សកម្មជន​ដីធ្លី​អះអាង​ថា​ពួក​គេ​នឹង​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

ក្រុម​សហគមន៍​ដីធ្លី​ដែល​បាន​កំណត់​យក​ថ្ងៃ​ច័ន្ទ​ជា​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នោះ នៅ​តែ​អះអាង​ថា ពួក​គេ​នឹង​នៅ​តែ​បន្ត​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​យុទ្ធនាការ​នេះ​បន្ត​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ ឧសភា ដោយ​មិន​ខ្វល់​ពី​ការ​បង្ក្រាប​របស់​សមត្ថកិច្ច ព្រោះ​ពួក​គេ​ប្រើ​សិទ្ធិ​សម្ដែង​មតិ​ដោយ​ស្រប​ច្បាប់។

ចំពោះ​គម្រោង​សម្រាប់​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នា​សប្ដាហ៍​ទី​៤ នេះ តំណាង​សហគមន៍​អេស.អូ.អេស (S.O.S) អ្នកស្រី ចា្រយ នីម ឲ្យ​ដឹង​ថា សកម្មជន​ដីធ្លី​ប្រមាណ ៤០​នាក់​មក​ពី​សហគមន៍​ដីធ្លី​ចំនួន​៤ នឹង​ជួប​ជុំ​គ្នា​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៣ ឆ្ពោះ​ទៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​លើក​បដា​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស ៤​រូប និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​រូប​ដែល​កំពុង​ជាប់​ឃុំ។

ដោយឡែក​នៅ​ក្នុង​សហគមន៍​បឹងកក់​វិញ តំណាង​សហគមន៍ អ្នកស្រី ទេព វន្នី ឲ្យ​ដឹង​ថា សកម្មជន​ដីធ្លី​ក្នុង​សហគមន៍​ប្រមាណ ១០០​នាក់ នឹង​ជួប​ជុំ​គ្នា​នៅ​ម៉ោង ៥​ល្ងាច សម្ដែង​មតិ​បង្ហោះ​ប៉ោង​ប៉ោង​ពណ៌​ខ្មៅ ដែល​មាន​សរសេរ​សារ​ទាមទារ​ដោះ​លែង​អ្នក​ទោស​មនសិការ​ទាំងអស់​ដែល​កំពុង​ជាប់​ឃុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។