សិក្ខាសាលាស្តីពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអង្គការសមាគមន៍ ដែលរៀបចំដោយរដ្ឋសភាជាភ្លើងខៀវអនុញ្ញាតឲ្យរដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់នេះនៅសប្តាហ៍ក្រោយ ដោយពុំចាំបាច់ពិព្រោះយោបល់ម្តងទៀត។ ទោះបែបនេះក្តី មន្ត្រីសហភាពអឺរ៉ុប និងបណ្តាញសង្គមស៊ីវិល ប្រឆាំងជំទាស់ការបង្កើតច្បាប់នេះ និងទាមទារឲ្យសភាកែប្រែមាត្រាមួយចំនួនបន្ថែមទៀតជាមុនសិន។
កិច្ចពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការ សមាគម រៀបចំដោយរដ្ឋសភា ដែលមានអ្នកចូលរួមជាង ៥០០នាក់ អ្នកនាំពាក្យរដ្ឋសភាអះអាងពីភាពជោគជ័យនៃកិច្ចពិគ្រោះនេះ។
ផ្ទុយទៅវិញក្រុមអង្គកាសង្គមស៊ីវិល ប្រកាសប្រឆាំងដំណើរការច្បាប់នេះ ដោយពួកគេនឹងប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី៩ ខែកក្កដា។
សាស្ត្រាចារ្យផ្នែកច្បាប់ លោក ស សុវណ្ណ លើកឡើងនៅក្នុងសិក្ខារបស់រដ្ឋសភាថា អ្នកធ្វើច្បាប់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអង្គការសង្គមសមាគមនេះ មិនមែនជាអ្នកច្បាប់ទេ។ លោកសាស្ត្រាចារ្យរូបនេះបន្តថា មិនប្រឆាំងនឹងការធ្វើច្បាប់នេះទេ ប៉ុន្តែលោកទាមទារឲ្យកែប្រែមាត្រាមួយចំនួន និងស្នើឲ្យច្បាប់នេះ សរសរអត្ថន័យពាក្យពេជន៍មួយៗឲ្យច្បាស់ៗ៖ «ខ្ញុំជជែកពីរឿងខ្លឹមសារ ក្រសួងមហាផ្ទៃ រំលោភ លុបឈ្មោះអ្នកដឹកនាំចាស់ លុបឈ្មោះពីអង្គការ អត់ឲ្យគ្នាធ្វើទៀត អត់ទេណា! មានតែតុលាការទេធ្វើអ៊ីចឹងបាន»។
ថ្លែងបើកសិក្ខា ប្រធានរដ្ឋសភា លោក ហេង សំរិន ប្រាប់ទៅឲ្យសមាជិកព្រឹទ្ធសភា និងអ្នកតំណាងរាស្ត្រ យកចិត្តទុកដាក់ស្តាប់លើគំនិតយោបល់អ្នកចូលរួមដែលលើកជាគំនិត និងយោបល់៖ «សមាជិការព្រឹទ្ធសភា រដ្ឋសភា ជាពិសេសគណៈកម្មការជំនាញ ត្រូវយកចិត្តទុកដាក់ចំពោះមតិយោបល់ និងអនុសាសន៍នានា ដែលអ្នកចូលរួមអស់បានលើកឡើង»។
អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានក្រុមពិគ្រោះយោបល់ច្បាប់ស្តីពីការគ្រប់គ្រងអង្គការ សមាគម លោក ឈាង វុន ផ្តល់រយៈពេល ៣នាទីដល់អ្នកចូលរួមម្នាក់ដើម្បីសួរសំណួរ និងផ្តល់គំនិតយោបល់។ រយៈពេលមួយម៉ោងកិច្ចប្រជុំទទួលបាន ៤២សំណួរ អ្នកខ្លះគាំទ្រឲ្យបង្កើតច្បាប់នេះ អ្នកខ្លះរិះគន់ និងអ្នកផ្សេងស្នើឲ្យកែប្រែមាត្រាខ្លះនៃសេចក្តីព្រាងនេះ។
នៅពេលរដ្ឋសភា ប្រជុំពិគ្រោះយោបល់ចប់ បណ្តាអង្គការសង្គមស៊ីវិលធ្វើសន្និសីទប្រឆាំង មិនព្រមទទួលយកច្បាប់នេះទេ។
នាយកអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល អះអាងនៅក្នុងសន្និសីទកាសែត ក្រោយរដ្ឋសភាធ្វើកិច្ចពិគ្រោះនោះថា នៅពេលសេចក្តីព្រាងច្បាប់នេះត្រូវសភាអនុម័ត លោកមិនគោរពច្បាប់នោះឡើយ ព្រោះជាច្បាប់ដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ។
