គណៈកម្មការ​ចំពោះ​កិច្ច​ចុះ​ស៊ើប​អង្កេត​ករណី​គំរាម​កំហែង​អ្នក​កាសែត​នៅ​រតនគិរី

0:00 / 0:00

គណៈកម្មការ​ចំពោះ​កិច្ច​នៃ​ក្រសួង​ព័ត៌មាន ចុះ​ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​ថា មាន​ការ​ប្រើ​អំពើ​ហិង្សា​គំរាម​កំហែង​លើ​អ្នក​សារព័ត៌មាន​មួយ​ក្រុម ដែល​ចុះ​យក​ព័ត៌មាន​ស្ដីពី​បទល្មើស​ព្រៃ​ឈើ​នៅ​ស្រុក​វើនសៃ ខេត្ត​រតនគិរី។ ការ​ស៊ើប​អង្កេត​នេះ មិន​មាន​លទ្ធផល​ណា​មួយ​ត្រូវ​បាន​ក្រុម​ស៊ើប​អង្កេត​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

គណៈកម្មការ​ចំពោះ​កិច្ច​មាន​សមាសភាព​មន្ត្រី​ក្រសួង​ព័ត៌មាន រួម​ទាំង​មន្ត្រី​សមាគម​អ្នក​សារព័ត៌មាន និង​វិទ្យុ​ទូរទស្សន៍​មាន​គ្នា​សរុប ១១​នាក់ បាន​បញ្ចប់​បេសកកម្ម​ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​គំរាម​កំហែង​ការ​បំពេញ​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន​នៅ​ស្រុក​វើនសៃ ខេត្ត​រតនគិរី ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នេះ។

ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង បញ្ជាក់​ថា ក្រុម​ការងារ​មិន​ទាន់​វាយ​តម្លៃ​លទ្ធផល​ជាក់លាក់​យ៉ាង​ណា​នៅ​ឡើយ ក៏ប៉ុន្តែ​ក្រុម​ការងារ​ស៊ើប​អង្កេត​បាន​ចុះ​ទៅ​ដល់​ទីតាំង​កើត​ហេតុ​ជាច្រើន​កន្លែង គ្រា​ដែល​ក្រុម​អ្នក​សារព័ត៌មាន​អះអាង​ថា បាន​រង​នូវ​ការ​គំរាម​កំហែង​ដោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ប្រើ​អំពើ​ហិង្សា​ស្ទាក់​វាយ​ក្រុម​អ្នក​កាសែត​កំពុង​បំពេញ​ការងារ​យក​ព័ត៌មាន នៅ​ស្រុក​វើនសៃ។

លោក​កត់​សម្គាល់​ថា អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​ជន​ពាក់ព័ន្ធ បាន​សហការ​ល្អ​ផ្តល់​ព័ត៌មាន​ជូន​ក្រុម​ការងារ​ដែល​ធ្វើ​ឲ្យ​ការ​ស៊ើប​អង្កេត​អាច​បំពេញ​ការងារ​បាន​ចប់​សព្វគ្រប់៖ « កន្លែង​ណា​ដែល​យើង​ចង់​ទៅ គាត់​តែង​បង្ហាញ​ឲ្យ​យើង​ទៅ គេ​បង្ហាញ​កន្លែង​រថយន្ត​ប៉ះ​គ្នា​នៅ​បាត​អូរ។ គេ​បង្ហាញ​កំណាត់​ផ្លូវ​មួយ​ដែល​គេ​ថា​មាន​ការ​ពួន​ស្ទាក់​វាយ​ឡាន »

កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ អ្នក​កាសែត​ក្នុង​ស្រុក ៦​នាក់ និង​មន្ត្រី​អង្គការ​បរិស្ថាន​ម្នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វើនសៃ ខណៈ​ដែល​ក្រុម​អ្នក​កាសែត​បាន​ជួប​ប្រទះ​ពីរ​ករណី​ក្នុង​ថ្ងៃ​តែ​មួយ ពោល​គឺ​រថយន្ត​អ្នក​កាសែត​បី​គ្រឿង​ត្រូវ​បាន​មនុស្ស​ពីរ​ក្រុម មួយ​ក្រុម​ព្យាយាម​បើក​គោយន្ត​បុក​រថយន្ត​អ្នក​កាសែត​មួយ​គ្រឿង បន្ទាប់​មក​មនុស្ស​មួយ​ក្រុម​ទៀត បាន​យក​ឈើ​បង្កប់​ដែកគោល​ដាក់​លើ​ផ្លូវ ដើម្បី​បញ្ឈប់​រថយន្ត ហើយ​មនុស្ស​ប្រមាណ ១០​នាក់​ប្រដាប់​ដោយ​ដំបង​ឈើ ដំបង​ដែក និង​ញញួរ ព្រួត​គ្នា​វាយ​បំបែក​កញ្ចក់​រថយន្ត​អ្នក​កាសែត​ពីរ​គ្រឿង កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ប៉ុន្តែ​ក្រុម​អ្នក​កាសែត​ជិះ​ក្នុង​រថយន្ត ព្យាយាម​រត់​គេច​ពី​ការ​វាយ​ប្រហារ​នេះ។

