អភិបាល​ខេត្ត​កំពង់ឆ្នាំង​ចោទ​សង្គម​ស៊ីវិល​ថា​ជំរុញ​ឲ្យ​ពលរដ្ឋ​តវ៉ា​បញ្ហា​ផ្សេងៗ​នាំ​ឲ្យ​មាន​ទោស

0:00 / 0:00

អភិបាល​ខេត្ត​កំពង់ឆ្នាំង ចោទ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ធ្វើ​ការ​លើ​វិស័យ​សិទ្ធិ​មនុស្ស ថា​បាន​រុញ​ច្រាន​ឲ្យ​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​រហូត​ដល់​មាន​ទោស​ទណ្ឌ។ ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស ប្រតិកម្ម​តប​វិញ​ថា ការ​សង្ស័យ ឬ​ចោទ​ប្រកាន់​ថា មន្ត្រី​សង្គម​ស៊ីវិល​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​តវ៉ា​អ្វី​មួយ​របស់​ពលរដ្ឋ​នោះ គឺ​ជា​ការ​យល់​ខុស​របស់​អភិបាល​ខេត្ត និង​ចង់​បិទ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌។ បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ករណី​ខ្លះ​អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ។

ការ​ថ្លែង​រិះគន់​របស់​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ទៅ​លើ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​រាយការណ៍​ព័ត៌មាន ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​ក្រុម​គណៈ​អភិបាល​ខេត្ត​ជាមួយ​គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៤ ខែ​សីហា នា​សាល​ប្រជុំ​សាលា​ខេត្ត​កំពង់ឆ្នាំង។ លោក​រិះគន់​ថា បញ្ហា​ខ្លះ​តូចតាច ប៉ុន្តែ​មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ​ខ្នង ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​រីក​ធំ​ពិបាក​នឹង​ដោះស្រាយ។

លោក ឈួរ ច័ន្ទឌឿន បាន​ប្រាប់​ទៅ​ប្រតិភូ​គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា អំពី​ការ​លំបាក​របស់​អាជ្ញាធរ​ក្នុង​ការ​អភិវឌ្ឍ និង​អនុវត្ត​ច្បាប់ ដោយ​ពលរដ្ឋ​ខ្លះ​បង្កើត​ការ​តវ៉ា និង​មិន​យល់​ពី​ច្បាប់។ លោក​ក៏​ឆ្លៀត​រិះគន់​អ្នក​សារព័ត៌មាន​ដោយ​មិន​ចំ​ឈ្មោះ​ដែរ​ថា អ្នក​យក​ព័ត៌មាន​ខ្លះ​បាន​រាយការណ៍​ភូត​កុហក និង​ប៉ាន់ស្មាន​យក​តែ​ម្ដង ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សិទ្ធិ​របស់​បុគ្គល៖ «ចំណុច​ទី​២ ខ្ញុំ​ចង់​និយាយ​ពី​អង្គការ​សមាគម​មួយ​ចំនួនៗ​ទេ គាត់​ញុះញង់​ឲ្យ​មាន​ភាព​អនាធិបតេយ្យ មិន​គោរព​ច្បាប់ មិន​គោរព​អាជ្ញាធរ​មូលដ្ឋាន​ដែល​បង្កើត​ដោយ​ច្បាប់ ហើយ​រុញ​ប្រជាជន​មួយ​ចំនួន​ឲ្យ​មាន​ទោស គឺ​មាន​ទោស​តាម​រយៈ​ប្រព្រឹត្ត​ហ្នឹង​ឯង ព្រោះ​ច្បាប់​គេ​ចែង​មក​សម្រាប់​ដាក់​ទោស​ហ្នឹង​ឯង»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ថ្លែង​ថា ប្រសាសន៍​ដែល​បាន​លើក​ឡើង គឺ​ជា​ការ​ភាន់ច្រឡំ និង​ផ្ទុយ​ពី​អ្វី​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​អនុវត្ត​ដោយ​អព្យាក្រឹត្យ ក្នុង​ទិសដៅ​លើក​កម្ពស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស៖ «កុំ​ឲ្យ​អាជ្ញាធរ​សន្មត ហៅ​ថា​បុរេនិច្ឆ័យ​ថា អង្គការ​នៅ​ពី​ក្រោយ​វា​នាំ​ឲ្យ​ការ​ខុស​ឆ្គង ព្រោះ​សង្គម​ស៊ីវិល​ធ្វើ​ការ​ដើម្បី​ជន​រងគ្រោះ ហើយ​ប្រឹក្សា​យោបល់​ផ្នែក​សិទ្ធិ និង​ច្បាប់»