លោក ព្រាប កុល លើកឡើងថា បណ្តាប្រទេសមួយចំនួនដែលអនុម័តច្បាប់គ្រប់គ្រងអង្គការ សមាគម គ្មានការពិគ្រោះយោបល់ត្រឹមត្រូវ និងចូលរួមគ្រប់ជ្រុងជ្រោយ បានធ្វើឲ្យប្រទេសធ្លាក់ចូលជ្រៅក្នុងអំពើពុករលួយ៖ «យកល្អខ្ញុំយល់ថា កែតម្រូវទៅព្រោះអន្តរជាតិគ្រប់ប្រទេសគេកំពុងតែឃ្លាំមើល»។
ម៉ោងចុងក្រោយនៃកិច្ចពិភាក្សានេះ លោក ឈាង វុន បើកឱកាសដល់មន្ត្រីជំនាញរបស់រដ្ឋាភិបាលមកពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងការបទេស ធនាគាជាតិ ជាដើមនោះ ឆ្លើយសំណួររបស់អ្នកចូលរួមតាមជំពូកនីមួយៗរបស់សេចក្តីព្រាងនេះ។ ចំឡើយរួមក្រុមមន្ត្រីរដ្ឋាភិបាលទាំងនោះនៅតែការពារគាំទ្រឲ្យមានច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ផ្តល់បទសម្ភាសន៍មកអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំវាយតម្លៃថា កិច្ចពិគ្រោះទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ លោកបន្ថែមថា លោកនឹងស្នើសុំទៅគណៈកម្មាធិការអន្ត្រៃយ៍នៃរដ្ឋសភា នៅសុក្រ ទី១០ ដើម្បីយកសេចក្តីព្រាងនេះទៅអនុម័តក្នុងកិច្ចប្រជុំសភាពេញអង្គក្នុងអំឡុងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា។ ទោះបែបនេះក្តី លោក ឈាង វុន អះអាងថា លោកទាមទារដាច់ខាតមាត្រា៥ នៃច្បាប់នេះ៖ «ខ្ញុំទាមទារដាច់ខាតហើយមាត្រា៥ ប៉ុន្តែកែបានប៉ុណ្ណា ខ្ញុំមិនដឹងទេ»។
អគ្គទីប្រឹក្សា-កិច្ចការនយោបាយ ព័ត៌មាន និងទំនាក់ទំនង ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក អាឡាំង វ៉ាន់ដឺស្មីសសិន (Alain VANDERSMISSEN) ផ្តល់បទសម្ភាសន៍មកវិទ្យុអាស៊ីសេរី ថា លោកមិនគាំទ្រឲ្យបង្កើតច្បាប់នេះទេ។ លោកស្នើឲ្យមានការពិភាក្សាបន្ថែមទៀត៖ «សហភាពអឺរ៉ុបគិតថា ការផ្ដួចផ្ដើមឲ្យមានច្បាប់សម្រាប់សមាគមអង្គការពិតជាមិនអាក្រក់អីនោះទេ វាគឺជាគំនិតដ៏ល្អ។ យើងក៏មានច្បាប់ប្រភេទនេះដែរក្នុងប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ប៉ុន្តែច្បាប់នេះគួរតែជាច្បាប់មួយដែលផ្ដល់សិទ្ធិគ្រប់គ្រាន់ឲ្យអង្គការមិនមែនរដ្ឋាភិបាលបំពេញតួនាទីរបស់ពួកគេឲ្យអស់ពីលទ្ធភាព ហើយយើងជឿជាក់ថា នៅមានពេលវេលា ហើយនិងនៅមានសេចក្ដី ឲ្យផ្ដោតការយកចិត្តទុកដាក់ពិភាក្សាបន្ថែមទៀតមុននឹងច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភា»។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអង្គការសង្គមស៊ីវិល ទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ខណៈដែលគណបក្សសង្គ្រោះជាតិ ប្រកាសមិនគាំទ្រសេចក្តីព្រាងច្បាប់នេះ ហើយក៏មិនចូលរួមនៅក្នុងសិក្ខាសាលានេះដែរ។ បណ្តាអង្គការសង្គមស៊ីវិល បញ្ជាក់ជំហរថា ពួកគេនឹងធ្វើសកម្មភាពប្រឆាំងតវ៉ា ប្រសិនបើរដ្ឋសភានៅព្រមស្តាប់ការស្នើសុំពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
