សេចក្ដីថ្លែងការណ៍របស់អង្គការសមាគម ទាំង២ ចេញផ្សាយនៅថ្ងៃទី២ ខែមករា អោយដឹងថា លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មេដឹកនាំសហជីពមួយចំនួន និងព្រះសង្ឃជាច្រើនអង្គ ត្រូវចាប់ឃុំខ្លួននៅទីបញ្ជាការកងកម្លាំងអន្តរាគមន៍ពិសេសទ័ពឆត្រយោង ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
លើសពីនេះ អង្គការការពារសិទ្ធិមនុស្សទាំងនេះ ក៏បារម្ភពីសុវត្ថិភាពរបស់អ្នកដែលត្រូវចាប់ខ្លួននោះថា អាចប្រឈមនឹងការវាយដំធ្វើទារុណកម្មធ្ងន់ធ្ងរ នៅពេលពួកគេត្រូវបន្តឃុំខ្លួន។ ពួកគេអំពាវនាវដល់អាជ្ញាធរថា ត្រូវធានាសុវត្ថិភាពអ្នកដែលត្រូវចាប់ខ្លួន និងអនុញ្ញាតអោយអ្នកដែលត្រូវចាប់ខ្លួនបានទទួលបានការព្យាបាល និងសេវាផ្លូវច្បាប់នានា ព្រមទាំងដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ។
សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា នៅព្រឹកថ្ងៃទី២ មករា យោធាមួយចំនួនមកពីទីបញ្ជាការដ្ឋានលេខ៩១១ ត្រូវបានដាក់ពង្រាយភ្លាមៗ ដើម្បីបង្ក្រាបក្រុមបាតុកម្មដែលព្យាយាមបិទផ្លូវជាតិលេខ៤ បណ្ដាលឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សា។ យោធាមួយចំនួនត្រូវបានគេឃើញថា បានកាន់នូវបំពង់ដែក កាំបិត កាំភ្លើង AK 47 ចំពាម និងដំបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