អធិការ​ប៉ូលិស​ស្រុក​វើនសៃ លោក ទឺ នូថង បញ្ជាក់​ដែរ​ថា សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​បង្ហាញ​ទីតាំង​កើត​ហេតុ និង​ជន​ពាក់ព័ន្ធ​ជូន​ក្រុម​ការងារ​សាកសួរ​រឿង​ហេតុ​ដែល​កើត​ឡើង​អស់​ហើយ។ លោក​ថា រហូត​ពេល​នេះ អធិការដ្ឋាន​ប៉ូលិស​បាន​រក​ឃើញ​ករណី​ទី​មួយ​ទាក់ទិន​គ្រោះថ្នាក់​ចរាចរណ៍។ ករណី​នេះ ប៉ូលិស​បាន​បញ្ជូន​របាយការណ៍​ទៅ​ស្នងការដ្ឋាន​ប៉ូលិស​រួច​ហើយ ដោយឡែក​ទាក់ទិន​ការ​វាយ​បំផ្លិចបំផ្លាញ​រថយន្ត​អ្នក​កាសែត ប៉ូលិស​កំពុង​បន្ត​ស៊ើប​អង្កេត​រក​មុខ​សញ្ញា​ពាក់ព័ន្ធ​មក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់៖ « គ្រោះថ្នាក់​ចរាចរណ៍​មាន​ម្ចាស់ យើង​ហៅ​មក យើង​មាន​កន្លែង​ត្រួត​ពិនិត្យ​រឿង​ហេតុ​នេះ តើ​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង​វា​កើត​ដោយ​របៀប​ណា ? វា​នៅ​រឿង​បំផ្លិចបំផ្លាញ​រថយន្ត​របស់​គាត់ ឋិត​នៅ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច »

ប្រធាន​ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា លោក សុខ សុវណ្ណ ដែល​ជា​ដើម​បណ្ដឹង​ក្នុង​ករណី​នេះ បាន​ស្វាគមន៍​ក្រុម​ការងារ​ស៊ើប​អង្កេត​របស់​ថ្នាក់​ក្រសួង និង​រំពឹង​ថា យុត្តិធម៌​នឹង​ត្រូវ​រក​ឃើញ​ពាក់ព័ន្ធ​ការ​វាយ​ប្រហារ​មក​លើ​ក្រុម​អ្នក​កាសែត​នេះ។ លោក​នៅ​តែ​រក្សា​ជំហរ​ចោទ​ថា ការ​ប្រើ​អំពើ​ហិង្សា​នេះ​ជា​រឿង​ប៉ុនប៉ង​ធ្វើ​ឃាត​ក្រុម​អ្នក​កាសែត​ដោយ​ក្រុម​ឈ្មួញ​រក​ឃើញ​ឈើ​នៅ​តំបន់​នោះ៖ « យើង​កំពុង​រង់ចាំ​ថា តើ​ចំណាត់ការ​យ៉ាង​ម៉េច ? យុត្តិធម៌​អាច​រក​ឃើញ​អត់ ? ការ​ទាមទារ​នៅ​ដដែល មិន​មែន​គ្រោះថ្នាក់​របៀប​ហ្នឹង។ យើង​ប្រហែស​តែ​បន្តិច គ្នា​យើង​មាន​ស្លាប់​ខ្លះ »

អ្នក​កាសែត និង​មន្ត្រី​បរិស្ថាន រង​ការ​គំរាម​កំហែង រួម​មាន អង្គភាព​ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា កាសែត​ជួយ​ខ្មែរ កាសែត​ភ្នំពេញ​ប្រែស កាសែត​ថ្ងៃ​នេះ មជ្ឈមណ្ឌល​ព័ត៌មាន​ថ្ងៃ​នេះ សមាគម​ខ្មែរ អ្នក​សារព័ត៌មាន​ប្រជាធិបតេយ្យ និង​អង្គការ​ឃ្លាំ​មើល​ថែរក្សា​ធនធាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។