្រុមការងាររបស់មជ្ឈមណ្ឌល នឹងចំណាយពេលមួយខែពេញ គឺគិតចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ដើម្បីទទួលមតិរិះគន់ ឬគាំទ្រពីពលរដ្ឋជាង ១.២០០គ្រួសារ នៅក្នុងភូមិចំនួន៦ នៃឃុំអញ្ចាញរូង។ លោកថា ការស្ទង់មតិ ក៏ចង់បានស្នាមមេដៃគាំទ្រ និងលើកទឹកចិត្ដពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកស្ដាប់វិទ្យុសំឡេងសហគមន៍ដែរ សម្រាប់ដំណើរការផ្សាយនៅឆ្នាំ២០១៦ ខាងមុខ៖ «ក្នុងការផ្សាយសាកល្បង ស្ថិតក្នុងការស្ទង់មតិប្រជាពលរដ្ឋ ថាតើឲ្យយើងខ្ញុំធ្វើយ៉ាងណាអីយ៉ាងណា? ដើម្បីកែសម្រួល ហើយដំណាក់កាលនេះ យើងរៀនសូត្រសិន ព្រោះអ្នកស្ម័គ្រចិត្តខ្លះថ្នាក់ទី២ ទី៦ ឬទី៧ អ៊ីចឹងពុំមានជំនាញវិជ្ជាជីវៈជាអ្នកសារព័ត៌មានអីច្បាស់លាស់ទេ។ អ៊ីចឹងយើងរៀនបណ្ដើរ និងសុំមតិយោបល់ពីមជ្ឈដ្ឋាននានាទាំងអាជ្ញាធរ និងសហគមន៍»។
យ៉ាងណា អ្នកគ្រប់គ្រងកម្មវិធីផ្សាយវិទ្យុសំឡេងសហគមន៍ និងពលរដ្ឋនៅឃុំអញ្ចាញរូង អះអាងថា វត្តមានរបស់វិទ្យុនេះបានផ្ដល់ផលប្រយោជន៍ច្រើនដល់ពលរដ្ឋទូទៅ។ ប្រជាពលរដ្ឋអាចទទួលបានព័ត៌មានថ្មីៗពីស្ថានភាពព្រៃសហគមន៍ ជីវភាពរស់នៅប្រចាំថ្ងៃ ឬការផ្ដល់សេវាសាធារណៈពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចជូនពលរដ្ឋ ដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើត ជាដើម។
លោក គឹម សេង សង្កេតឃើញថា អាជ្ញាធរបានប្ដូរឥរិយាបថក្នុងការបំពេញការងារ ឬការផ្ដល់សេវាសាធារណៈដល់ពលរដ្ឋកាន់តែប្រសើរ ក្រោយពីផ្សាយរិះគន់ក្នុងន័យស្ថាបនា។ លោកថា ប្រសិទ្ធភាពនេះអាចមកពីការផ្សាយមិនលម្អៀង និងត្រឹមត្រូវ ហើយអ្នកស្ម័គ្រចិត្តទទួលបានចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលបន្ថែមទាំងផ្នែកបច្ចេកទេស និងការសរសេរអត្ថបទព័ត៌មានពីអង្គការដៃគូ៖ «ខ្ញុំនិយាយតាមត្រង់ ពីដំបូងអាជ្ញាធរមិនសូវទុកចិត្តពួកខ្ញុំទេ។ ដល់ពេលគាត់ស្ដាប់នូវអ្វីដែលយើងខ្ញុំផ្សាយអ៊ីចឹងទៅ យូរបានដឹងថា យើងកំពុងធ្វើនេះដើម្បីសហគមន៍ប្រាកដមែន មិនមែនធ្វើដើម្បីគណបក្សនយោបាយណាមួយ»។
នៅថ្ងៃអនាគត មជ្ឈមណ្ឌលមានគម្រោងបន្ថែមកម្មវិធីផ្សាយចំនួនពីរទៀត គឺកម្មវិធីពិភាក្សាតុមូល និងព័ត៌មានទាន់ហេតុការណ៍ តាមរយៈការហៅទូរស័ព្ទចូលកម្មវិធីរាយការណ៍ពីហេតុការណ៍ដែលបានកើតឡើងភ្លាមៗពីគ្រប់ទិសទី។ ទន្ទឹមគ្នានេះ ក្រុមអ្នកស្ម័គ្រចិត្តក៏ត្រូវការចំណេះដឹងបន្ថែមផ្នែកការផ្សាយវិទ្យុ សម្ភារៈបច្ចេកទេស និងប្រាក់ឧបត្ថម្ភ។
ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍សហគមន៍ លោក គឹម សេង រំឭកថា កន្លងទៅអ្នកស្ម័គ្រចិត្តសហគមន៍ដែលមានចំណេះដឹងទាប បានវិវឌ្ឍខ្លួន ឬមានចំណេះដឹងអាចប្រើការបានពី ៥០ ទៅ ៦០ភាគរយហើយ ដោយសារមានវគ្គបណ្ដុះបណ្ដាល និងប្រាក់ឧបត្ថម្ភពីអង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ (BCV)។ លោកសង្ឃឹមថា ថ្ងៃអនាគត អ្នកស្ម័គ្រចិត្តនឹងក្លាយជាអ្នកសារព័ត៌មានអាជីព។
ប្រជាពលរដ្ឋ និងជាប្រិយមិត្តតាមដានស្ដាប់វិទ្យុសំឡេងសហគមន៍ម្នាក់នៅភូមិអណ្ដូងរវៀង គឺលោក សេង សយ រៀបរាប់បណ្ដើរ និងចង្អុលឲ្យកូនយកវិទ្យុដែលភ្ជួរលើសសរក្រោមផ្ទះមកបើកស្ដាប់បណ្ដើរថា រូបគាត់ និងអ្នកក្បែរខាង ចង់ឲ្យវិទ្យុនេះដំណើរការរហូត ដើម្បីជាប្រយោជន៍ក្នុងសហគមន៍។ លោកថា កូនលោកក៏ធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្តក្នុងវិទ្យុនេះដែរ ហើយលោកផ្ទាល់ជក់ចិត្តស្ដាប់ណាស់៖ «ចាប់អារម្មណ៍កម្មវិធី ព្រោះថា យុត្តិធម៌សម្រាប់ប្រជាជន។ បើមានសកម្មភាពអ្វីដែលជាការខុសឆ្គងចំពោះប្រជាជន សុំឲ្យអ្នកធ្វើការហ្នឹងផ្សព្វផ្សាយ ឬក៏មានការណែនាំឲ្យយល់ដឹងពីកម្រិតនៃការរស់នៅក្នុងសង្គមមនុស្ស»។
ចំណែកស្ត្រីវ័យប្រមាណ ៥០ឆ្នាំម្នាក់ ដែលទើបឡើងពីច្រូតស្រូវ ហើយយួរធុងយោងទឹកនៅអណ្ដូងមុខផ្ទះ គឺលោកស្រី ឈិន ពៅ មានប្រសាសន៍ថា គ្រួសារលោកស្រីទទួលបានចំណេះដឹងច្រើនខាងផ្នែកកសិកម្ម និងដឹងពីស្ថានភាពព្រៃឈើនៅក្នុងសហគមន៍របស់លោកស្រីផ្ទាល់៖ «អត់សូវចាំដែរ ខ្ញុំនោះ! ស្ដាប់តែស្ដាប់ ប៉ុន្តែដល់សួរបញ្ជាក់អ៊ីចឹងវាអត់ចាំ។ លោក ជិន ជេដ្ឋា៖ ប៉ុន្តែអ៊ំគិតថាមានផលប្រយោជន៍សម្រាប់អ៊ំទេ? មានប្រយោជន៍ដូចថា ឲ្យយើងការពារព្រៃសហគមន៍ ធ្វើជីធម្មជាតិ ដាំដំណាំ គេផ្សាយអ៊ីចឹង»។
មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍សហគមន៍ បានបង្កើតកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១០ ក្រោមការផ្ដួចផ្ដើមគំនិតរបស់ លោក គឹម សេង និងប្រជាសហគមន៍ក្នុងឃុំផ្ទាល់។ ក្រោយមក មជ្ឈមណ្ឌលបានបង្កើតវិទ្យុសំឡេងសហគមន៍នៅដើមឆ្នាំ២០១៥ ដោយមានកម្លាំងផ្សាយ ៣០វ៉ាត់។ នាយកមជ្ឈមណ្ឌល លោក គឹម សេង ថា លោកបានស្នើសុំអាជ្ញាប័ណ្ណដំឡើងកម្លាំងផ្សាយពី ៣០វ៉ាត់ទៅ ៣០០វ៉ាត់ និងអង់តែនដំឡើងកម្ពស់ ៤០ម៉ែត្រ ហើយនាយកដ្ឋានសោតទស្សន៍នៃក្រសួងព័ត៌មាន កំពុងពិនិត្យមើលលើសំណើនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