ពលរដ្ឋ​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​ខេត្ត ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ភូមិ ២​នាក់ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៤។
ពលរដ្ឋ​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​ខេត្ត ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ភូមិ ២​នាក់ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៤។ (Photo Adhoc)

ចំណែក​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក សំ ច័ន្ទគា ថ្លែង​រិះគន់​តប​វិញ​ថា ប្រសាសន៍ ឬ​ទស្សនៈ​ដែល​លោក​អភិបាល​ខេត្ត​លើក​ឡើង គេ​គប្បី​ប្រើ​កាល​ពី​ឆ្នាំ​១៩៨០ ដែល​កាល​ណោះ​ប្រជាពលរដ្ឋ​មិន​ស្គាល់​អ្វី​ទៅ​ជា​សិទ្ធិ​មនុស្ស និង​អ្វី​ជា​ច្បាប់​ទាល់​តែ​សោះ​នោះ។ លោក​ថា ផ្ទុយ​ពី​អ្វី​ដែល​អាជ្ញាធរ​លើក​ឡើង មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ខិតខំ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ច្បាប់ និង​បញ្ចៀស​ការ​ប្រើ​អំពើ​ហិង្សា ដែល​បេសកកម្ម​ទាំងអស់​នេះ​ជា​ផ្នែក​មួយ​ជួយ​រដ្ឋាភិបាល​ទៅ​វិញ​ទេ៖ «គាត់ (លោក ឈួរ ច័ន្ទឌឿន) មិន​យល់​ឃើញ​ថា ប្រជាជន​ឥឡូវ​គេ​យល់​ដឹង​ពី​ច្បាប់​ទម្លាប់​បាន​ប៉ុណ្ណា​ទេ គាត់​គិត​ថា ប្រទេស​នៅ​ស្ថានភាព​ព្រៃ​ដែល​មិន​យល់​ដឹង​ពី​ច្បាប់​ដូច​ឆ្នាំ​១៩៨០ ទើប​គាត់​គិត​យ៉ាង​ហ្នឹង»

គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត​របស់​ព្រឹទ្ធសភា ដឹក​នាំ​ដោយ លោក គង់ គាំ បាន​ចុះ​ប្រមូល​ព័ត៌មាន​ពី​សង្គម​ស៊ីវិល និង​ក្រុម​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ក្នុង​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣ ខែ​សីហា។ ក្រោយ​ពី​ប្រមូល​ព័ត៌មាន និង​ចុះ​ពិនិត្យ​ដល់​ទីតាំង​មាន​ជម្លោះ​មួយ​ចំនួន ក្រុម​ការងារ​របស់​គណៈកម្មការ បាន​យក​បញ្ហា​ដែល​ប្រមូល​បាន​មក​ជជែក​ជាមួយ​ក្រុម​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង។

បច្ចុប្បន្ន អាជ្ញាធរ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល មិន​ទាន់​អាច​បញ្ចេញ​តួលេខ​ជាក់លាក់​លើ​ករណី​ជម្លោះ​ដីធ្លី​នៅ​ទូទាំង​ខេត្ត​នៅ​ឡើយ​ទេ ប៉ុន្តែ​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​កំពង់ឆ្នាំង ភាគ​ច្រើន គឺ​កើត​នៅ​ស្រុក​ទឹកផុស ស្រុក​សាមគ្គីមានជ័យ និង​ស្រុក​កំពង់ត្រឡាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។