មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ព្រមាន​មន្ត្រី​អាដហុក​ក្នុង​ការ​ប្រើ​ពាក្យ​ម៉ុងតាញ៉ា

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ទី​៤ កុម្ភៈ បាន​ព្រមាន​ធ្ងន់ៗ​ទៅ​កាន់​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក កុំ​ឲ្យ​ប្រើប្រាស់​ពាក្យ​ម៉ុងតាញ៉ា ក្នុង​ការ​ហៅ​ក្រុម​ជនជាតិ​ភាគ​តិច​ចារ៉ាយ-វៀតណាម ដែល​តែង​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នោះ​អះអាង​ថា ខ្លួន​បាន​បំពេញ​ការងារ​តាម​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​ព្រមាន លោក ឆាយ ធី ដែល​ជា​អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ថា​មិន​ត្រូវ​ប្រើ​ពាក្យ​ម៉ុងតាញ៉ា ក្នុង​ការ​ហៅ​ឈ្មោះ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ-វៀតណាម នោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ​នោះ វិធានការ​ច្បាប់​នឹង​យក​មក​អនុវត្ត។ លោក ខៀវ សុភ័គ ចោទ​ប្រកាន់ លោក ឆាយ ធី ថា​កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត៖ «គ្រាន់​តែ​ជម្រាប​ជូន​គាត់​ថា ឲ្យ​គាត់​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង។ យើង​ក៏​មិន​ចង់​យក​វិធានការ​ច្បាប់​មក​អនុវត្ត​ដែរ វា​ដូចជា​ព្រមាន​អ៊ីចឹង។ គឺ​ថា កុំ​ងងើល​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បើ​មិន​ដូច្នោះ​ទេ គឺ​គេ​មាន​វិធានការ​ហើយ។ តែ​នេះ​ជា​ការ​ព្រមាន​មួយ បើ​មាន​ករណី​ចាំបាច់​មក​ទៀត អា​ហ្នឹង​គឺ​ត្រូវ​ហើយ»

លោក​បន្ត​ថា ការ​ប្រើ​ពាក្យ​ម៉ុងតាញ៉ា បាន លុះត្រា​តែ​អ្នក​ទាំង​នោះ​រង​ការ​គាប​សង្កត់​ដោយ​នយោបាយ​ពី​រដ្ឋាភិបាល​វៀតណាម។ ហើយ​អ្នក​ដែល​គ្រាន់​តែ​ចូល​មក​ធ្វើ​ចម្ការ​លួច​លាក់ មិន​ត្រូវ​ចាត់​ទុក​ថា​ជា​ម៉ុងតាញ៉ា នោះ​ឡើយ។ លោក​ថា ពួក​គេ​គ្រាន់​តែ​ក្រុម​ចារ៉ាយ-វៀតណាម ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ឆាយ ធី មាន​ប្រសាសន៍​ថា ពាក្យ​ចារ៉ាយ-វៀតណាម និង​ពាក្យ​ម៉ុងតាញ៉ា គឺ​ដូច​គ្នា។ លោក​បន្ត​ថា ពាក្យ​ម៉ុងតាញ៉ា ជា​ពាក្យ​ដែល​បារាំង បាន​ដាក់​ឈ្មោះ​ឲ្យ​ពួក​គេ​ប៉ុណ្ណោះ ដោយសារ​ពលរដ្ឋ​ម៉ុងតាញ៉ា ជា​ក្រុម​មនុស្ស​ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​នៃ​ប្រទេស​វៀតណាម។ លោក​បន្ត​ថា ការ​ភៀស​ខ្លួន​របស់​ចារ៉ាយ-វៀតណាម ឬ​ក្រុម​ម៉ុងតាញ៉ា នោះ ភាគ​ច្រើន​គឺ​ដើម្បី​បុព្វហេតុ​សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​កម្ពុជា ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​អនុសញ្ញា​ស្ដីពី​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៥១។

ទាក់ទិន​នឹង​ការ​ព្រមាន​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ នេះ​ដែរ លោក ឆាយ ធី អះអាង​ថា លោក​នៅ​តែ​បន្ត​ធ្វើ​ការងារ​របស់​លោក​ស្រប​តាម​ច្បាប់​ដដែល បើ​ទោះ​បី​មាន​ការ​គំរាម ឬ​ព្រមាន​របស់​សមត្ថកិច្ច​រដ្ឋាភិបាល​ក៏ដោយ៖ «យើង​នៅ​តែ​បន្ត​បំពេញ​តួនាទី​ដដែល ទោះ​ជា​យើង​រង​នូវ​ការ​គំរាម​កំហែង​ក៏ដោយ ព្រោះ​ជា​តួនាទី​របស់​ខ្ញុំ គឺ​ខ្ញុំ​មិន​ចាក​ចេញ​ទៅ​ណា​ទេ។ ជាទូទៅ ពាក្យ​ហ្នឹង​មិន​មែន​ខ្ញុំ​ជា​អ្នក​ប្រើ​ទេ គឺ​អ្នក​កាសែត​តែង​តែ​សរសេរ​អ៊ីចឹង។ ហើយ​ខ្ញុំ​មិន​បាន​ដាក់​ឈ្មោះ​ទេ។ តាម​ពិត​ទៅ​អត្តសញ្ញាណ​ពួក​គាត់​ហ្នឹង គឺ​ជា​ចារ៉ាយ-វៀតណាម ហើយ ប៉ុន្តែ​ដោយសារ​មាន​សារព័ត៌មាន​សរសេរ​ម៉ុងតាញ៉ា ហ្នឹង​ទៅ ហើយ​មាន​អ្នក​ខ្លះ​គេ​ថា​ជា​ភាសា​បរទេស​ទេ សំដៅ​ទៅ​លើ​តំបន់​ភ្នំ។ ម៉ុងតាញ៉ាៗ គឺ​សំដៅ​ទៅ​លើ​ក្រុម​កុលសម្ព័ន្ធ​តំបន់​ភ្នំ»

កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ ក្រុម​ម៉ុងតាញ៉ា ប្រហែល ៣២​នាក់​បាន​ភៀស​ខ្លួន​មក​កាន់​កម្ពុជា ជា​បន្តបន្ទាប់ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​កម្ពុជា ចាប់​ខ្លួន​បាន ៥​នាក់ ហើយ​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម វិញ។ រហូត​មក​ទល់​ពេល​នេះ​មាន​ក្រុម​ម៉ុងតាញ៉ា ទាំង​នោះ​នៅ​សល់​តែ ២៧​នាក់​ប៉ុណ្ណោះ ដែល​បន្ត​លាក់​ខ្លួន​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគិរី។

ក្រុម​កុលសម្ព័ន្ធ​ម៉ុងតាញ៉ា ត្រូវ​បាន​បារាំង ដាក់​ឲ្យ​រស់នៅ​ជា​ស្វយ័ត​ក្នុង​ភូមិ​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម។ នៅ​ឆ្នាំ​១៩៥៥ ទឹក​ដី​ស្វយ័ត​នេះ​ត្រូវ​បាន​បារាំង លុប​ចោល​ទាំង​ស្រុង ហើយ​កាត់​ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង ដែល​ដឹក​នាំ​ដោយ​លោក​ប្រធានាធិបតី ងូវ ដីញយៀម (Ngo Dinh Diem)។ មួយ​ឆ្នាំ​ក្រោយ​មក រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង បាន​ប្ដូរ​មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​ម៉ុងតាញ៉ា ដាក់​ជំនួស​ដោយ​ជនជាតិ​វៀតណាម ធ្វើ​ជា​មេ​ដឹក​នាំ​វិញ។ វៀតណាម មិន​ត្រឹម​តែ​គ្រប់គ្រង​កងទ័ព​ទាំង​មូល​របស់​កុលសម្ព័ន្ធ​ម៉ុងតាញ៉ា ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ប្ដូរ​ឈ្មោះ​របស់​ជនជាតិ​ដើម​ភាគ​តិច​មួយ​នេះ ឲ្យ​ទៅ​ជា​ឈ្មោះ​វៀតណាម ទាំងអស់។

ក្រោយ​មក​ទៀត រដ្ឋាភិបាល​របស់ លោក ងូវ ដីញយៀម (Ngo Dinh Diem) នៃ​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង បាន​បញ្ចូល​ជន​ភៀស​ខ្លួន​វៀតណាម​ខាង​ជើង ១​លាន​នាក់ ឲ្យ​ទៅ​រស់នៅ​ក្នុង​ទឹក​ដី​ភូមិ​ភាគ​កណ្ដាល​នៃ​ក្រុម​កុលសម្ព័ន្ធ​ម៉ុងតាញ៉ា ថែម​ទៀត។ ពេល​នោះ សាសនា ប្រពៃណី ទំនៀមទម្លាប់ និង​វប្បធម៌​របស់​ពួក​គេ ត្រូវ​បាន​បំផ្លាញ និង​សាបរលាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។